ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទាមទារការអភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ទាំងបរិមាណ និងគុណភាពតាមរយៈវិស័យអប់រំ ដើម្បីក្លាយជាធនធានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនជឿនលឿន ខណៈសម្តេចតេជោបានលើកពីគំរូពីភាពរីកម្រើនរបស់ប្រទេសសិង្ហបុរី ដែលកើតឡើងដោយសារធនធានមនុស្ស សន្តិភាព និងស្ថិរភាពនយោបាយ ។
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣ ២៣២នាក់ នៅព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ សម្តេចតេជោ បានលើកឡើងពីសឹង្ហបុរី ដែលជាប្រទេសមិនមែនជាប្រទេសមានធនធានធម្មជាតិឡើយ រាប់ទាំងទឹកស្អាត ក៏ត្រូវទិញពីប្រទេសក្បែរខាងដែរ។ ការរីកចម្រើនរបស់ប្រទេសសឹង្ហបុរី គឺកើតឡើងដោយសារធនធានមនុស្ស សន្តិភាព និងស្ថិរភាពនយោបាយលើប្រទេសដ៏តូចមួយនោះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសយើងរីកចម្រើនមិនលឿន ដោយសារកត្តាធនធានមនុស្សមានកម្រិត។ កម្ពុជាមានយុវជនច្រើន តែសមត្ថភាពរបស់ពួកគេនៅមានកម្រិតនៅឡើយ។ ដូច្នេះ ត្រូវទាមទារការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាពអប់រំ ដែលប្រភពធនធានសំខាន់ ដើម្បីជំរុញប្រទេសយើងឱ្យរីកចម្រើនលឿន៕