មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់ទៅលើការធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងសហគមន៍គឺជារឿងអាទិភាព ប៉ុន្តែចំពោះការយកចិត្តទុកដាក់ទៅលើមន្ត្រីឧទ្យានុរក្សក៏ជារឿងដែលត្រូវតែគិតគូរផងដែរ។
ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាននាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ បានចុះសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្សដែលកំពុងបម្រើការនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ ការចុះសំណេះសំណាលនេះដែរធ្វើឡើងក្នុងឱកាសប្រារព្ធយុទ្ធនាការអន្ទាក់សូន្យ ដែលនឹងប្រព្រឹត្តទៅ នាខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណទៅដល់មន្ត្រីឧទ្យានុរក្សដែលបានខិតខំបំពេញការងាររបស់ខ្លួនក្នុងការរក្សាទុកធនធានធម្មជាតិជូនកូនចៅជំនាន់ក្រោយ។ មិនត្រឹមតែការអនុវត្តច្បាប់ ប៉ុណ្ណោះទេ មន្ត្រីឧទ្យានុរក្សក៏មានតួនាទីសំខាន់ក្នុងការចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានផ្ទាល់ផងដែរ។ ដោយឡែក កន្លងមកនេះក្រសួងតែងមានការយកចិត្តទុកដាក់បង្កើតជម្រើសមុខរបរជាច្រើន ដោយធ្វើ យ៉ាងណាឱ្យប្រជាជនដែលរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានចំណូលដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារបាន និងជាផ្នែកមួយដែលអាចបង្វែរពួកគេចេញពីការពឹងអាស្រ័យខ្លាំងពេកទៅលើធនធានធម្មជាតិ។
សម្រាប់ពេលនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានរំលេចអំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើជីវភាពរបស់មន្ត្រីឧទ្យានុរក្សផងដែរ។ ចំណុចសំខាន់មួយដែលរដ្ឋាភិបាលបានគិតគូនោះគឺ ការផ្ដល់នូវក្របខ័ណ្ឌការងារ ជាមន្ត្រីរាជការពេញសឹទ្ធិដល់ពួកគេ ខណៈដែលពីមុនមកមន្ត្រីឧទ្យានុរក្សស្ថិតនៅក្នុងក្របខ័ណ្ឌជាមន្ត្រី កិច្ចសន្យា។ ក្រៅពីការងារគោលនេះទៅ ក្រសួងបរិស្ថានថែមទាំងបានគិតគូរទៅលើសន្តិសុខស្បៀងរបស់ពួកគេផងដែរ។

ឯកឧត្តម នេត្រ ភក្ក្រា បានបញ្ជាក់ថា ៖
“ការគិតពីសន្តិសុខស្បៀងនេះយើងមិនមែនគិតគូរតែពីសហគមន៍ទេ តែសម្រាប់យើងជាមន្ត្រីក៏ត្រូវគិតដែរដើម្បីរស់ ដូចជាកងទ័ពជាដើម ដែលពួកគាតគាត់មានដីដាំដុះ ដំណាំផ្សេងៗសម្រាប់ហូបក្នុងស្នាក់ការរបស់ពួកគាត់។”
ឯកឧត្តមបន្តលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាពិសេសមន្ទីរបរិស្ថាននៃខេត្តបាត់ដំបងក្នុងការស្នើសុំ ទៅកាន់ក្រសួងដើម្បីយកសត្វមកចិញ្ចឹម។

ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
“យើងមាននាយកដ្ឋានសហគមន៍ដែលធ្វើការងារលើការផ្ដល់ពូជសត្វដូចជា គោ ពពែ ចៀម ក្របី ហើយខ្ញុំសូមលើកទឹកចិត្ត សូមឱ្យប្រធានមន្ទីរអាចធ្វើលិខិតស្នើសុំប្រភេទពពែ ព្រោះស្នាក់ការយើងធំ។”
ជាក់ស្ដែង កន្លងមកស្នាក់ការនៅខេត្តកំពត កែប កំពង់ស្ពឺជាដើម បានដាក់លិខិតស្នើសុំយកសត្វ ចិញ្ចឹម ហើយជាលទ្ធផលពូជសត្វទាំងនោះបានកើតកូនបន្តទៀត ដែលធ្វើឱ្យសត្វចិញ្ចឹមកាន់តែមានការ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាថ្មីម្ដងទៀត ឯកឧត្តមបានថ្លែងអំណរគុណទៅដល់ការលះបង់របស់មន្ត្រីឧទ្យានុរក្សទាំងស្ត្រី ទាំងបុរស ដើម្បីបំពេញកិច្ចការងារដ៏លំបាកនេះ។ ប៉ុន្តែយ៉ាងណា តាមរយៈការធ្វើកិច្ចការងាររបស់មន្ត្រីឧទ្យានុរក្ស តាំងពីដើមមក រហូតដល់ពេលនេះគឺការកាប់ព្រៃឈើ ការដាក់អន្ទាក់សត្វ និងករណីផ្សេងៗដែលពឹង ផ្អែកខ្លាំងលើធនធានធម្មជាតិមានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបច្ចុប្បន្ននេះមានតែករណីតូច តាចប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content