បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា រុស្ស៊ី រកចំណូលពីការនាំចេញប្រេងបានច្រើននៅក្នុងខែតុលា ដែលច្រើនជាងបរិមាណប៉ុន្មានខែមុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន។

កាលពីខែតុលាកន្លងទៅនេះ រុស្ស៊ីរកចំណូលបានពីប្រេងសុទ្ធចំនួន ១១,៣ ពាន់លានដុល្លារ ដែលច្រើនជាចំណូលក្នុងខែណាមួយមុនពេលខ្លួនឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រាក់ចំណូលដែលរកបានក្នុងខែតុលាក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ នៅពេលដែលតម្លៃមានការប្រែប្រួលខ្លាំងបន្ទាប់ពីការផ្ទុះសង្រ្គាម។ ផ្អែកលើទិន្នន័យផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបង្ហាញថា ការនាំចេញប្រេងក្នុងខែតុលារបស់រុស្ស៊ីមានចំនួនប្រហែលមួយភាគបីនៃចំណូលថវិកាសរុបរបស់ប្រទេសសម្រាប់ខែនោះ។
មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃការលក់ប្រេងរបស់ក្រុងម៉ូស្គូក្នុងខែតុលាបានកើតឡើងជិតមួយឆ្នាំបន្ទាប់ពីក្រុមប្រទេស G7 បានកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ ការរឹតបន្តឹងនេះមានគោលបំណងកំណត់ប្រាក់ចំណូលប្រេងដែលរុស្ស៊ីនឹងត្រូវចំណាយលើសង្រ្គាម ខណៈពេលដែលនៅតែរក្សាទីផ្សារជួញដូរប្រេងពិភពលោក។ លើសពីនេះ វិធានការនេះក៏រឹតបន្តឹងលើសេវាធានារ៉ាប់រង និងការដឹកជញ្ជូនសម្រាប់កប៉ាល់ដឹកប្រេងដែលលក់លើសពីតម្លៃផងដែរ។

ទោះបីជាយ៉ាងណាក្តី ៩៩ ភាគរយនៃការនាំចេញប្រេងរបស់រុស្ស៊ីក្នុងខែតុលាបានលក់លើសពីតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ បន្ថែមពីនេះ ប្រេងនាំចេញពីកំពង់ផែធំៗរបស់រុស្ស៊ីលក់ក្នុងតម្លៃជាមធ្យម ៧៩,៤០ ដុល្លារក្នុងមួយបារ៉ែល ដោយការនាំចេញប្រេងរបស់រុស្ស៊ីត្រូវបានជំរុញដោយក្រុមនាវាដឹកទំនិញងងឹត ដោយសារពួកគេបានបិទប្រព័ន្ធតាមដានរបស់ពួកគេ ឬកំពុងលាក់អត្តសញ្ញាណរបស់ពួកគេដោយចេតនា។
ទន្ទឹមនឹងនេះ ក្រុមនាវាងងឹតបានដឹកជញ្ជូនប្រហែល ៤៥ ភាគរយនៃការនាំចេញប្រេងរបស់រុស្ស៊ីនៅឆ្នាំនេះ ខណៈដែលរុស្ស៊ីបញ្ចៀសពីការដាក់ទណ្ឌកម្មដោយងាកចេញពីទីផ្សារធំពីមុនរបស់ខ្លួននៅអឺរ៉ុប ហើយប្តូរទិសដៅទៅកាន់ទីផ្សារជំនួសដូចជាឥណ្ឌា និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ថាមពលរបស់រុស្ស៊ីបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពធន់នៅក្នុងរយៈពេល ២១ ខែ ចាប់តាំងពីប្រទេសនេះទទួលរងនូវទណ្ឌកម្មដ៏ខ្លាំងក្លាពីលោកខាងលិច។ ការប៉ាន់ប្រមាណជាផ្លូវការបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានកើនឡើង ៥,៥ ភាគរយនៅក្នុងត្រីមាសទី ៣ ដែលផ្ទុយពីការធ្លាក់ចុះ ៣,៥ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ស្ថិតិសេដ្ឋកិច្ចផ្លូវការរបស់រុស្ស៊ីពិបាកក្នុងវាយតម្លៃទៅលើកំណើនដ៏ច្រើនបែបនេះ ដោយសារប្រទេសនេះចំណាយច្រើនលើផ្នែកយោធា និងរដ្ឋាភិបាល។ លោក Igor Lipsits សេដ្ឋវិទូរុស្ស៊ីម្នាក់ក៏បានលើកឡើងដែរថា ស្ថានភាពពិតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសគឺអាក្រក់៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content