បរទេស ៖ ប្រភពដែលសុំមិនបញ្ចេញឈ្មោះជាច្រើននាក់បានរាយការណ៍ប្រាប់កាសែតរ៉យទ័រនៅសប្តាហ៍នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានត្រៀមសំណើជាកញ្ចប់អាវុធតម្លៃដល់ទៅ១០០ពាន់លានដុល្លារដើម្បីលក់ឲ្យទៅឲ្យព្រះរាជាណាចក្រដ៏មានទ្រព្យសម្បត្តិនៅតំបន់អារ៉ាប់។
ប្រភពដដែលនេះបានអះអាងទៀតថា សំណើលក់អាវុធដ៏ច្រើនសម្បើមនេះនឹងត្រូវដាក់បញ្ចូលជាមួយនឹងសេចក្តីប្រកាសដែលអាចធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់នេះនាខែឧសភាខាងមុខនេះ។
កញ្ចប់អាវុធលើកនេះត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រោមការដឹកនាំរបស់លោក Joe Biden មិនបានជោគជ័យក្នុងការបញ្ចប់កតិកាសញ្ញាលើវិស័យការពារជាតិជាមួយនឹងរដ្ឋាភិបាលរីយ៉ាដជុំវិញបញ្ហាធ្វើឲ្យទំនាក៉ទំនងកាទូតជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលត្រឡប់មកធម្មតាឡើងវិញ។
សូមរំលឹកដែរថា អ្វីដែលជាសំណើរបស់អតីតមេដឹកនាំ លោក Joe Biden ធ្លាប់បានធ្វើឡើងចំពោះអារ៉ាប៊ីសាអូឌីតនោះគឺដូចជាការទាមទារឲ្យមានការបោះបង់ចោល និងរឹតត្បិតការនាំចូលអាវុធពីប្រទេសចិន ក៏ដូចជាកាត់បន្ថយសកម្មភាពវិនិយោគរបស់ចិននៅក្នុងប្រទេសផង ប៉ុន្តែយ៉ាងណាក្តី សម្រាប់រដ្ឋបាលលោក Trump គេពុំទាន់បានដឹងទេថា លក្ខខណ្ឌនៃការលក់អាវុធនេះដូចគ្នា ឬក៏យ៉ាងណានោះទេ។ រហូតមកដល់ពេលនេះ ទាំងសេតវិមាន និងរដ្ឋាភិបាលរបស់អារ៉ាប៊ីសាអូឌីតគឺនៅមិនទាន់ចេញមកធ្វើការអះអាង ឬឆ្លើយតបទៅនឹងអ្វីដែលរ៉យទ័របានស្នើសួរបន្ថែមនោះទេ។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិបានថ្លែងថា៖បច្ចុប្បន្នទំនាក់ទំនងវិស័យការពារជាតិរវាងប្រទេសទាំងពីរបានឈានទៅដល់កម្រិតមួយល្អជាងមុន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។ លោក Donald Trump បានលើកឡោះងថាការថែរក្សាកិច្ចសហប្រតិបត្តិការសន្តិសុខនៅតែជាកិច្ចការងារដ៏ចាំបាច់សម្រាប់ភាពជាដៃគូរបស់អាមេរិក។ ដូច្នេះអាមេរិកនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអារ៉ាប៊ីសាអូឌីតដើម្បីគាំទ្រលើគ្រប់តម្រូវការទាំងឡាយពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ។
គួរឲ្យដឹងដែរថា នៅក្នុងផែនការលក់អាវុធជាង១០០ពាន់លានដុល្លារនោះ គេនឹងអាចមើលឃើញថាក្រុមហ៊ុនអ្នកផលិត Lockheed Martin Corp នឹងដើរតួសំខាន់ជាងគេក្នុងការផ្គត់ផ្គង់អាវុធទំនើបៗជាច្រើនប្រភេទបូករួមទាំងយន្តហោះដឹកជញ្ជូនយោធា C-130 ព្រមទាំងមីស៊ីលល្បីៗ និងប្រព័ន្ធរ៉ាដាផងដែរ៕