ភ្នំពេញ ៖ ប្រជាកសិករនៅតាមទីជនបទជាច្រើនបានសម្តែងក្តីរំភើបរីករាយក្រោយពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ជាពិសេសមានការផ្តល់ជំនួយជាទុន ជាបច្ចេកទេសដាំដុះ និងរកទីផ្សារជូនដល់ពួកគាត់ដែលបានលើកកម្ពស់ជីវភាពបានកាន់តែប្រសើរ។

លោក អុំ ផាន ជាកសិករដាំស្វាយចន្ទីនៅសហគមន៍ប្រាសាទសំបូរ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានឱ្យដឹងថា បច្ចុប្បន្ននេះ គ្រួសារលោកមានស្វាយចន្ទីចំនួន ៧ហិកតា ប៉ុន្តែទើបតែបានផលចំនួន ២ហិកតាប៉ុណ្ណោះ ដែលបានដាក់ចូលសហគមន៍កសិកម្មទំនើបក្រោយពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើតឡើងកាលពីពេលកន្លងទៅថ្មីៗនេះ។
កសិករខាងលើនេះបានអះអាងថា ក្រោយពីបានចូលជាសមាជិកសហគមន៍កសិកម្មទំនើប លោកមានអារម្មណ៍ថា ទទួលបានប្រយោជន៍ច្រើន ដោយសារក្រសួង និងសហគមន៍បានធ្វើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដូចជាការចុះបង្រៀនពីបច្ចេកដាំដំណាំស្វាយចន្ទីឱ្យទទួលបានល្អ ជាពិសេសបានផ្តល់នូវកម្ចីជាទុនសម្រាប់ទិញជីកសិកម្ម ថ្នាំកសិកម្ម និងសម្ភារៈកសិកម្មមួយចំនួនទៀតដោយមិនចាំបាច់ជំពាក់ឈ្មួញកណ្តាលដូចគ្រាមុននោះឡើយ។

លោក អុំ ផាន បានបញ្ជាក់យ៉ាងដូច្នេះថា ៖
«ឥឡូវនេះបានសហគមន៍ផ្តល់កម្ចីឱ្យសម្រាប់ទុកទិញជីដាក់ស្វាយចន្ទី និងថ្នាំកសិកម្មសម្រាប់បាញ់ជំនួយផ្កា និងផ្លែ (ឱ្យចេញផ្កាបានច្រើន និងកាន់ក្តឹប) ហើយមិនលំបាកជំពាក់គេដូចមុនទេ… កាលមុនទៅបណ្តាក់គេហើយគេលក់ថ្លៃទៀត ដល់ពេលសហគមន៍កសិកម្មបង្កើតឡើង ហើយទិញរួមគ្នា គេលក់ជីកសិកម្មតម្លៃទាបជាងទីផ្សារខាងក្រៅ»។
លោកថា ក្រៅពីផ្តល់ប្រភពទុនរួចហើយនោះ សហគមន៍បានបង្រៀនកសិករជាសមាជិកឱ្យចេះថែទាំចន្ទីធ្វើយ៉ាងណាឱ្យដើមចន្ទីមានសុខភាពល្អ កាន់ផ្កា កាន់ក្តឹប បានកាន់តែច្រើន ដូចជា ការតាក់តែងមែក កាត់មែកចាស់ៗមិនបានការចោល រួមនឹងសម្អាតស្មៅសម្អាតព្រៃតូចៗនៅក្នុងចំការជាដើម ដើម្បីការពារកុំឱ្យមានសត្វល្អិតចង្រៃមកយាយី និងកុំឱ្យស្មៅបឺតយកសាធារតុចិញ្ចឹមពីដើមស្វាយចន្ទី ដែលជាកត្តាសំខាន់កុំឱ្យការប្រើប្រាស់ជីកាន់តែច្រើននាំឱ្យខ្ជះខ្ជាយថវិកា។

លោកស្រី ឡុង ហ៊ី ដែលជាកសិកររស់នៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្តែងការសោកស្តាយ ដោយមិនបានចូលជាសមាជិកសហគមន៍កសិកម្មទំនើបនេះ ដោយសារមិនបានដឹងព័ត៌មានអំពីការចូលជាសមាជិកសហគមន៍។
លោកស្រីបញ្ជាក់ថា ៖
«កាលពីបង្កើតសហគមន៍កសិកម្មទំនើបដំបូង រូបខ្ញុំ ក៏ដូចជាគ្រួសារកសិករមួយចំនួន មិនបានដឹងពីព័ត៌មាននេះទេ ទើបតែទទួលបានព័ត៌មានតៗគ្នា គេប្រាប់ថា ក្រសួងកសិកម្មចុះមកបង្កើតសហគមន៍ជួយកសិករ ទើបបានប្រញ៉ាប់ប្រញ៉ាលមកសួរព័ត៌មានពីសហគមន៍ឱ្យបានកាន់តែច្បាស់ ហើយនៅពេលជ្រើសរើសសមាជិកសហគមន៍នៅឆ្នាំក្រោយ នឹងចូលរួមជាសមាជិកមិនខាន ដោយសារចូលជាសមាជិកមានជំនួយទាំងថវិកា ជំនួយទាំងបច្ចេកទេសដាំដុះ ជំនួយជាទុនសម្រាប់ទិញថ្នាំ ឬជីកសិកម្មជាដើម ជាពិសេស សហគមន៍មានទីផ្សារស្រាប់តែម្តង»។
ពាក់ព័ន្ធករណីនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ជាគោលការណ៍ សហគមន៍កសិកម្មទំនើប មិនថា ម្រេច ស្វាយចន្ទី បន្លែ ឬដំណាំស្រូវនោះទេ ក្រសួងបានរៀបចំ និងបែងចែកជាដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ ក្នុងនោះអត្ថប្រយោជន៍សំខាន់ដែលកសិករទទួលបាន គឺអត្ថប្រយោជន៍បច្ចេកទេស ការគាំទ្រខាងផ្នែកទុន និងការគាំទ្រខាងផ្នែកទីផ្សារ ហើយអ្វីជាអត្ថប្រយោជន៍ដែលមានភាពទាក់ទាញខ្លាំងថែមទៀតនោះគឺអត្ថប្រយោជន៍នៃការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការផលិត ឬតាមរយៈការទិញចូលរួមគ្នា ដែលទទួលបានតម្លៃមួយទាបជាងតម្លៃទីផ្សារដែលកសិករទិញរៀងៗខ្លួន។

ឯកឧត្តមបញ្ជាក់ថា ៖
«ជាគោលការណ៍ការតម្រូវឱ្យចូលជាសមាជិកសហគមន៍មិនមានល័ក្ខខ័ណ្ឌច្រើននោះទេ សំខាន់កសិករត្រូវប្រមូលគ្នាឱ្យបានជាក្រុម គឺកសិករអាចបង្កើតជាសហគមន៍កសិម្មទំនើបបានហើយ ប៉ុន្តែអ្វីដែលសហគមន៍ត្រូវសិក្សាផ្ទៀងផ្ទាត់ និងវាយតម្លៃ តើការដាំដំណាំនោះមានសក្តានុពលទីផ្សារដែរឬទេ? ជួនកាលកសិករមានគ្នាតិច ហើយដាំដំណាំមិនមានសក្តានុពលសេដ្ឋកិច្ច នោះក៏យើងមិនអាចបង្កើតកសិកម្មទំនើបបានដែរ»។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែបានបង្កើតសហគមន៍ទំនើបស្វាយចន្ទីបានចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ធំ ខណៈដែលសហគមន៍កសិកម្មទំនើបទូទៅ ដូចជា ស្រូវ ចន្ទី បន្លែ ម្រេច មានចំនួនសរុប ១២ទីតាំងនៅទូទាំងប្រទេស៕ អត្ថបទ ៖ វិន ឈុនហ៊ាត







វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content