ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចកម្ពុជា បានកែសម្រួលការព្យាករកំណើនសម្រាប់ឆ្នាំ២០២៥នេះឡើងវិញ ដោយប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ នឹងឈានដល់ ៥,២ ភាគរយ ប៉ុន្តែក្រសួងបានព្រមានថា កម្ពុជាអាចប្រឈមនឹងការថមថយមកវិញនៅឆ្នាំ២០២៦ ដោយសារសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក និងដោយសារវិបត្តិព្រំដែនជាមួយប្រទេសថៃ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ក្នុងសិក្ខាសាលាស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ខណៈដែលវិស័យមួយចំនួនមានសន្ទុះរីកចម្រើនក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។

សូមរំលឹកថា កាលពីពេលថ្មីៗចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា កំណើនឆ្នាំនេះអាចនឹងធ្លាក់មកត្រឹម ៥ភាគរយ ដោយសារសម្ពាធវិបត្តិសកល។ ទោះជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយអាចនឹងថមថយបន្តិច ពោលគឺស្ថិតក្នុងរង្វង់ ៥ភាគរយ មូលហេតុ ដោយសារកម្ពុជាអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយបដិការ និងការបន្តបិទខ្ទប់ព្រំដែនគោករវាងកម្ពុជា-ថៃ។
បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្ពុជា នៅតែរក្សាបានចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលគាំទ្រដោយវិស័យសេវាកម្ម ការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និង ចរន្តងាកមកគាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក៕ ដោយ ៖ ទួន សុផល (អប្សរា យប់នេះ)





វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content