ភ្នំពេញ ៖ ក្នុងពីធីសម្ពោធជាផ្លូវការនូវយុទ្ធនាការធុរកិច្ចបរិយាបន្ន ព្រមទាំងជំនួបសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកចូលរួមប្រមាណ ៣០០នាក់ បានស្វែងយល់កាន់តែច្បាស់អំពីអាជីវកម្ម បរិយាបន្ន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជាជំនួយដល់អាជីវកម្ម។
បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្ម ដែលឈរលើគោលការណ៍ធុរកិច្ច បង្កើតដំណោះ ស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមាន ទ្រង់ ទ្រាយ ធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ របស់ប្រជាជនក្រីក្រ និងប្រជាជនដែលប្រភពមាន ចំណូលទាប (BoP និង B40)។
អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់ គួរសម និងបង្កើននូវស្តង់ដារ ជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្ស ដែលងាយរងគ្រោះ។
លោក លី ហាវ អគ្គនាយកសាលាអន្តរជាតិ អាដេលី អន្តរជាតិ ដែលជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីខាងលើបានរៀបរាប់ថា លោកទទួលបានការយល់ដឹងច្រើនទាក់ទងនឹងធុរកិច្ចបរិយាបន្ន។
លោកបានបន្តរៀបរាប់ថា៖ «អ្វីដែលខ្ញុំបានរៀនសូត្រពីព្រឹត្តិការណ៍នេះគឺ ចំណុចទី១ ការធ្វើអាជីវកម្មបែប បរិយាបន្ន ត្រូវគិតរឿងប្រាក់ ចំណេញ អាចទៅដល់ ៤១% ដើម្បីស្ថាប័នមាននិរន្តរភាព ទី២ អាជីវកម្ម យើង ត្រូវគិតដល់ប្រយោជន៍សង្គម រហូតដល់ ៤៦% និងទី៣គឺ នវានុវត្តន៍ ដែលមានន័យថា អាជីវកម្មត្រូវ ការ ការច្នៃប្រតិដ្ឋ អភិវឌ្ឍន៍ វាឱ្យកាន់តែប្រសើរ ដើម្បីឱ្យការប្រកួត ប្រជែងយើងធ្លាក់ចុះ។ ដូច្នេះចំណុចទាំង៣នេះ ក្នុងនាមជាម្ចាស់អាជិវកម្ម គឺយើងត្រូវតែផ្ដោត យើងធ្វើអាជីវកម្មត្រូវចែកគ្នារស់ ហើយដើម្បីដើរឱ្យបានវែងឆ្ងាយគឺយើងត្រូវមានគំនិតច្នៃប្រតិដ្ឋ។ បន្ថែមពីធុរកិច្ចបរិយាបន្ននេះ ប្រព័ន្ធឌីជីថលក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយអាជីវកម្មឱ្យកាន់តែរីកចម្រើនផងដែរ»។
ទាក់ទិននឹងចំណុចនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមាន ប្រសាសន៍ថា ឌីជីថលពិតមានសារៈសំខាន់ណាស់ដែលអាចជួយដល់គ្រប់វិស័យ ហើយវាកាន់តែសំខាន់មួយកម្រិតទៀតសម្រាប់ម្ចាស់អាជីវកម្មក្នុងការសម្របខ្លួនទៅនឹងការវិវត្តរបស់សង្គម។
ជាទស្សនៈរបស់ឯកឧត្តមផ្ទាល់ គឺមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកិច្ចការនេះដើរទន្ទឹមទៅនឹងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២២-២០៣៥។
គួររំលឹកផងដែរថា ចក្ខុវិស័យនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ គឺសំដៅលើការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើ សេវាសាធារណៈឱ្យកាន់តែប្រសើរ ហើយដើម្បីសម្រេចបានចក្ខុវិស័យនេះ ឯកសារគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ បានដាក់ចេញនូវយុទ្ទសាស្ត្រចំនួន ១០រួមមាន ៖
ទី១គឺ ការរៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល, ទី២ ការរៀបចំ និងកែលម្អហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ, ទី៣ ការរៀបចំ និងពង្រឹងហេដ្ឋារចនា សម្ព័ន្ធសន្តិសុខឌីជីថល , ទី៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍ , ទី៥ ការរៀបចំអភិបាល កិច្ចរដ្ឋា ភិបាលឌីជីថល។
ទី៦ ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈ , ទី៧ ការកសាងមួលធនមនុស្សឌីជីថល , ទី៨ ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល , ទី៩ ការរៀបចំកិច្ចសហការជាមួយ ក្រុមហ៊ុន បច្ចេកវិទ្យា ឌីជីថល និងចុងក្រោយ ទី១០ គឺការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content