បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងបន្ទាបពន្ធគយលើការនាំចូលទំនិញភាគច្រើនរបស់វៀតណាមតាមការសន្យា។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថា ការនាំចូលទំនិញភាគច្រើនពីវៀតណាមនឹងប្រឈមពន្ធ ២០% ប៉ុន្តែការនាំចេញពីប្រទេសទី ៣ តាមរយៈវៀតណាមនឹងប្រឈមពន្ធ ៤០%។ លើសពីនេះ វៀតណាមអាចនាំចូលផលិតផលអាម៉េរិកជាមួយនឹងពន្ធ ០%។ ទន្ទឹមនឹងនេះ គេសង្ស័យថា ប្រទេសទីបីដែលនាំចេញទំនិញតាមរយៈវៀតណាមគឺជាប្រទេសចិន ដោយសារផលិតផលដែលផលិតនៅក្នុងប្រទេសចិនភាគច្រើនបានដាក់ស្លាកថា ” Made in Vietnam ឬ ផលិតនៅវៀតណាម”។
គួរកត់សម្គាល់ថា ក្នុងអំឡុងពេលដែល Trump ប្រកាសការយកពន្ធឲ្យមានភាពស្មើគ្នាកាលពីខែមេសា ការនាំចូលទំនិញវៀតណាមមកកាន់អាម៉េរិកនឹងត្រូវបង់ពន្ធ ៤៦%។ ក្រោយមក Trump បានផ្អាកយកពន្ធថ្មីរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំងនោះចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។
បន្ទាប់ពីនិយាយជាមួយលោក To Lam មេដឹកនាំកំពូលរបស់វៀតណាម Trump បានបង្ហោះលើ Truth Social ថា “វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម” ។ ការប្រកាសរបស់ Trump កើតឡើងតែប៉ុន្មានថ្ងៃមុនថ្ងៃទី ៩ ខែកក្កដា ដែលជាថ្ងៃផុតកំណត់នៃការផ្អាកយកពន្ធឲ្យមានភាពស្មើរគ្នារយៈពេល ៩០ ថ្ងៃ។
យ៉ាងណាមិញ វាមិនច្បាស់ទេថា តើផលិតផលណាខ្លះដែល Trump បានទម្លាក់ពន្ធមកត្រឹម ២០%? លើសពីនេះ រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់ពីកម្រិតពន្ធគយជាក់លាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីក្របខ័ណ្ឌពាណិជ្ជកម្មនោះទេ។ ទីក្រុងហាណូយបានលើកឡើងថា ប្រទេសវៀតណាមនឹងប្តេជ្ញាក្នុងការផ្តល់ការអនុគ្រោះឲ្យអាម៉េរិកនូវការចូលក្នុងទីផ្សារវៀតណាម។ គួរឲ្យបញ្ជាក់ដែរថា អាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងយោធារវាងប្រទេសទាំងពីរកំពុងរីកចម្រើនដូចគ្នា។ លើសពីនេះ មេដឹកនាំវៀតណាម To Lam បានស្នើ Trump ឱ្យអាម៉េរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងដកការរឹតបន្តឹងលើការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់របស់អាម៉េរិកមកកាន់វៀតណាម។