ស្វែងយល់ពីប្រទេសផលិតស្បៀងអាហារកំពូលទាំង ៤ របស់ពិភពលោក

បរទេស៖ យោងតាមប្រភពពី Investopedia បានលើកឡើងថា ផលិតកម្មកសិកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសធំៗសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ដោយសារពួកគេត្រូវផ្គត់ផ្គង់ចំនួនប្រជាជនច្រើននៅក្នុងស្រុក។

ប្រទេសផលិតស្បៀងអាហារធំៗទាំងនោះភាគច្រើនមានលក្ខណៈដូចគ្នា រួមមាន ចំនួនប្រជាជនដ៏ច្រើន ផ្ទៃដីធំទូលាយ និងតំបន់អាកាសធាតុដែលសមរម្យសម្រាប់ការដាំដុះដំណាំជាច្រើនប្រភេទបើទោះបីជាវាមានភាពខុសគ្នា ប៉ុន្តែវានៅតែដើរតួសំខាន់នៅក្នុងនាទីជាផលិតកម្មអាហារ ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសជាតិទាំងមូល។ ​ជាក់ស្ដែង បច្ចុប្បន្ននេះ មានប្រទេសចំនួន ៤ ដែលកំពុងក្លាយជាកំពូលប្រទេសដែល​ផលិត​ស្បៀងអាហារ​ឈានមុខ​គេរបស់ពិភពលោក។

១. ចិន៖ យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចិន គឺជាប្រទេសផលិតកសិកម្មឈានមុខគេរបស់ពិភពលោក ជាមួយនឹងទិន្នផលប្រចាំឆ្នាំ២០២០ មានតម្លៃ ១,៥៦ ទ្រីលានដុល្លារ។ កត្តាសំខាន់មួយដែលជំរុញឱ្យចិនបង្កើនលទ្ធភាពក្នុងការផលិតនោះគឺមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោករហូតដល់ ១,៤៥ ពាន់លាននាក់គិតត្រឹមឆ្នាំ២០២២ ដែលនាំមុខឥណ្ឌាមានចំនួនប្រជាជន ១,៤១ ពាន់លាននាក់។

លើសពីនេះ ចិនមានផ្ទៃដីបង្កបង្កើនផលត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃពិភពលោក ប៉ុន្តែប្រទេសនេះផលិតគ្រាប់ធញ្ញជាតិបាន ១ ភាគ ៤ នៃទិន្នផលគ្រាប់ធញ្ញជាតិសរុបរបស់ពិភពលោក ព្រមទាំងនាំមុខគេលើពិភពលោកក្នុងការផលិតធញ្ញជាតិ កប្បាស ផ្លែឈើ បន្លែ សាច់ ស៊ុត ផលិតផលធ្វើពីសាច់បក្សី និងផលិតផលត្រីកែច្នៃផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាភូមិសាស្រ្តប្រទេសភាគច្រើនមានលក្ខណៈជាភ្នំ ឬស្ងួតពេកសម្រាប់ការធ្វើកសិកម្ម ប៉ុន្តែដីនៅតំបន់ភាគខាងកើត និងភាគខាងត្បូងមានលក្ខណៈអំណោយផលខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏មានកម្លាំងពលកម្មកសិកម្មដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ យ៉ាងណាមិញ កម្មករក្នុងផលិតកម្មស្បៀងអាហារបានថយចុះជាលំដាប់ពី ៦០ ភាគរយក្នុងឆ្នាំ១៩៩១ មកត្រឹម ២៥​ ភាគរយគិតត្រឹមឆ្នាំ២០១៩។

គួរកត់សម្គាល់ថា ទោះបីជាចិនមានការកើនឡើងនៃទិន្នផលកសិកម្មក៏ដោយ ប៉ុន្តែគេបានរាយការណ៍ថា ចិននៅតែពឹងផ្អែកលើការនាំចូលស្បៀងអាហារច្រើនជាង ២៣​ ភាគរយ ខណៈដែលដីស្រែចំការសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម និងទីក្រុងត្រូវបានរងការខូចខាត។ នៅឆ្នាំ២០១៩ ចិន បានវ៉ាដាច់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយក្លាយជាអ្នកនាំចូលផលិតផលកសិកម្មឈានមុខគេរបស់ពិភពលោកជាមួយនឹងតម្លៃ ១៣៣,១ ពាន់លានដុល្លារ។ កំណើននៃការនាំចូលត្រូវបានជំរុញដោយដំណាំដែលពឹងផ្អែកលើដី ដូចជា សណ្តែកសៀង ស្រូវសាឡី និងកប្បាស ព្រមទាំងសាច់ ទឹកដោះគោ ផ្លែឈើ និងបន្លែផងដេរ ដោយសារតម្រូវការអ្នកប្រើប្រាស់កើនឡើង។

២. ឥណ្ឌា៖ ឥណ្ឌា គឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ២ របស់ពិភពលោក ជាមួយនឹងទិន្នផលកសិកម្មខ្ពស់ជាងគេទី ២ ក្នុងទំហំប្រមាណ ៤០៣,៥ ពាន់លានដុល្លារនៅឆ្នាំ២០២០។ លើសពីនេះ ផលិតកម្មស្បៀងអាហារមានចំណែក ៣៨២,២ ពាន់លានដុល្លារនៃទិន្នផលកសិកម្មសរុបរបស់ប្រទេស។ ឥណ្ឌា​គឺជាអ្នកផលិតទឹកដោះគោ ក្រចៅ និងដំណាំប្រភេទសណ្តែកធំជាងគេបំផុតរបស់ពិភពលោក ។ លើសពីនេះ ឥណ្ឌាក៏ជាប្រទេសផលិតអង្ករ ស្រូវសាលី អំពៅ ផ្លែឈើ បន្លែ កប្បាស និងគ្រាប់ធញ្ញជាតិធំជាងគេទី ២ លើពិភពលោកផងដែរ។

ទោះបីជាសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងក្នុងការផលិតគ្រាប់ធញ្ញជាតិក៏ដោយ ក៏ឥណ្ឌានៅតែពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដោយសារតែប្រជាជនឥណ្ឌាស្ថិតនៅក្នុងបញ្ជីប្រទេសក្រីក្របំផុតនៅឡើយ។ ការប្រើប្រាស់ធនធានរបស់ឥណ្ឌានៅមានកម្រិតជាមួយនឹងបញ្ហាទឹកដែលធ្វើឲ្យទិន្នផលពឹងផ្អែកលើខ្យល់មូសុងតាមរដូវ និងទិន្នផលដំណាំទាបជាងមធ្យមភាគសកល។ បន្ថែមពីនេះ កង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចែកចាយផលិតផលបានបណ្តាលឱ្យមានការខាតបង់ក្រោយការប្រមូលផលរហូតដល់ ៤០ ភាគរយសម្រាប់ដំណាំមួយចំនួន។ ទោះបីជាមានឧបសគ្គបែបនេះក៏ដោយ ឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតរបស់ពិភពលោក។ ការនាំចេញអង្ករ កប្បាស សណ្តែកសៀង និងសាច់ បានជួយឥណ្ឌាឡើងដល់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមអ្នកនាំចេញកសិផលពិភពលោកក្នុងឆ្នាំ២០១៩ ។

៣. សហរដ្ឋអាម៉េរិក៖ នៅឆ្នាំ២០២០ ការផលិតស្បៀងអាហាររបស់អាម៉េរិកមានតម្លៃ ៣០៦,៤ ពាន់លានដុល្លារនៃទិន្នផលកសិកម្មសរុបប្រមាណ ៣០៧,៤ ពាន់លានដុល្លារ ទោះបីជាប្រើកម្លាំងពលកម្មកសិកម្មតូចជាងចិន ឬ ឥណ្ឌាក៏ដោយ។ ពោត សណ្ដែក ទឹកដោះគោ ស្រូវសាលី និងអំពៅ គឺជាទំនិញកសិកម្មកំពូលទាំង ៥ របស់សហរដ្ឋអាមេរិក។ ​ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប៉ុន្តែទិន្នផល​ដំណាំ​ធញ្ញជាតិ និង​ទិន្នផល​បាន​បន្ត​កើន​ឡើង។ នៅឆ្នាំ២០២០ សហរដ្ឋអាម៉េរិកគឺជាប្រទេសនាំចេញកសិផលពិភពលោកឈានមុខគេជាមួយនឹងការនាំចេញមានតម្លៃ ១៤៧,៩ ពាន់លានដុល្លារ និងបានកើនឡើងដល់ ១៧៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២១។ លើសពីនេះ តម្លៃនៃការនាំចេញរបស់អាម៉េរិកទៅកាន់ចិនមានតម្លៃ ៣៣ ពាន់លានដុល្លារ ខណៈដែលកាណាដា ម៉ិកស៊ិក និងជប៉ុនក៏ស្ថិតក្នុងចំណោមអ្នកនាំចូលផលិតផលកសិកម្មឈានមុខគេរបស់សហរដ្ឋអាម៉េរិកផងដែរ។

៤. ប្រេស៊ីល៖ នៅឆ្នាំ២០២០ ប្រេស៊ីលគឺជាប្រទេសផលិតកសិកម្មលំដាប់ទី ៤ របស់ពិភពលោកជាមួយនឹងទិន្នផលដែលមានតម្លៃ ១៣៥,៨ ពាន់លានដុល្លារ ហើយផលិតផលស្បៀងអាហារមានចំណែក ១២៥,៣ ពាន់លានដុល្លារ។ លើសពីនេះ តម្លៃនៃការនាំចេញកសិផលរបស់ប្រេស៊ីលមានតម្លៃ ៨៥,២ ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងហូឡង់។ សេដ្ឋកិច្ចប្រេស៊ីលបានផ្តោតសំខាន់ខ្លាំងលើវិស័យកសិកម្ម ជាពិសេសដំណាំអំពៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រេស៊ីល គឺជាប្រទេសនាំចេញសណ្តែកសៀង ស្ករឆៅ និងផលិតផលធ្វើពីសាច់បក្សីលំដាប់ពិភពលោក។ នៅឆ្នាំ២០២០ ប្រេស៊ីលបាននាំចេញសណ្តែកសៀងធំជាងគេរបស់ពិភពលោកជាមួយនឹងតម្លៃ ២៨,៦ ពាន់លានដុល្លារ។ នៅឆ្នាំដដែលនោះ ចិនបានចំណាយជិត ៣០ ពាន់លានដុល្លារលើការនាំចូលកសិផលពីប្រេស៊ីល។ យ៉ាងណាមិញ សមាមាត្រនៃកម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ដោយធ្លាក់ចុះពី ២០ ភាគរយក្នុងឆ្នាំ១៩៩១ មកត្រឹម ៩ ភាគរយនៅឆ្នាំ២០១៩៕