បរទេស៖ អ្នកជំនាញទីផ្សារមាសបានអះអាងថា តម្លៃមាសនៅតែបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តរហូតដល់ឆ្នាំ២០២៦ ដោយសារការកើនឡើងនូវភាពស្រពិចស្រពិល និងមិនប្រាកដប្រជានៃទាក់ទងផ្នែកនយោបាយ ភូមិសាស្ត្រ ជាពិសេស សង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាច។ នេះបើយោងតាមប្រភពពី Kitco ។

បច្ចុប្បន្ននេះ តម្លៃមាសបានឡើងថ្លៃដល់ ៤ ៣៤០ ដុល្លារក្នុងមួយអោន ឬស្មើនឹងប្រមាណជាង ៥ ២២០ ដុល្លារក្នុងមួយតម្លឹង និង ៥២២ ដុល្លារក្នុងមួយជីនៅលើទីផ្សារកម្ពុជា។
លោក Sagar Khandelwal អ្នកយុទ្ធសាស្រ្តនៅ UBS Global Wealth Management បានព្យាករណ៍ថា តម្លៃមាសនឹងបន្តឡើងថ្លៃដល់ ៤ ៧០០ ដុល្លារក្នុងមួយអោននៅត្រីមាសទី១ នៃឆ្នាំ២០២៦ ខាងមុខនេះ។ លោក Khandelwal បានព្រមានថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនៅមានភាពស្រពិចស្រពិលនៅឡើយ ដោយសារសម្ពាធពីអត្រាអតិផរណា ខណៈដែលតម្លៃប្រាក់ដុល្លារកាន់តែចុះខ្សោយដែលធ្វើឲ្យមាសកាន់តែឡើងថ្លៃ។ នៅឆ្នាំនេះផងដែរ តម្លៃមាសបានឡើងថ្លៃជាង ៦០% ដែលធ្វើឲ្យវាមានតម្លៃ និងសុវត្ថិភាពជាងទ្រព្យសកម្មផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ មាសបន្តឡើងថ្លៃដោយសារកត្តាមួយចំនួនទៀតដូចជា ការផ្អាកប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យសេដ្ឋកិច្ចមួយចំនួនដោយរដ្ឋាភិបាលអាម៉េរិក និងភាពតានតឹងពាណិជ្ជកម្មជាមួយចិន។ ជាលទ្ធផល តម្រូវការមាសបានកើនឡើង ដោយសារអ្នកវិនិយោគសម្រុកទៅរកមាស ព្រោះវាមានភាពធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសកល។

លោក Khandelwal បានបន្ថែមថា ការឡើងថ្លៃមាសក៏ត្រូវបានជំរុញដោយការទិញពីធនាគារកណ្តាលរបស់ប្រទេសនានាផងដែរ ហើយតម្រូវការមាសសកលនៅឆ្នាំនេះអាចនឹងឈានដល់ប្រហែល ៤ ៨៥០ តោន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១។ ទន្ទឹមនឹងនេះ ពួកគេក៏ចាប់ផ្តើមធ្វើពិពិធកម្មទៅរកទ្រព្យសម្បត្តិផ្សេងដែលអាចចៀសឆ្ងាយពីប្រាក់ដុល្លារអាម៉េរិក ហើយមាសគឺជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុតសម្រាប់ធ្វើជាទុនបម្រុង និងវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងជំរុញឱ្យតម្លៃមាសឡើងថ្លៃបន្ថែមទៀតដល់ឆ្នាំ២០២៦៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content