ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយដែលកំពុងមានប្រជាប្រិយភាព ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងខេត្តតាកែវ ដែលល្បីល្បាញបង្កងឆ្ងាញ់ជាងគេ បានចាប់យកមុខរបរចិញ្ចឹមបង្កងកាន់តែកើនឡើង ដោយសារបង្កងមានតម្រូវការនៅលើទីផ្សារ ទូលាយ និងមានតម្លៃល្អ។

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលខេត្តតាកែវ បានថ្លែងថា ការចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពុងចាប់អារម្មណ៍ចិញ្ចឹម ដែលកាលពីមុនការចិញ្ចឹមបង្កងនេះមានត្រឹមប្រមាណ១០គ្រួសារប៉ុណ្ណោះ ប៉ុន្ដែគិតមកដល់ពេលនេះមានរហូតដល់ជាង ២០គ្រួសារ ដោយក្នុងនោះមានប្រជាពលរដ្ឋស្ថិតក្នុងស្រុកទ្រាំង ស្រុកបាទី ស្រុកអង្គរបុរី ស្រុកកោះអណ្ដែត ស្រុកបុរីជល់សារ ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង បាន និងកំពុងចាប់អារម្មណ៍លើការប្រកបរបរចិញ្ចឹមបង្កងនេះ ព្រមទាំងបានកំពុងសិក្សាពីកសិដ្ឋានចិញ្ចឹមបង្កងនៅក្នុងខេត្តតាកែវផងដែរ។
លោកបានបន្ដថា ៖
“ប្រសិនបើប្រៀបធៀបគុណភាព និងរសជាតិបង្កងចិញ្ចឹមនៅក្នុងស្រុក និងបង្កងរបស់ប្រទេសជិតខាង គឺបង្កងចិញ្ចឹមក្នុងស្រុកមានរសជាតិជាតិឆ្ងាញ់ជាង ដោយសារតែការចិញ្ចឹមផ្ដោតលើការចិញ្ចឹមតាមបែបធម្មជាតិសុទ្ធសាធ និងប្រើប្រាស់ចំណីជាប្រភេទខ្យង ខ្ចៅ ប៉ុណ្ណោះ ចំណែកឯចំណីគ្រាប់ ជាចំណីប្រើប្រាស់បន្ទាប់បន្សំប៉ុណ្ណោះ។”

លោកបានបន្តឱ្យដឹងថា មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកចិញ្ចឹមបង្កងច្រើនជាងមុនក្រោមការខិតខំប្រឹងប្រែងណែនាំពីនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ដែលមន្រ្ដីជំនាញតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋទៅលើការផ្តល់ចំណេះដឹងបច្ចេកទេស និងការចុះអនុវត្តន៍ដោយផ្ទាល់ជាមួយប្រជាកសិករ ទើបធ្វើឲ្យអ្នកចិញ្ចឹមមានទំនុកចិត្តច្រើនក្នុងការចិញ្ចឹម និងបង្កភាពងាយស្រួល។

លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា
“បង្កងចិញ្ចឹមមានតម្រូវការទីផ្សារខ្ពស់ ផ្ដល់ផលចំណេញច្រើន និងមានតម្លៃរហូតដល់ចន្លោះ ២០-៣៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំពោះបង្កងលេខ១ តម្លៃ៣៥ដុល្លារក្នុងមួយគីឡូក្រាម, បង្កងលេខ២មានតម្លៃ ២០-២៥ដុល្លារក្នុងមួយគីឡូក្រាម។”
ដោយឡែក លោក សាប់ សារុន ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ បានប្រាប់ AMS ថា បច្ចុប្បន្ននេះការចិញ្ចឹមបង្កងទទួលបានផលល្អប្រសើរ ដូច្នេះប្រជាពលរដ្ឋចាប់ផ្ដើមពង្រីកការចិញ្ចឹមរបស់ខ្លួន។ សម្រាប់លោកបច្ចុប្បន្ន ក៏នៅមានចិញ្ចឹមបង្កងផ្ទាល់ខ្លួនដែរ ដោយមានតម្រូវការទីផ្សារ គាត់នៅមានផលិតផលបង្កងប្រមាណ ៣០-៤០ម៉ឺនក្បាលសម្រាប់លក់នៅខែសីហានេះ ជាប្រភេទបង្កងលេខ ២ ដែលលក់ក្នុងទីផ្សារមានតម្លៃ២០-ដុល្លារក្នុងមួយគីឡូក្រាម។
លោក សាប់ សារុន បានបញ្ជាក់ដែរថា បង្កងដែលចិញ្ចឹមបាននៅក្នុងខេត្តតាកែវ គឺមិនខ្វះទីផ្សារទេ ពោលគឺឱ្យតែចិញ្ចឹមបានប៉ុន្មាន គឺមានអ្នកបញ្ជាទិញគ្មានសល់ឡើយ ហើយនៅពេលខាងមុខប្រសិនជាមានពលរដ្ឋចិញ្ចឹមច្រើន ហើយអាចទប់ស្កាត់ការនាំចូលបង្កងពីប្រទេសជិតខាងបាន នោះប្រជាកសិករដែលជាអ្នកចិញ្ចឹមបង្កងអាចទទួបានផលច្រើនច្រើន ហើយអាចឈានដល់ការចុះបញ្ជីកំណត់អត្តសញ្ញាណបង្កងខេត្តកែវដែលជាផលិតផលសម្គាល់ភូមិសាស្ត្រការពារផលប្រយោជន៍រួម៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content