ភ្នំពេញ ៖ នៅក្នុងដំណាក់កាលទី១ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីសំណាក់គណៈកម្មការយ៉ាងលម្អិត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ក្រុមហ៊ុន សហគ្រាស ចំនួន១៨ ជាប់ជាប្រភេទអាជីវកម្មបរិយាបន្ន។
ក្រុមហ៊ុន និងសហគ្រាសទាំង១៨ ដែលត្រូវបានចាត់ចូលជាអាជីវកម្មបរិយាបន្នក្រោមកិច្ចគាំទ្រពីសំណាក់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន ៖ ក្រុមហ៊ុន ម៉ាយឌ្រីម ហូម, ក្រុមហ៊ុនប្រេវ័រ (កម្ពុជា) ម៉ាយក្រូឡាហ្វ៍ អ៊ិនសួរេន ភីអិលស៊ី, ក្រុមហ៊ុន អេស៊ីអ៊ី អេនើជី សឹលូសិន (ខេមបូឌា)ឯ.ក, ក្រុមហ៊ុន អុករ៉ា សូឡា ឯ.ក, ក្រុមហ៊ុន អេមរុរ៉ាយ ខេមបូឌា ឯ.ក , ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ឯ.ក, ក្រុមហ៊ុន ខ្មែរហ្គ្រីន ឆាលខូល ឯ.ក , ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ឯ.ក , ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) ភីអិលស៊ី, ក្រុមហ៊ុន ហ្វា ភើហ្វមមីង សូសល អេនធើប្រាយ, ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី , ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ឯ.ក , ក្រុមហ៊ុនបញ្ជី ហ្វាញថេត ឯ.ក, ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា ឯ.ក , សាខាក្រុមហ៊ុន សាន់ អ៊ីអ៊ីអ៊ី ភីធីអ៊ី អិលធីឌី, ក្រុមហ៊ុន សិប្បករអង្គរ ឯ.ក, ក្រុមហ៊ុន អេហ្គ្រីបាឌី ឯ.ក, និងក្រុមហ៊ុន ឡៃធីង អេនជីនារី ។
លោក អិន រដ្ឋា អនុប្រធានការិយាល័យ សហប្រតិបត្តិការ នៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ចំណុះអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ដោយសារមានការផ្លាស់ប្ដូរ និងកែប្រែនូវលក្ខខណ្ឌមួយចំនួន ក្រសួងបាន និងកំពុងរៀបចំសមាសភាពក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាបន្ន ក៏ដូចជាគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អាជីវកម្មបរិយាបន្ន ព្រមទាំងរៀបចំលេខាធិការដ្ឋានថ្មី ដើម្បីឈានដល់ការប្រកាសជាសាធារណៈក្នុងការជ្រើសរើសអាជីវកម្មបរិយាបន្នក្នុងដំណាក់កាលទី២។
លោកបានបន្តថា ក្រសួងឧស្សាហកម្ម បាន និងកំពុងសហការជាមួយដៃគូផ្សេងទៀត ដើម្បីបង្កើតការបណ្ដុះបណ្ដាលជំនាញចាំបាច់ដល់ម្ចាស់អាជីវកម្ម ហើយក្រសួងក៏បានធ្វើការជាមួយក្របខណ្ឌអាស៊ានក្នុងការរៀបចំកម្មវិធីប្រកួតប្រជែង និងកិច្ចប្រជុំធុរកិច្ចធំៗផងដែរ។
លោក អិន រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា៖ «តាមរយៈកម្មវិធីដែលយើងរៀបចំ ម្ចាស់អាជីវកម្មគាត់អាចយកអាជីវកម្មរបស់គាត់ទៅប្រកួតប្រជែង ហើយប្រសិនបើគាត់ឈ្នះ គាត់នឹងទទួលបានការ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀត»។
គួររំលឹកដែរថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕