អាជីវកម្មបរិយាបន្ននៅទ្វីបអាហ្រ្វិក ៨ ដែលជួយសម្រួលជីវភាព និងផ្តល់ប្រយោជន៍ដល់អ្នកចំណូលទាប

បរទេស ៖ យោងតាមប្រភពពីបរទេស បានលើកឡើងថា ទ្វីបអាហ្រ្វិកប្រឈមនឹងបញ្ហាធំៗមួយចំនួនដូចជា វិសមភាព ភាពក្រីក្រ អសន្តិសុខស្បៀង បម្រែបម្រួលអាកាសធាតុ កង្វះលទ្ធភាពទទួលបានសុខភាព និងការអប់រំ។ យ៉ាងណាមិញ អាជីវកម្មបរិយាបន្ននៅប្រទេសមួយចំនួនបានជួយសម្រួលដល់ជីវភាពប្រជាជនក្រីក្រ និងគ្រួសារមានចំណូលទាប។ ខាងក្រោមនេះគឺជាអាជីវកម្មបរិយាបន្នទាំង ៨ ដែលជួយដល់ប្រជាជននៅទ្វីបអាហ្វ្រិក៖

១. Nature’s Nectar គឺក្រុមហ៊ុនផលិតទឹកឃ្មុំដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ នៅប្រទេសហ្សំប៊ី។ ក្នុងគោលបំណងកាត់បន្ថយការកាប់ព្រៃឈើ ក្រុមហ៊ុនរៀបចំសំបុកឃ្មុំបែបទំនើបដែលផលិតទឹកឃ្មុំគុណភាពខ្ពស់ និងផ្តល់ប្រាក់ចំណូលរយៈពេលវែងដល់កសិករ។ Nature’s Nectar ​បណ្ដុះបណ្ដាល​ដល់​កសិកនៅតាមតំបន់រអំពីការព្យួរសំបុក ការសម្អាត និងការប្រមូលផលដែលធានានូវគុណភាពខ្ពស់នៃទឹកឃ្មុំ និងការពារកសិករពីលក់ក្រោមតម្លៃទីផ្សារ។ លើសពីនេះ Nature’s Nectar ប្រើប្រាស់ប្រព័ន្ធតាមដានទិន្នន័យបែបឌីជីថល ដើម្បីធានាបាននូវការតាមដានទឹកឃ្មុំ និងវាស់វែងផលប៉ះពាល់ ដោយសំបុកឃ្មុំនីមួយៗមាន GPS សម្រាប់ទីតាំងរបស់វាជាមួយនឹងឈ្មោះកសិករនៅក្នុងប្រព័ន្ធរបស់ពួកគេ។ កាលពីមុន កសិករ​ទាំងនោះ​រក​ចំណូល​បាន​ចន្លោះ​ពី ២០០ ទៅ ២៥០ ដុល្លារអាម៉េរិកប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែការធ្វើការជាមួយនឹង Nature’s Nectar ពួកគេអាចបង្កើនប្រាក់ចំណូលរបស់ពួកគេពី ២០ ទៅ ៣០ ភាគរយបន្ថែមទៀត។

២. Dytech Limited គឺជាក្រុមហ៊ុនខ្នាតមធ្យមនៅប្រទេស​ហ្សំប៊ី ដែលផលិតផលិតផលពីទឹកឃ្មុំរួមានដូចជា ក្រមួនឃ្មុំ, propolis, និង ស្ករគ្រាប់។ នៅប្រទេស​ហ្សំប៊ី  Dytech Limited ធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់សត្វព្រៃដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះរបស់ដែនជម្រកសត្វព្រៃ។ ក្រុមហ៊ុនប្រើប្រាស់វិធីសាស្រ្ត និងឧបករណ៍ទាញយកទឹកឃ្មុំប្រកបដោយភាពច្នៃប្រតិដ្ឋ ឬ ហៅថា ZamHive។ Dytech ដំឡើងសំបុកឃ្មុំ ZamHive រាប់ពាន់នៅក្បែរឧទ្យាន ឬព្រៃធម្មជាតិ ដែលវិធីសាស្ត្រនេះផ្តល់ប្រភពចំណូលប្រកបដោយនិរន្តរភាពដល់ប្រជាជននៅសហគមន៍ព្រៃឈើ ខណៈដែលជួយសង្គ្រោះប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងជីវចម្រុះសត្វព្រៃថែមទៀតផង។ នៅក្នុងពេលសមត្ថភាពផលិតពេញលេញ សំបុកឃ្មុំមួយអាចផលិតទឹកឃ្មុំមានតម្លៃ ៧៥ ដុល្លារក្នុងមួយរដូវ ហើយអ្នកចិញ្ចឹមឃ្មុំជាមធ្យមមានសំបុកឃ្មុំ ១០ ដែលអាចផ្តល់ទិន្នផលដល់ ៧៥០ ដុល្លារក្នុងមួយរដូវ។ ដើម្បីរក្សាគុណភាពនៃទឹកឃ្មុំ អ្នកចិញ្ចឹមឃ្មុំត្រូវបានបណ្តុះបណ្តាលលើការគ្រប់គ្រងសំបុកឃ្មុំ និងការថែទាំ ហើយពួកគេក៏មានសមត្ថភាពចែករំលែកការបណ្តុះបណ្តាលទៅអ្នកផ្សេងផងដែរដូចជា ការធ្វើសំបុកឃ្មុំ និងវិធីសាស្រ្តទាក់ទាញឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចិញ្ចឹមឃ្មុំដែលជាស្រ្តីត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការដឹកនាំ ធ្វើទីផ្សារ ការគ្រប់គ្រងសំបុកឃ្មុំ និងវគ្គបណ្តុះបណ្តាលជំនាញទៅអ្នកផលិតជាស្ត្រីផ្សេងៗទៀត។ តាមរយៈការចូលរួមទាំងនេះ ក្រុមស្ត្រីទាំងអាចផលិតទឹកឃ្មុំបានរហូតដល់ ៥ គីឡូក្រាមក្នុងមួយវដ្ត។ ទន្ទឹមនឹងនេះ ការផលិតទឹកឃ្មុំបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកផលិតទាំងនោះដោយពួកគេអាចផ្គត់ផ្គង់គ្រួសារ ចំណាយលើការអប់រំរបស់កូនៗ និងអាចចាប់ផ្តើមអាជីវកម្មតិចតួច។

៣. OBRI Tanzania គឺជាក្រុមហ៊ុន​កសិកម្ម​អាហារត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​តង់ហ្សានី។ ក្រុមហ៊ុននេះបានទិញគ្រាប់ផ្កាឈូករ័ត្នពីស្ត្រីកសិករខ្នាតតូច ហើយកែច្នៃវាទៅជាប្រេងឆា។ OBRI Tanzania ធ្វើការជាមួយកសិករខ្នាតតូចជាស្ត្រីជាង ១ ៩០០ នាក់ ដែលផលិតវត្ថុធាតុដើមទាំងអស់សម្រាប់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏បានសហការជាមួយដៃគូដើម្បីធានាថាកសិករមានលទ្ធភាពទទួលបានគ្រាប់ពូជ និងការបណ្តុះបណ្តាលថែមទៀតផង។ ការបណ្តុះបណ្តាលបានបង្កើនផលិតភាពកសិករអាចផលិតគ្រាប់ពូជផ្កាឈូករ័ត្នបានរហូតដល់ ៤៥០ គីឡូក្រាមក្នុងមួយហិកតា ដែលច្រើនជាងមុន ៣ ដង។ គំរូអាជីវកម្មបិរយាបន្នរបស់ OBRI Tanzania មិនត្រឹមតែជួយស្ត្រីជនជាតិតង់ហ្សានីបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកប្រើប្រាស់ដែលមានចំណូលទាបជាមួយនឹងជម្រើសប្រេងឆាចម្អិនអាហារដែលមានតម្លៃសមរម្យទៀតផង។ ទន្ទឹមនឹងនេះ OBRI Tanzania ផ្គត់ផ្គង់ប្រេងឆាទៅហាងក្នុងស្រុក អ្នកលក់បោះដុំ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវក្នុងតម្លៃថោកជាងពាក់កណ្តាលនៃតម្លៃប្រេងរបស់ដៃគូប្រកួតប្រជែងរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមហ៊ុនទទួលបានអ្នកប្រើប្រាស់ឈានដល់ ៥,៧ លាននាក់។

៤. Good Nature Agro (GNA) បានចាប់ផ្តើមជាគម្រោងសាកល្បងតូចមួយនៅក្នុងឆ្នាំ២០១៤ ហើយបានក្លាយជាសហគ្រាសសង្គមស្វែងរកប្រាក់ចំណេញដែលផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងទំនិញស្រដៀងគ្នាសម្រាប់កសិករហ្សំប៊ី។  ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១៦៥ នាក់ និងធ្វើការជាមួយកសិករជាង ២៦ ០០០ នាក់ ក្រោមប្រតិបត្តិការស្នូលមានកម្មវិធីធំៗចំនួនពីរ គឺកម្មវិធីគ្រាប់ពូជ (គ្រាប់ពូជផលិតកម្ម) និងកម្មវិធីប្រភព (ផលិតកម្មទំនិញ)។ នៅផ្នែកគ្រាប់ពូជនៃអាជីវកម្ម កសិករត្រូវបានផ្តល់ការបណ្តុះបណ្តាល ការផ្តល់ប្រាក់កម្ចី និងទីផ្សារដែលអាចទុកចិត្តបានអំពីគ្រាប់ពូជដែលពួកគេនឹងត្រូវដាំ។ GNA ​ទិញ​គ្រាប់ពូជ​ក្នុង​តម្លៃ​ពិសេស ដែល​បន្ទាប់មក​លក់​ឱ្យ​កសិករ​នៅផ្នែកកម្មវិធីប្រភព។ មុនពេលដាំដំណាំ GNA កំណត់ទំនិញដែលក្រុមហ៊ុនទិញត្រូវការ ហើយវាបានក្លាយជាមូលដ្ឋានសម្រាប់អ្នកបង្កាត់គ្រាប់ពូជរបស់ក្រុមហ៊ុននឹងផលិត និងដាំដុះ។ លើសពីនេះ កសិករនៅក្រោមកម្មវិធីប្រភពក៏ទទួលបានការបណ្តុះបណ្តាល និងប្រាក់កម្ចី ហើយក្រុមហ៊ុនធានាទិញផលិត​ផល​ទាំង​អស់​ ដែលបន្ទាប់​មក​នឹងលក់បន្ត​ឱ្យ​ក្រុម​ហ៊ុន​ទិញ។ ជាទូទៅ កសិករត្រូវបានប្រមូលផ្តុំជាក្រុម ហើយត្រូវបានគ្រប់គ្រងដោយពួកភ្នាក់ងារឯកជន (PEA) ដែលផ្តល់ការបណ្តុះបណ្តាលដល់ក្រុមសិករ ដើម្បីបំពេញតម្រូវការជាក់លាក់ និងការអនុវត្តកសិកម្មកាន់តែប្រសើរជាងមុន។ កសិករដែលចូលរួមជាមួយ GNA រាយការណ៍ថា ពួកគេរកប្រាក់ចំណូលច្រើនជាង ៣ដងចំណូលពីដំណាំពោត ដោយចំណូលពីមុន ១១៦ ដុល្លារប៉ុណ្ណោះក្នុងមួយហិកតា ប៉ុន្តែឥឡូវកើនឡើងដល់ ៦០០ ដុល្លារក្នុងមួយហិកតា។ មិនត្រឹមតែប៉ុណ្ណោះ GNA ក៏បានវិនិយោគលើការកែលម្អប្រព័ន្ធទិន្នន័យរបស់ពួកគេ ដើម្បីជួយកសិករ​ក្នុងការ​បង្កើត​ពិន្ទុ​ឥណទាន​កាន់​តែ​ល្អឲ្យមានភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ (កម្ចី​ចាប់​ផ្តើម​ពី ៣០-៦០ ដុល្លារ ប៉ុន្តែ​អាច​កើន​ឡើង​ដល់ ២ ០០០ ទៅ ៣ ០០០ ដុល្លារ​ប្រសិន​បើ​កសិករអនុវត្តបាន​ល្អ)។

៥. Alliance Ginneries គឺជាក្រុមហ៊ុនផលិតក្រណាត់កប្បាសត្រូវបានង្កើតឡើងនៅប្រទេសតង់ហ្សានីក្នុងឆ្នាំ១៩៩៧ ហើយបានពង្រីកទៅដល់ប្រទេសហ្ស៊ីមបាវ៉េ និងហ្សំប៊ី។ Alliance Ginneries ទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមទាំងអស់ពីកសិករខ្នាតតូច ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាល និងធ្វើកសិកម្មចិញ្ចឹមជីវិត ដោយធានាផ្តល់ទីផ្សារឱ្យពួកគេ សេវាកម្មផ្នែកបន្ថែម និងទម្រង់នៃការគាំទ្រផ្សេងទៀតៗ។ តាមរយៈការអនុវត្តគំរូអាជីវកម្មបរិយាបន្ន Alliance Ginneries លក់សណ្តែកសៀង និងកប្បាសដែលមានប្រភពប្រកបនិរន្តរភាពក្នុងបរិមាណច្រើនទៅកាន់ទីផ្សារធំៗ ហើយអ្នកទិញសំខាន់របស់ពួកគេគឺជាក្រុមហ៊ុនធំៗដែលធ្វើពាណិជ្ជកម្មចេញទៅអឺរ៉ុប។ ជារៀងរាល់ឆ្នាំ Alliance Ginneries ផលិតកប្បាសរហូតដល់ ២៧ ០០០ តោននៅក្នុងប្រទេសតង់ហ្សានី និងចន្លោះពី ៨ ០០០ ទៅ ២៦ ០០០ តោននៅក្នុងប្រទេសហ្សំប៊ី ហើយប្រហែល ៣០ ០០០ នៅហ្ស៊ីមបាវ៉េ។ ក្រុមហ៊ុនបានធ្វើការដោយផ្ទាល់ជាមួយនឹងកសិករ ដោយផ្តល់ឱ្យពួកគេនូវដើមទុនដូចជា ឥណទាន និងប្រមូលប្រាក់កម្ចីមកវិញបន្ទាប់ពីការប្រមូលផល។ ដូចគ្នានេះផងដែរ Alliance Ginneries ធានាកសិករនូវតម្លៃទីផ្សារសមរម្យ​ ដែលអាចឱ្យពួកគេរកចំណូលសម្រាប់ចំណាយផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានបង្កើតការងារនៅតាមជនបទ ដើម្បីឲ្យផ្តល់ឱកាសអ្នកចំណូលទាបទទួលបានប្រាក់ចំណូលសមរម្យ។

៦. Kukula Solar គឺជាសហគ្រាសរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ជាមួយនឹងជំនួយដំបូង ២៥ ០០០ ដុល្លារអាម៉េរិកពីមូលនិធិអភិវឌ្ឍន៍សម្រាប់អាហ្វ្រិករបស់សហរដ្ឋអាម៉េរិក។ បេសកកម្មស្នូលរបស់ Kukula Solar ផ្តល់ជម្រើសនៃផលិតផលថាមពលសូឡាព្រះអាទិត្យមានតម្លៃទាបជាមួយនឹងគុណភាពខ្ពស់ដូចជា អំពូលសូឡា ប្រព័ន្ធព្រះអាទិត្យសម្រាប់ក្នុងផ្ទះ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យសម្រាប់កសិករខ្នាតតូច  និងសេវាកម្មគាំទ្រដល់គ្រួសារក្រីក្រនៅជនបទក្នុងប្រទេសហ្សំប៊ី និងម៉ាឡាវី។  គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ Kukula Solar មានអ្នកលក់ចែកចាយផលិតផលថាមពលពន្លឺព្រះអាទិត្យ ២០៥ នាក់ ដែលអាចរកចំណូលជាមធ្យម ១៤៧ ដុល្លារអាម៉េរិកក្នុងមួយខែ។ មុនពេលដែលស្ត្រី និង​យុវជន​ទាំងនោះធ្វើការជាមួយនឹង Kukula Solar ​ធ្លាប់រក​ប្រាក់​ចំណូល​បាន​ត្រឹមតែ ៣៥ ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយខែ។ ទន្ទឹមនឹងនេះ ចំនួនអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យនៅក្នុងសហគមន៍បន្តកើនឡើង ដោយសារពួកគេបានជួយបណ្តុះបណ្តាល និងសេវាកម្មអតិថិជនទៅកាន់មិត្តភ័ក្តិរបស់ពួកគេថែមទៀតផង។ ទន្ទឹមនឹងនេះ Kukula Solar តាមដាននៃការសន្សំសំចៃដែលបានមកពីការប្រើប្រាស់ផលិតផលរបស់ពួកគេ ដោយបង្ហាញថា អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារសន្សំប្រាក់បានចំនួន ៥២ ដុល្លារចាប់តាំងពីពួកគេចាប់ផ្តើមប្រើប្រាស់ថាមពលព្រះអាទិត្យ។ កាលពីមុន ពួកគេត្រូវចំណាយលើតម្រូវការលើប្រេងកាត និងទៀនយ៉ាងហោចណាស់ ៦០ ដុល្លារក្នុងមួយខែ។

៧. Sun King មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ប៉ុន្តែបានពង្រីកប្រតិបត្តិការទៅប្រទេសឥណ្ឌា កេនយ៉ា នីហ្សេរីយ៉ា តង់ហ្សានី តូហ្គោ កាមេរូន ម៉ូសំប៊ិក សំប៊ី និងអ៊ូហ្គង់ដា។ ក្រុមហ៊ុននេះមានបុគ្គលិកជាង ២០ ០០០ នាក់មកពី BoP ហើយ ៣៦ ភាគរយនៃបុគ្គលិកនៅអាហ្វ្រិកគឺជាស្ត្រី។ Sun King ​លក់​អំពូលថាមពលពន្លឺ​ព្រះ​អាទិត្យ​​ និងផ្តល់​ប្រព័ន្ធផ្ទុកថាមពលនៅផ្ទះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្សំបានប្រមាណ៥ ទៅ ៨ ដុល្លារលើការចំណាយប្រើប្រាស់អគ្គិសនីប្រចាំខែ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Pay-as-you-go (PAYG) ត្រូវបានប្រើប្រាស់ក្នុងវិធីសាស្រ្តការដាក់ប្រព័ន្ធថាមពលដោយផ្ទាល់ទៅភូមិ ដើម្បីជួយសម្រួលដល់ការលក់។ តាមរយៈវិធីសាស្រ្តនេះ អ្នកប្រើប្រាស់អាចធ្វើការទូទាត់លើការបង់រំលស់ក្នុងរយៈពេលពី ១០ ទៅ ១២ សប្តាហ៍។ ទន្ទឹមនឹងនេះ Sun King ទទួលបានមតិវិជ្ជមានពីស្ត្រីដែលចូលរួមផងដែរទាំងភ្នាក់ងារ និងអតិថិជននៅអាហ្វ្រិក ដោយសារពីពួកគេទទួលបានអត្ថប្រយោជន៍ពីការងាររបស់ពួកគេ និងការផ្លាស់ប្តូរចៀសឆ្ងាយពីការប្រើប្រាស់ថាមពលគ្រោះថ្នាក់។

៨. ក្រុមហ៊ុន Buffalo Bicycles គឺជាក្រុមហ៊ុនរកប្រាក់ចំណេញដែលជាបុត្រសម្ព័ន្ធរបស់អង្គការក្រៅរដ្ឋាភិបាលWorld Bicycle Relief (WBR) មានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ សហរដ្ឋអាម៉េរិក។ Buffalo Bicycles បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេស​ហ្សំប៊ីនាឆ្នាំ២០១២ ហើយបានពង្រីកប្រតិបត្តិការទៅកាន់ប្រទេសអាហ្វ្រិកផ្សេងទៀតដូចជា ហ្ស៊ីមបាវ៉េ កេនយ៉ា ម៉ាឡាវី និងអ៊ូហ្គង់ដា ផងដែរ។ ប្រតិបត្តិការ​របស់​ក្រុមហ៊ុននៅ​ហ្សំប៊ីមាន​បុគ្គលិក​ប្រហែល ៨០ នាក់ ដែល​ធ្វើការ​នៅក្នុង​ហាងលក់កង់ចំនួន ២៩ ទីតាំង ។ Buffalo Bicycles រចនាកង់ដែលអាច​ប្រើប្រាស់​បាន​យូរ និង​អាចធន់​នឹងស្ថានភាពលំបាកនៃការធ្វើដំណើរ​នៅតាមទី​ជនបទ។ កង់នេះមានតម្លៃ ១៣០ ទៅ ១៥០ ដុល្លារក្នុងមួយគ្រឿង និងមានការធានារយៈពេល ៥ ឆ្នាំសម្រាប់ការជួសជុល ហើយកង់​អាច​ប្រើ​បាន​រហូត​ដល់ ១២ ឆ្នាំ ប្រសិន​បើ​មាន​ការ​ថែទាំ​ត្រឹមត្រូវ។ ក្រុមហ៊ុនបានបើកដំណើរការកន្លែងជួសជុលកង់នៅតាមតំបន់ជនបទ ដោយរថយន្តដឹកទំនិញចល័ត និងយាន្តជំនិះផ្សេងៗអាចទទួលបានសេវាកម្មជួសជុលឥតគិតថ្លៃ និងមានលក់គ្រឿងបន្លាស់ផងដែរ។ កង់របស់ Buffalo បានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែលជាអ្នកចំណូលទាប និងអ្នកក្រីក្រ។ នៅប្រទេសហ្សំប៊ី កសិករចិញ្ចឹមគោយកទឹកដោះអាចដឹកទឹកដោះគោបាន ២៥ ភាគរយបន្ថែមទៀត និងទទួលបានប្រាក់ចំណូល ២៣ ភាគរយបន្ថែមក្នុងមួយខែ។  ជាមួយ​ទឹកដោះគោមួយលីត្រមានតម្លៃ ០,១៩ ដុល្លារ កសិករអាចរកប្រាក់ចំណូលបាន ១៩៧ ដុល្លារដោយសារការប្រើប្រាស់កង់ Buffalo Bicycles បានកាត់បន្ថយពេលវេលាធ្វើដំណើរពី ៥៥ នាទី មកនៅត្រឹម ៣០ នាទីប៉ុណ្ណោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់