ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំរុញឱកាសកំណើនថ្មី និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម មានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារកម្ពុជា ដែលឈ្មោះថា សហគ្រាស សេកពីរ ដឹកនាំដោយស្ត្រី និងក្រុមហ៊ុនកែច្នៃទឹកដោះគោ មានឈ្មោះថា Khmer Milky Food (KMF) ដែលជាសហកម្មសិទ្ធិរបស់ស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើសហគ្រាសដែលដឹកនាំដោយស្ត្រីអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនេះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្មឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំង សំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ។
សូមជម្រាបថា ឧស្សាហកម្មចំណីអាហាររបស់កម្ពុជាកំពុងរីកចម្រើន ដោយមានអាជីវកម្មក្នុងស្រុកថ្មីៗផលិតផលិតផលថ្មីៗ ខុសពីគ្រាមុនដែលពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង។ ដោយឡែក សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ និងជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ សហគ្រាស KMF ផលិត ឈីស និងយ៉ាអួ មានគុណភាព ពីទឹកដោះគោ មានប្រភពក្នុងស្រុក ផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុក។ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា ហើយកែច្នៃនៅក្នុងស្រុក។
លោកស្រី គឹត សោភ័ណ អ្នកគ្រប់គ្រងផ្នែកវិនិយោគនៃគម្រោង ADB Frontier បានមានប្រសាសន៍ថា សហគ្រាសអាជីវកម្មទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួននៅក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេស ។

បើតាមធនាគារ អភិវឌ្ឍន៍ អាស៊ី បានឱ្យដឹងថា ការវិនិយោគលើសហគ្រាស សេកពីរ នឹងផ្តល់ដើមទុនដើម្បីទិញវត្ថុធាតុដើមក្នុងបរិមាណច្រើននៅរដូវប្រមូលផល ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនការផលិតសម្រាប់ការពង្រីកទីផ្សារនាំចេញទៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់។ ការវិនិយោគលើសហគ្រាស KMF នឹងផ្តល់មូលនិធិសម្រាប់ឧបករណ៍ផលិតកម្ម និងម៉ាស៊ីនវេចខ្ចប់ទំនើបជាងមុន បង្កើនសមត្ថភាពផលិត និងពង្រឹងការគ្រប់គ្រងគុណភាពផលិតកម្មឱ្យកាន់តែល្អជាងមុន ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content