ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះគឺជាការរឹតចំណងសាមគ្គីភាពក្នុងបណ្តាប្រទេសដែលនិយាយភាសាបារាំង។ វាជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងមិត្តភាព និងការវិនិយោគ ដើម្បីជំរុញភាពរីកចម្រើនទាំងអស់គ្នា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងដែរថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាបម្រើលើវិស័យទេសចរណ៍។ ការធ្វើដំណើរគ្រប់ទីកន្លែងត្រូវតែមានសុវត្ថិភាព និងអាចទៅកម្សាន្តគ្រប់ទីកន្លែង ហើយក្រៅពីនេះ ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសអាចធ្វើការវិនិយោគដោយទំនុកចិត្ត សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ផ្ទុយមកវិញ បើគ្មានសន្តិភាពទេ វិស័យទេសចរណ៍មិនអាចដំណើរការបានល្អ ហើយអ្នកវិនិយោគមិនហ៊ានអនុវត្តគម្រោង ដែលជំរុញឱ្យភាពរីកចម្រើនជួយឧបសគ្គ និងមិនអាចទៅមុខរួចឡើយ។
ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍បញ្ជាក់ថា៖ «តាមបទពិសោធន៍ដែលយើងបានជួបកន្លងមក បើគ្មានសន្តិភាព យើងមិនមានអ្វីទាំងអស់។ ម្ល៉ោះហើយសន្តិភាព គឺជារឿងមួយសំខាន់ចាំបាច់ រួមទាំងការថែរក្សាអភិរក្សទាំងកេរ្តិ៍ដំណែលវប្បធម៌ជាតិផង។ វិស័យទេសចរណ៍កម្ពុជាប្រៀបប្រដូចដុំមាស ពេជ្រ ហើយទាំងនេះក៏ផ្តើមចេញពីប្រទេសកម្ពុជាមានសន្តិភាពនេះដែរ។ ការដែលមានសន្តិភាពនេះធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើនក្នុងនាមជាសសរទ្រូងសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ បានថ្លែងបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវេទិការពិភាក្សារវាងអាស៊ី អឺរ៉ុប អាហ្វ្រិក និងបណ្តាប្រទេសប្រើភាសាបារាំងដើម្បីរកភាពរីកចម្រើនជាច្រើនវិស័យ។ សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះដែរ កម្ពុជាចង់ផ្ញើសារទៅដល់គ្រប់បណ្តាប្រទេសជាមិត្តពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពយ៉ាងកក់ក្តៅ។
គួរបញ្ជាក់ថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត៕ ដោយ ៖ ម៉ាដេប៉ូ,រូបភាព៖ លោក ជីម ភារា





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content