ភ្នំពេញ ៖ គិតមកដល់ពេលនេះ កម្ពុជាបានប្រមូលសំណាកកេសរកូលចំនួន ២១០ប្រភេទ ដែលស្មើនឹងប្រមាណ ៥ ០០០សំណាក ហើយបានបញ្ជូនសំណាកចំនួន ២៣ប្រភេទទៅសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងចុះបញ្ជីប្រភេទកេសរកូលជាលក្ខណៈអន្តរជាតិ។ បន្ថែមពីនេះ សំណាកកេសរកូលថ្មីប្រមាណ ៥០ទៀតត្រូវបានរៀបចំរួចរាល់។ នេះបើតាមរបាយការណ៍ស្ដីពីវឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន។

បើតាមការប៉ានស្មានរបស់អ្នកស្រាវជ្រាវ កម្ពុជាអាចមានរុក្ខជាតិកេសរកូលចន្លោះពី ៥០០ ទៅ ១ ០០០ ប្រភេទឯណោះ។ ចំនួននេះគឺនៅសេសសល់ច្រើនក្នុងធម្មជាតិ ដែលក្រសួងបរិស្ថាន ក៏ដូចជាអ្នកជំនាញបាន និងកំពុងពង្រឹងការអភិរក្សបន្ថែមទៀត។ ពង្រឹងការអភិរក្ស ដោយហេតុថាពូជកេសរកូលព្រៃបច្ចុប្បន្ននេះ កំពុងតែរងការគំរាមគំហែងពីសំណាក់ឈ្មួញ។ យ៉ាងណាមិញ ក្រៅតែពីការអភិរក្សដោយអ្នកជំនាញនេះទៅ ក្រសួងបរិស្ថានក៏បានចេញជាសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបញ្រ្ចាបការយល់ដឹងរបស់ប្រជាជនលើការចូលរួមការពារ និងអភិរក្សពូជកេសរកូលផងដែរ។

កន្លងមក ក្រសួងបានរៀបចំវេទិកាកេសរកូលជាតិលើកទី១ កាលពីឆ្នាំ២០២០ និងវេទិកាកេសរកូលជាតិលើកទី២ នៅឆ្នាំ២០២២ ដែលកាលណោះមានអ្នកចូលរួមជាង ២ ៥០០នាក់។ ក្រៅពីនោះ ក៏មានការបង្កើតបណ្ដាញអ្នកស្រឡាញ់កេសរកូល និងជីវៈចម្រុះកម្ពុជាដែលមានអ្នក ចូលរួមជិត ៦០០នាក់។

ក្រសួងបរិស្ថានក៏បានរៀបចំ និងបោះពុម្ពសៀវភៅមគ្គទេសក៍ស្ដីពីកេសរកូលព្រៃនៅកម្ពុជា សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេស និងសៀវភៅមគ្គទេសក៍ស្ដីពីបន្លែ។ល។ ហើយរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានទទួលការចូលរួមទស្សនា និងស្វែងយល់ពីអង្គទូត អ្នកជំនាញ សិក្ខាកាមសាលាភូមិន្ទរដ្ឋបាលចំនួន ៨០លើក ដែលមានអ្នកចូលរួមសរុបប្រមាណ ៣ ០០០នាក់។

ជាថ្មីម្ដងទៀត នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះដែរ ក៏នឹងមានការរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ផងដែរ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអនភ្នំពេញ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content