ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកញ្ញា ឆ្នាំ២០២៤ បានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។

យោងតាមCDC គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះរួមមាន៖នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម១២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥កន្លែង។
ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៦គម្រោងដែលមានទំហំវិនិយោគជាង២៤០លានដុល្លារ ដែលវិនិយោគលើវិស័យបង្កើតតំបន់សេដ្ឋកិច្ចពិសេស បង្កើតរោងចក្រផលិតដំឡើងនិងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច រោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទ រោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោងនិងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content