បរទេស៖ ចិនបានសម្រេចចិត្តដំឡើងពន្ធលើផលិតផលទឹកដោះគោដែលនាំចូលពីបណ្តាប្រទេសសហភាពអឺរ៉ុបបន្ទាប់ពីមានការស៊ើបអង្កេតលើករណីឧបត្ថម្ភធនរបស់រដ្ឋលើផលិតផលទាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNBC។
កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មចិន បានរកឃើញថា ភ័ស្តុតាងដំបូងដែលទទួលបានពីការស៊ើបអង្កេតលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប គឺទំនិញទាំងនោះទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនពីរដ្ឋរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មក្នុងស្រុករបស់ចិន។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានប្រកាសថា ជាវិធានការតបតវិញ អត្រាពន្ធគយនឹងត្រូវដំឡើងពី ២១,៩% ទៅ ៤២,៧% លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប និងបានចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងឡាយណាដែលយល់ព្រមសហការនៅក្នុងការស៊ើបអង្កេតនឹងជាប់ពន្ធត្រឹមអត្រា ២៨,៦% ប៉ុន្តែក្រុមហ៊ុនដែលមិនសហការប្រឈមនឹងជាប់អត្រាពន្ធខ្ពស់បំផុត ៤២,៧%។ លើសពីនេះ ផលិតផលទឹកដោះគោដែលនឹងរងផលប៉ះពាល់រួមមាន ឈីសស្រស់ ឈីសកែច្នៃ ឈីសខៀវ ទឹកដោះគោ និងគ្រីមជាដើម។

គួរឲ្យបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មចិនចាប់ផ្តើមស៊ើបអង្កេតលើការឧបត្ថម្ភធនលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបចាប់តាំងពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានការស្នើសុំដោយសមាគមទឹកដោះគោចិនក្នុងនាមជាអ្នកផលិតក្នុងស្រុក។ ការស៊ើបអង្កេតបានចាប់ផ្តើមពិនិត្យមើលផលិតផលទឹកដោះគោមួយចំនួន ដូចជា ឈីស និងគ្រីម ដែលនាំចូលពីបណ្តាប្រទេសនៃសហភាពអឺរ៉ុបមានកាលបរិច្ឆេទចន្លោះថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ការដាក់ពន្ធគយថ្មីនេះបង្ហាញពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងតំបន់ដែលបានផ្ទុះឡើងបន្ទាប់ពីទីក្រុងប្រ៊ូសែលបានដំឡើងពន្ធលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនរហូតដល់ ៤៥% កាលពីខែតុលាឆ្នាំមុន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានជំទាស់នឹងការដំឡើងពន្ធរបស់ចិនលើការនាំចូលផលិតផលមានម៉ាកយីហោពីតំបន់មួយនេះក្រោមហេតុផលថាមិនស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំង បានកាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ឬ anti-dumping ចន្លោះពី ៤,៩% ដល់ទៅ ១៩,៨% លើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content