បរទេស៖ រដ្ឋមន្ត្រីថាមពលនៃបណ្តាប្រទេសអាស៊ាននឹងជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី៧-៨ ខែតុលា ដើម្បីពិភាក្សាអំពីភាពងាយរងគ្រោះរបស់តំបន់ពាក់ព័ន្ធនឹងការនាំចូលថាមពល និងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍របស់ CNA។
សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបន្តអូសបន្លាយ បានជំរុញឱ្យអាស៊ានពន្លឿនការអនុវត្តផែនការសន្តិសុខថាមពល ដើម្បីកាត់បន្ថយហានិភ័យពីការឡើងថ្លៃប្រេងភ្លាមៗ ដែលអាចបង្កឡើងដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដឹកជញ្ជូនតាមសមុទ្រនៅមជ្ឈិមបូព៌ា។
បច្ចុប្បន្ន អាស៊ាននាំចូលប្រេងឆៅពីមជ្ឈិមបូព៌ាលើសពី ៥០ ភាគរយ សម្រាប់រោងចក្រចម្រាញ់ប្រេង ខណៈតម្លៃប្រេងឆៅបន្តស្ថិតក្នុងរង្វង់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល។ ស្ថានភាពនេះធ្វើឱ្យក្តីបារម្ភអំពីសន្តិសុខថាមពលកាន់តែស្មុគស្មាញ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងរបស់ចិនបានផ្អាកការនាំចេញសម្រាប់ខែតុលា។
ការកើនឡើងនៃតម្លៃប្រេងបានបង្កើនចំណាយសម្រាប់គ្រួសារនៅក្នុងតំបន់ និងកាត់បន្ថយប្រាក់ចំណូលរបស់អ្នកបើកបរក្នុងវិស័យដឹកជញ្ជូន។
ក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានត្រូវបានរំពឹងថានឹងពិនិត្យ និងអនុវត្តកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (APSA) ដើម្បីសម្របសម្រួលការឆ្លើយតបក្នុងគ្រាអាសន្ន។ គំនិតផ្តួចផ្តើមរយៈពេលវែង រួមមានបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ។
រដ្ឋមន្ត្រីថាមពលអាស៊ានក៏ត្រូវបានរំពឹងថានឹងពិភាក្សាអំពីវិធីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេលវែង ដោយថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី និងប្រសិទ្ធភាពថាមពល នឹងក្លាយជាប្រធានបទសំខាន់។
ទោះជាយ៉ាងណា មជ្ឈមណ្ឌលថាមពលអាស៊ានបានព្រមានក្នុងឯកសារគោលនយោបាយមួយថា ការរំខានធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា អាចធ្វើឱ្យអាស៊ានខ្វះខាតប្រេងដល់ ២៨ ភាគរយ ដែលជាកម្រិតហានិភ័យខ្ពស់។ ការខ្វះខាតប្រេងក្នុងស្តុក ក៏នៅតែជាឧបសគ្គដល់ការអនុវត្ត APSA ផងដែរ។
ជាមួយគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា តម្លៃនាំចូលថាមពលរបស់អាស៊ានអាចកើនឡើងពី ៨០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ២៤៥ ពាន់លានដុល្លារនៅឆ្នាំ២០៣៥ ប្រសិនបើគ្មានការផ្លាស់ប្តូររចនាសម្ព័ន្ធ។
IEA បង្ហាញថា ប្រសិនបើអាស៊ានពង្រីកការប្រើប្រាស់អគ្គិសនី និងប្រេងជីវឥន្ធនៈឱ្យកាន់តែទូលំទូលាយ នោះនឹងជួយកាត់បន្ថយតម្រូវការប្រេង និងកាត់បន្ថយហានិភ័យពីការប្រែប្រួលតម្លៃនាំចូលប្រេង៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content