កណ្តាល ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា) ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល ច្រកទ្វារនេះនឹងបង្កើនទំហំនាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរហ័សទាន់ចិត្ត ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយសន្តិភាព និងសេដ្ឋកិច្ចរីកចម្រើន។

ថ្លែងប្រាប់ AMS កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍ថា បើនិយាយដល់ច្រកថ្មីនេះ សំដៅដល់ការបើកឲ្យភ្ញៀវអន្តរជាតិ អាចឆ្លងកាត់បានទៅវិញទៅមក ដែលជំរុញដល់ទេសចរអន្តរជាតិ។ តែសម្រាប់ទំនិញ កន្លងមក នៅពេលប្រទេសវៀតណាម មិនទាន់ដំឡើងច្រកទៅជាច្រកអន្តរជាតិ ប្រទេសទាំងពីរបានផ្លាស់ប្តូរពាណិជ្ជកម្មគ្នាទៅវិញទៅមករួចមកហើយ។ ម្យ៉ាងទៀត ក៏ជួយសម្រួលដល់ការជំរុញ និងបង្កើនទំហំកសិផលរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្ថែមទៀត។
ចំពោះសំណួរសួរថា តើការបើកច្រកនេះអាចនឹងបង្កើតភាពប្រកួតប្រជែងសម្រាប់អ្នកផ្គត់ផ្គង់នៅក្នុងខេត្តកណ្ដាលដែរ ឬទេ ព្រោះទំនិញវៀតណាមអាចនឹងហូរចូលមកងាយស្រួល ?
លោក ជី ស៊ីវត្ថា បានបញ្ជាក់ថា ៖«ខ្ញុំគិតថា និយាយដល់ការធ្វើពាណិជ្ជកម្ម គឺត្រូវតែមានការប្រកួតប្រជែង។ ការហូរចូលទំនិញពីប្រទេសវៀតណាម មកងាយស្រួល អាស្រ័យទៅលើតម្រូវការ គុណភាព និងបង់ពន្ធត្រឹមត្រូវ។ ណាមួយ ប្រទេសកម្ពុជា ក៏ជាសមាជិករបស់ WTO ផងដែរ»។
លោកមិនបានបញ្ជាក់ប្រាប់ទេថា តើរដ្ឋបាលខេត្តមានគោលនយោបាយបែបណា ដើម្បីធានានូវផលប្រយោជន៍របស់ប្រជាជន ជៀសវាងកុំនាំទំនិញពីវៀតណាមច្រើនពេក ពីព្រោះអាចធ្វើអោយអ្នកផ្គត់ផ្គង់ដែលជាខ្មែរត្រូវប៉ះពាល់។ ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថា ដោយសារកម្ពុជា ប្រកាន់នូវសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះ ការនាំចេញ-នាំចូលនេះ នៅច្រកទ្វារព្រំដែន គឺមានទាំងការនាំចេញ និងនាំចូល ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមកកម្ពុជាវិញ។
ជាមួយគ្នានេះដែរ ដើម្បីធានាបានថា រាល់ការនាំចូលទំនិញនៅច្រកនោះគឺស្របច្បាប់១០០ភាគរយ រដ្ឋបាលខេត្តកណ្ដាលដែលមានសាខាគយ និងរដ្ឋាករ ជាសេនាធិការ គឺរាល់ទំនិញនាំចូល ត្រូវត្រួតពិនិត្យស្របច្បាប់ ១០០ភាគរយ តាមយន្តការគយ។ គួរបញ្ជាក់ផងដែរថា ទំហំសេដ្ឋកិច្ចធំរបស់រដ្ឋបាលខេត្ត គឺលើវិស័យកសិកម្ម។ នេះបើយោងតាមការលើកឡើងរបស់លោក ជី ស៊ីវត្ថា។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៩ខែដំបូងនៃឆ្នាំ២០២៦នេះ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានឈានដល់ ៦.៥ពាន់លានដុល្លារ ដែលមានការកើនឡើង ៨.៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥។
ជាមួយនឹងការបញ្ជាក់នេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋបាលខេត្ត ពីព្រោះ ជាទូទៅការបើកដំណើរការនៃច្រកអន្តរជាតិនេះ នឹងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ជាពិសេស រវាងប្រជាជនដែលរស់នៅតាមតំបន់ច្រកទាំងពីរ។
តាមការសង្កេតរបស់លោកបណ្ឌិត ហុង វណ្ណៈ កន្លងមកប្រជាជននៃប្រទេសទាំងពីរ គឺមានការផ្លាស់ប្តូរ ដែលគេហៅថា អាជីវកម្ម ហើយការផ្លាស់ប្តូរក្នុងរូបភាពកម្លាំងពលកម្ម ក៏មានច្រើនផងដែរ។ មានន័យថា ប្រជាជន ឬក៏យុវជនវៀតណាម បានឆ្លងមកធ្វើការនៅប្រទេសកម្ពុជា ជាពិសេសនៅកន្លែងកាស៊ីណូ និងកន្លែងកម្សាន្តផ្សេងទៀត ដែលចម្រើនដល់វិស័យទេសចរណ៍។ រីឯកម្លាំងពលកម្មកម្ពុជាមិនសូវហូរចេញទៅធ្វើការនៅខាងប្រទេសវៀតណាមនោះទេ។
ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានលំហូរចូលនូវប្រភេទបន្លែ ផ្លែឈើ ជាពិសេស ការនាំចូលច្រើនពីខាងវៀតណាម។ ចំណែកឯពីខាងកម្ពុជា គឺមានការនាំចេញនូវកសិផល ដូចជា ស្រូវ ត្រី សាច់ ក្នុងបរិមាណតិចជាងការនាំចូលរបស់ប្រទេសវៀតណាម។
អ្នកជំនាញរូបនេះបញ្ជាក់ដូច្នេះថា ៖ «អញ្ចឹងកន្លែងនេះ ខ្ញុំគិតថា កម្ពុជាយើងគួរតែសិក្សារថា តើទំនិញយុទ្ធសាស្ត្រអ្វីខ្លះដែលយើងអាចនាំចេញទៅលក់នៅតាមច្រកនេះបាន។ ចំណុចទីពីរ ចម្ងាយផ្លូវក៏មិនឆ្ងាយដែរ ជាង ៦០ គីឡូ គឺដល់ប្រទេសវៀតណាមហើយ។ បើយើងនិយាយអំពីថ្លៃដឹកជញ្ជូន ឬក៏កម្រៃនៃការដឹកជញ្ជូនហ្នឹងក៏ជិតដែរ ដែលអាចជួយដល់ការដឹកជញ្ជូនចេញនូវទំនិញដែលទៅលក់នៅប្រទេសវៀតណាម ដែលនាំយកប្រយោជន៍សេដ្ឋកិច្ចច្រើនដែរ»។
លោកក៏បានគូសបញ្ជាក់ដែរថា ការតភ្ជាប់នេះមិនត្រឹមតែជួយសេដ្ឋកិច្ចក្នុងខេត្តកណ្ដាលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចជួយ ឬក៏ពិនិត្យលទ្ធភាពទីផ្សារទំនិញប៉ែកខាងខេត្តតាកែវ កំពង់ស្ពឺ ឬក៏ទំនិញពីខេត្តកំពង់ឆ្នាំងផងដែរ។ ដូចនេះហើយលោកក៏បានអំពាវនាវឱ្យមានគោលនយោបាយលើកទឹកចិត្ត ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់មួយកម្រិតថែមទៀត ដើម្បីបង្កើនផលិតផលក្នុងស្រុកហើយនាំចេញទៅវៀតណាម៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content