បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលមានតម្លៃស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុប((GDP) របស់ប្រទេស។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលវៀតណាមបានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានចំនួន ២៥០កន្លែង ដែលមានតម្លៃសរុប ៤៩ ពាន់លានដុល្លារ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនកំណើនសេដ្ឋកិច្ចដល់ ៨% នៅឆ្នាំនេះ និងសម្រេចបាននូវកំណើនដល់លេខពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ជាក់ស្ដែង រហូតមកដល់ពេលនេះ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស ដែលធ្វើឱ្យវាងាយរងគ្រោះទៅនឹងឥទ្ធិពលពីខាងក្រៅ ដូចជា ពន្ធគយថ្មីៗរបស់អាម៉េរិកជាដើម។ យ៉ាងណាមិញ វៀតណាមមានគោលបំណងកាត់បន្ថយភាពងាយរងគ្រោះនេះដោយខិតខំជំរុញតម្រូវការក្នុងស្រុកតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលវៀតណាមបានរាយការណ៍ថា ក្នុងចំណោមគម្រោងចំនួន ២៥០ គឺមាន ១៦១ គម្រោងនឹងចាប់ផ្តើមសាងសង់ ខណៈដែល ៨៩ ជិតបានបញ្ចប់។ របាយការណ៍បញ្ជាក់ថា គម្រោងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ព្រលានយន្តហោះ ផ្លូវរថភ្លើង ផ្លូវថ្នល់ និងផ្សេងទៀត) មានចំនួន ៥៩, គម្រោងឧស្សាហកម្មចំនួន ៥៧, គម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចំនួន ៣៦, គម្រោងលំនៅដ្ឋានសង្គម និងស៊ីវិលចំនួន ២២, និង គម្រោងអភិវឌ្ឍន៍ទីក្រុងចំនួន ៤៤។ លើសពីនេះ រដ្ឋនឹងផ្តល់មូលនិធិ ៣៧% ខណៈដែល ៦៣% នឹងបានមកពីប្រភពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ គម្រោងគួរឱ្យកត់សម្គាល់រួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលដំណើរការដោយក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយយោធា Viettel ដែលនឹងធ្វើការស្រាវជ្រាវលើឧបករណ៍បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត និងទិន្នន័យ ដែលមានតម្លៃប្រហែល ១០ ទ្រីលានដុង (៣៧៨,៥៦ លានដុល្លារ)។ គម្រោងផ្សេងទៀតរួមមាន មជ្ឈមណ្ឌលតាំងពិពណ៌វៀតណាមថ្មីរបស់ Vingroup ជាកន្លែងរៀបចំព្រឹត្តិការណ៍ និងការតាំងពិពណ៌នានា ខណៈដែលស្ពាន Rach Mieu 2 ដែលមានតម្លៃ ៦,៨ ទ្រីលានដុង (២៥៧,៤០ លានដុល្លារ) ក៏នឹងត្រូវបើកឱ្យធ្វើចរាចរណ៍ផងដែរ។ បន្ថែមពីណេះ គម្រោងផ្សេងទៀតរួមមាន មន្ទីរពេទ្យមហារីកនៅខេត្ត Nghe An, គម្រោងថាមពលខ្យល់តម្លៃ ១,៥៧ លានដុង (៥៩,៤៣ លានដុល្លារ), និងគម្រោងសួនកម្សាន្ត និងពាណិជ្ជកម្មតម្លៃ ៧៩,៨ ទ្រីលានដុង (៣ ពាន់លានដុល្លារ) នៅទីក្រុងដាណាង។ មិនត្រឹមតែប៉ុណ្ណោះ ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសនឹងចូលរួមនៅក្នុងគម្រោងនេះ។ ជាក់ស្តែង ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo Corp. កំពុងធ្វើការជាមួយក្រុមហ៊ុនវៀតណាម BRG និង មានកិច្ចសន្យាសាងសង់ ៤,២ ពាន់លានដុល្លារនៅក្នុងគម្រោង North Hanoi Smart City ។ វាគឺជាគម្រោងទីក្រុងឆ្លាតវៃដែលត្រូវបានពន្យារពេលជាយូរមកហើយ។
បន្ថែមពីលើគម្រោងទាំងនេះ វៀតណាមត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការព្រលានយន្តហោះដ៏ធំបំផុតរបស់ប្រទេសគឺ Long Thanh នៅខេត្ត Dong Nai ក្នុងខែធ្នូខាងមុខនេះ។ អាកាសយានដ្ឋានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ។ រដ្ឋាភិបាលក៏គ្រោងនឹងបើកផ្លូវល្បឿនលឿនថ្មីប្រវែង ៣ ពាន់គីឡូម៉ែត្រនៅដំណាច់ឆ្នាំនេះផងដែរ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content