បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃបន្តិច ខណៈដែលមានក្តីសង្ឃឹមថាសហរដ្ឋអាម៉េរិក និងចិន បានយល់ព្រមគ្នាក្នុងការចរចាពាណិជ្ជកម្មបន្ថែមទៀត ក្រោយពីមានការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។
ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ០,៧ ភាគរយ ឬ ៦៥,៣៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate ឡើងថ្លៃ ០,៨% ឬ ៦៣,៣៧ ដុល្លារក្នុងមួយបារ៉ែល។
យោងតាមសារព័ត៌មានរដ្ឋរបស់ចិន Xinhua បានឲ្យដឹងថា ការសន្ទនាតាមទូរស័ព្ទកើតឡើងរតាមសំណើរបស់ប្រធានាធិបតីអាម៉េរិក Donald Trump។ Trump បានបង្ហោះនៅលើបណ្តាញសង្គមថា ការសន្ទនារយៈពេលមួយម៉ោងកន្លះបានផ្តោតលើពាណិជ្ជកម្មជាចម្បង ហើយមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Price Futures Group បានលើកឡើងថា ប្រសិនបើភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មដ៏ធំមួយត្រូវបានបន្ធូរបន្ថយ នោះវានឹងបង្កើនការព្យាករណ៍ពីតម្រូវការសម្រាប់ប្រេងទាំងនៅក្នុងសហរដ្ឋអាម៉េរិក និងនៅក្នុងប្រទេសចិន ដែលជំរុញដល់តម្លៃឡើងថ្លៃបន្ថែមទៀត។
កាលពីប៉ុន្មានថ្ងៃមុន តម្លៃប្រេងបានធ្លាក់ចុះ ១% ខណៈដែលទិន្នន័យបានបង្ហាញថា ស្តុកប្រេងសាំង និងស្តុកប្រេងចម្រាញ់របស់អាម៉េរិកបានកើនឡើងលើសពីការរំពឹងទុក ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការ។
ដោយឡែក អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកបានបញ្ចុះតម្លៃប្រេងឆៅសម្រាប់អ្នកទិញនៅអាស៊ី។ ការកាត់បន្ថយតម្លៃរបស់អារ៉ាប៊ីសាអូឌីតបានធ្វើឡើងបន្ទាប់ពីក្រុមប្រទេសនាំចេញប្រេង OPEC+ មានផែនការបង្កើនទិន្នផល ៤១១ ០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកក្កដា។ យុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំរបស់ OPEC គឺមួយផ្នែកដាក់ពិន័យលើអ្នកផលិតលើសកំណត់ក្នុងអំឡុងពេលកាត់បន្ថយផលិតកម្ម ២,២ លានបារ៉ែលកាលពីលើកមុន៕