បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា តម្លៃអង្ករនៅក្នុងប្រទេសជប៉ុនបានបន្តឡើងថ្លៃជិត១០០% កាលពីខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រការនេះបានក្លាយជាសម្ពាធកាន់តែធ្ងន់ធ្ងរចំពោះនាយករដ្ឋមន្ត្រីរបស់ខ្លួន។

នៅថ្ងៃសុក្រ សប្ដាហ៍នេះ ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃអង្ករបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩៩,២% ក្នុងខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បញ្ហានេះកាន់តែបង្កើនសម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី Shigeru Ishiba មុនពេលមានការបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ ការគាំទ្រសម្រាប់រដ្ឋបាលរបស់ Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីអំឡុងខែតុលា ដែលភាគច្រើនដោយសារការខកចិត្តរបស់ពលរដ្ឋចំពោះការកើនឡើងនូវខ្ទង់ចំណាយលើការរស់នៅប្រចាំថ្ងៃ។ ពលរដ្ឋជប៉ុនជាច្រើនមិនសប្បាយចិត្តចំពោះការកើនឡើងនៃអតិផរណា ជាពិសេសតម្លៃស្រូវឡើងថ្លៃ ក៏ដូចជារឿងអាស្រូវក្នុងបក្សកាន់អំណាច។ តម្លៃអ្នកប្រើប្រាស់ក្នុងខែមិថុនាកើនឡើង ៣,៤% ធៀបនឹងខែឧសភា ៣,៣%។ កាលពីខែឧសភា តម្លៃស្រូវបានឡើងថ្លៃ ១០១% ដែលកើនឡើងពី ៩៨,៤% ក្នុងខែមេសា និង ៩២,៥ ភាគរយនៅក្នុងខែមីនា។ យ៉ាងណាមិញ អតិផរណាស្នូលរបស់ជប៉ុនមានអត្រា ៣,៣ ភាគរយក្នុងខែមិថុនា ដែលធ្លាក់ចុះពី ៣,៧% ភាគរយនៅក្នុងខែឧសភា។
យោងតាមការស្ទង់មតិមួយមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានបង្ហាញថា គណបក្សកំពុងកាន់អំណាចបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលអាចបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី Ishiba លាលែងពីតំណែង។ ទន្ទឹមនឹងនេះ Ishiba កំពុងស្ថិតនៅក្រោមសម្ពាធបន្ថែមទៀតពាក់ព័ន្ធនឹងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក មុនពេលមហាអំណាចមួយនេះយកពន្ធថ្មី ២៥% លើការនាំចូលជប៉ុននៅថ្ងៃទី ១ ខែសីហា។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់អាម៉េរិកកំពុងជួបនឹងសម្ពាធ ក៏ដូចជា ដែកថែប និងអាលុយមីញ៉ូមផងដែរ។ ប្រធានាធិបតីអាម៉េរិក Donald Trump ចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការផលិតកាន់តែច្រើននៅក្នុងអាម៉េរិក និងចង់ឲ្យទីក្រុងតូក្យូបង្កើនការទិញទំនិញរបស់ខ្លួនបន្ថែមទៀត ជាពិសេស ឧស្ម័ន ប្រេង រថយន្ត និងអង្ករ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មតម្លៃ ៧០ ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ ទោះបីជាធនាគារកណ្តាលជប៉ុនបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុតាំងពីឆ្នាំមុនក៏ដោយ ប៉ុន្តែផលប៉ះពាល់នៃពន្ធរបស់អាម៉េរិកបានបន្ថែមសម្ពាធលើធនាគារមួយ ដែលធ្វើឲ្យពួកគេចាត់វិធានការយឺត។ លោក Stefan Angrick នៅក្រុមហ៊ុន Moody’s Analytics បានលើកឡើងថា ការគំរាមកំហែងពន្ធរបស់អាម៉េរិកនឹងប៉ះពាល់ដល់លក្ខខណ្ឌផលិតកម្ម និងការងារដែលអាចធ្វើឲ្យវិធានការរបស់ធនាគារកណ្តាលជប៉ុនជាប់គាំងក្នុងរយៈពេលខ្លី។ បន្ថែមពីនេះ ធនាគារកណ្តាលជប៉ុនអាចនឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ ឬ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាន៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content