ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តជុំទី២របស់ខ្លួនក្នុងការបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់សងត្រឡប់របស់អតិថិជនដែលជាគ្រួសារយោធិន និងគ្រួសារជនភៀសឹក ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រួសារ។ ការបន្ធូរបន្ថយនេះ បានធ្វើឡើងសារជាថ្មីម្តងទៀតក្រោយពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលបាន និងកំពុងប្រតិបត្តិការផ្តល់កម្ចីដល់អតិថិជននៅតាមបណ្តាខេត្តជាប់ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបានបន្តពន្យារការបង់ប្រាក់សងត្រឡប់ ខណៈដែលពលរដ្ឋភាគច្រើនកំពុងស្ថិតនៅក្នុងជំរុំភៀសសឹកនៅឡើយ។

លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា បានលើកឡើងថា មកទល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ គ្រឹះស្ថានធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងអនុវត្តនីតិវិធីក្នុងការបន្ធូរបន្ថយជុំទី២ ទៅដល់ពលរដ្ឋភៀសសឹក ពិសេសគ្រួសារកងទ័ពដែលកំពុងជួបផលលំបាកក្នុងស្ថានភាពគ្រួសារ។
លោកបញ្ជាក់ថា ៖
«មកដល់ពេលនេះ គឺគ្រឹះស្ថានធនាគារ គាត់យកចិត្តទុកដាក់ផ្តល់អាទិភាពដល់យោធិនជួរមុខជាដំបូងសិន ហើយបន្តបន្ទាប់មកទៀតគឺធ្វើការសម្របសម្រួល អនុគ្រោះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក»។
លោកថា បងប្អូនជនភៀសសឹកដែលទទួលបានការអនុគ្រោះក្នុងជុំទី១ មូយចំនួន បានឈានជិតដល់រយៈពេលផុតកំណត់ទៅហើយ ដូច្នេះ គ្រឹះស្ថានហិរញ្ញវត្ថុដែលប្រតិបត្តិការកម្ចីក្នុងខេត្តចំនួន០៧ ជាប់ព្រំដែនកម្ពុជា-ថៃ បានកំពុងបំពេញនីតិវិធីក្នុងការបន្ឋូរបន្ថយជាលើកទី ២ បន្តទៀត។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) មានប្រសាសន៍ថា សមាជិកសមាជិកានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(LOLC) កំពុងបន្តនីតិវិធីយ៉ាងសស្រាក់សស្រាំង ក្នុងការជួយសម្រួល ក៏ដូចជាការបន្ធូរបន្ថយដល់អតិថិជនដែលជាជនភៀសសឹក ពិសេសគ្រួសារយុទ្ធជនក្នុងកិច្ចការពារបូរណភាពទឹកដី។
លោកបញ្ជាក់ថា ៖
« គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ សម្រាប់ LOLC គឺយើងធ្វើបានចំនួនច្រើនដែរទាក់ទងទៅនឹងយោធិនដែលប្រយុទ្ធនៅក្នុងសមរភូមិ ហើយនឹងប្រជាជនដែលភៀសសឹក នៅក្នុងតំបន់មានជម្លោះធ្ងន់ធ្ងរនោះ គឺយើងចាប់ផ្តើមធ្វើអាទិភាពមុនគេ»។
សូមជម្រាបថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា សេចក្តីណែនាំលើកទី២ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹកមានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានភាពយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏សូមការអនុគ្រោះពីបងប្អូនជាជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់គ្រួសារវីរៈកងទ័ពជួរមុខជាមុនសិន ដើម្បីលើកទឹកចិត្តដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ៕





វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content