បរទេស ៖ យោងតាមប្រភពពី Oil Price បានបង្ហាញថា តម្លៃប្រេងបានឡើងថ្លៃ ខណៈដែលអ្នកវិនិយោគកំពុងព្រួយបារម្ភអំពីភាពតឹងតែងនៃការផ្គត់ផ្គង់។ ទីផ្សារតម្លៃប្រេង Brent ឡើងថ្លៃដល់ ៨៣ ដុល្លារក្នុងមួយបារ៉ែល និង ទីផ្សារតម្លៃប្រេង West Texas Intermediate ឡើងថ្លៃដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានឡើងថ្លៃ បន្ទាប់ពីរដ្ឋបាលព័ត៌មានថាមពលបានរាយការណ៍ពីតម្លៃធ្លាក់ចុះកាលពីថ្ងៃពុធកន្លងទៅនេះ។

នៅក្នុងសប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់បន្ថែម ០,២៥ ភាគរយ ខណៈដែលអត្រាការប្រាក់បច្ចុប្បន្នគឺនៅចន្លោះពី ៥,២៥ ទៅ ៥,៥ ភាគរយ ដែលជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០១។ ការប្រកាសនេះ គឺជាដំណឹងអាក្រក់សម្រាប់ទីផ្សារប្រេង ខណៈដែលអ្នកវិនិយោគចាប់ផ្តើមព្រួយបារម្ភពីការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹងតឹងតែង។
ស្របពេលនេះដែរ អ្នកវិភាគរំពឹងថា អារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនលើសពីខែសីហាទៀត ប្រសិនបើតម្លៃមិនឡើងថ្លៃខ្លាំងនោះ។ គេបន្ថែមទៀតដែរថា អារ៉ាប៊ីសាអូឌីតមានលទ្ធភាពកាត់បន្ថយការផលិតក្នុងរយៈពេលពីរខែ ហើយខ្លួនក៏អាចនឹងសម្រេចចិត្តកាត់បន្ថយថែមច្រើនខែទៀតផងដែរ។ អ្នកវិភាគ Tamas Varga មកពីក្រុមហ៊ុន PVM Oil Associates បាននិយាយថា អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ហើយពួកគេនឹងចាប់ផ្តើមពិចារណាផ្គត់ផ្គង់ប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃចូលទៅក្នុងទីផ្សារវិញ។

ទន្ទឹមនឹងនេះដែរ គេរំពឹងថា តម្លៃទំនងជាធ្លាក់ចុះនៅពេលក្រោយដោយសារធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងប្រកាសអំពីការដំឡើងអត្រាការប្រាក់ផងដែរ ខណៈដែលខ្លួនព្យាយាមដោះស្រាយអតិផរណានៅក្នុងតំបន់អឺរ៉ូ។ ទោះជាយ៉ាងណាក្តី ប្រសិនបើតម្រូវការកើនឡើងខ្លាំងចំពេលដែលការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង នោះតម្លៃប្រេងនឹងឡើងថ្លៃបន្ថែមទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content