ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
សកម្មភាពជួញដូរប្រចាំថ្ងៃនៅលើទីផ្សារមូលបត្រកម្ពុជាអាចឡើងដល់ ៤ លានដុល្លារ ក៏ប៉ុន្តែ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង ២៨ មានតែក្រុមហ៊ុនចំនួន ១២ ប៉ុណ្ណោះ ដែលមានសកម្មភាពជួញដូរ និងវិនិយោគ ខណៈក្រុមហ៊ុនចំនួន ១៦ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ឬអាចហៅថាប័ណ្ណបំណុល។
នាពេលកន្លងមក លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ឱ្យដឹងថា ប័ណ្ណបំណុលមិនមានការជួញដូររាល់ថ្ងៃនោះទេ ប៉ុន្តែការជួញដូរនៅតែមានជាទៀងទាត់ ដោយរាល់ខែយ៉ាងហោចណាស់មាន ២ ទៅ ៣ លើក។ ការវិនិយោគលើប័ណ្ណបំណុលភាគច្រើនធ្វើឡើងដោយវិនិយោគិន ជាស្ថាប័ន ដូចជា ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដែលត្រូវការលក់បន្ត ឬទិញទុក ដើម្បីទទួលបានការប្រាក់ថេរមួយ។

ជាមួយនឹងផែនការយុទ្ធសាស្ត្របន្ទាប់ លោក ហុង សុហួរ បានបន្តថា ទោះបីការជួញដូរប័ណ្ណបំណុលមានចំនួនតិចក៏ដោយ ប៉ុន្តែរាល់ការទិញ ឬលក់ គិតជាទឹកប្រាក់ដែលប្រមូលបាន គឺច្រើនជាងការវិនិយោគមូលបត្រកម្មសិទ្ធិ។
យោងតាមរបាយការណ៍របស់ CSX ចាប់តាំងពីឆ្នាំ២០១៨ មកដល់ខែកញ្ញា ឆ្នាំ២០២៦ ការបោះផ្សាយប័ណ្ណបំណុលនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងវិនិយោគិន។
មូលធន ឬសាច់ប្រាក់សរុបដែលប្រមូលបានពីការបោះផ្សាយសញ្ញាបណ្ណ មានប្រមាណ ២,៣៥៦,៩៧០,០០០,០០០ រៀល ឬ ចំនួន ៥៨៩ ២៤៣ ២៧៥ ដុល្លារអាមេរិក។
តាមរយៈការបោះផ្សាយសញ្ញាបណ្ណសរុបចំនួន ២៣ លើក (២៣,៥៦៩,៧៣១ បណ្ណ) សរុបដើមទុនដែលប្រមូលបានទាំងពីភាគហ៊ុន និងសញ្ញាបណ្ណ មានប្រមាណជា ២,៨៧៩,៨០០,០០០,០០០ រៀល ឬស្មើនឹងចំនួន ៧១៩,៩៤៩,៦៣១.៣៩ ដុល្លារអាមេរិក។
របាយការណ៍ក៏បានបង្ហាញថា សម្រាប់កាលបរិច្ឆេទចាប់ផ្តើម៖ ការបោះផ្សាយសញ្ញាបណ្ណដំបូងគេគឺ HKL នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ហើយការបោះផ្សាយចុងក្រោយគេក្នុងតារាងគឺ LOLC31A នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
បើមើលទៅតាមតារាង ភាគច្រើនជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ដូចជា ACLEDA, ABA, PPCBank, LOLC…) ព្រមទាំងមានក្រុមហ៊ុនក្នុងវិស័យផ្សេងៗទៀតដូចជា កសិកម្ម, អប់រំ, និងថាមពលព្រះអាទិត្យ/ហេដ្ឋារចនាសម្ព័ន្ធជាដើម។
គួរបញ្ជាក់ផងដែរថា សម្រាប់ប័ណ្ណបំណុលនេះ ភាគច្រើនជាវិនិយោគិនស្ថាប័ន ប៉ុន្តែក៏មានការបើកទូលាយឱ្យវិនិយោគិនបុគ្គល (Retail Investors) ចូលរួមផងដែរនៅក្នុងការបោះផ្សាយមួយចំនួន។
ថ្លែងប្រាប់ AMS កាលពីពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគលើសញ្ញាបណ្ណ បាន និងកំពុងមានកំណើន ហើយក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត វាកាន់តែមានការកើនឡើងថែមទៀត។
បើតាមការបញ្ជាក់របស់លោក មូលហេតុដែលជំរុញឱ្យមានការកើនឡើង ព្រោះថា ក្រុមហ៊ុនដែលយកមកចុះបញ្ជីគឺកាន់តែមានស្តង់ដារ ហើយតាមរយៈការបោះផ្សាយនៅលើទីផ្សារមូលបត្រផ្ទាល់ ក្រុមហ៊ុនអាចប្រមូលទឹកប្រាក់បានច្រើនដោយមិនសូវជាចាំបាច់ត្រូវការទ្រព្យធានាក្នុងការវិនិយោគនោះឡើយ។
លោក ទ្រី តៃហ៊ី បានបន្តថា ដូចនេះហើយទើបក្រុមហ៊ុនកាន់តែច្រើនឡើងព្យាយាមកសាងស្តង់ដារឱ្យបានគ្រប់គ្រាន់ ដើម្បីអាចបោះផ្សាយសញ្ញាបណ្ណតាមរយៈទីផ្សាររបស់ផ្សារមូលបត្រកម្ពុជា។ តាមរយៈនេះ ក្រុមហ៊ុនក៏អាចមានជម្រើសបន្ថែម ឬអាចកាត់បន្ថយការការពឹងផ្អែកលើការខ្ចីប្រាក់ពីធនាគារ ដោយប្ដូរមកប្រមូលទុនលើទីផ្សារមូលបត្រវិញ។
លោកបានកត់សម្គាល់ថា៖ បច្ចុប្បន្ននេះ សញ្ញាបណ្ណមួយចំនួនគឺជាសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណចីរភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនមួយចំនួន មានន័យថា តម្រូវការក៏មាន អ្នកផ្គត់ផ្គង់ក៏មានច្រើន។
សូមជម្រាបថា ការប្រមូលដើមទុនពីប័ណ្ណបំណុល គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តមកលើទីផ្សារ ដែលបង្កើតជាឱកាសផ្តល់ជម្រើសផ្សេងៗដល់វិនិយោគិនពីសំណាក់ក្រុមហ៊ុនបោះផ្សាយទាំងនោះ។ មកដល់ពេលនេះ ជាទូទៅក្រុមហ៊ុនទាំងនោះផ្តល់ជាជម្រើសពីរគឺ សញ្ញាបណ្ណដែលមានអ្នកធានា និងសញ្ញាបណ្ណដែលគ្មានអ្នកធានា។ ដូចនេះ វាអាស្រ័យលើការសម្រេចចិត្តរបស់វិនិយោគិនផ្ទាល់ថា តើពួកគេចង់ជ្រើសរើសវិនិយោគលើសញ្ញាប័ណ្ណប្រភេទណា ប៉ុន្តែ ជាទូទៅ សញ្ញាបណ្ណដែលមានការធានា គឺមានអត្រាការប្រាក់ទាបជាងសញ្ញាបណ្ណដែលគ្មានការធានា៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content