ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង មកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣មុខរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ពិធីសារសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនសម្រាប់វិស័យកសិកម្ម មានឯកសារចំនួន៣ រួមមាន ៖ ១-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន។ ២-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡឺស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំ ដែលបានសម្អាតពីកម្ពុជាទៅចិន និង ៣-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញសំបុកត្រចៀកកាំ ផ្លែទុរេនស្រស់ និងការនាំចេញក្រពើទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម នឹងចេញសេចក្តីជូនដំណឹងដល់កសិករ ម្ចាស់ចម្ការ សហគមន៍កសិកម្ម និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ ដែលមានបំណងចូលរួមក្នុងការនាំចេញ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖
«កសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្ម ហើយក្រោយពីទទួលបានពាក្យស្នើសុំ មន្ត្រីជំនាញនឹងចុះណែនាំ វាយតម្លៃចម្ការ និងរោងចក្រ ស្របតាមលក្ខណៈបច្ចេកទេសដែលមានចែងក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះទៅកាន់អាជ្ញាធរគយចិនសម្រាប់ការត្រួតពិនិត្យចុងក្រោយ»។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តឱ្យដឹងថា ក្រសួងមានការរំពឹងថា ការនាំចេញទំនិញកសិផលទាំងនេះនឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា បង្កើនចំណូលដល់កសិករខ្មែរ និងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យកសិកម្ម។ ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីធានាថាដំណើរការនាំចេញនេះប្រព្រឹត្តទៅដោយរលូន និងស្របតាមលក្ខខណ្ឌតម្រូវនៃពិធីសារដែលបានចុះហត្ថលេខា។

សូមជម្រាបថា អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានការចុះហត្ថលេខាលើឯកសារចំនួន ៣៧ ក្នុងនោះពាក់ព័ន្ធនឹងការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យព័ត៌មាន ការងារយុវជន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យទេសចរណ៍ វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content