ភ្នំពេញ ៖ ប្រជាសហគមន៍នេសាទត្រពាំងសង្កែ កំពុងរីករាយជាមួយនឹងចំណូលប្រចាំថ្ងៃ ក្រោយទទួលបានកាដូពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលធ្វើឱ្យចំណូលរបស់ពួកគេកើនឡើងជាងមុនជាមួយនឹងកំណើនភ្ញៀវទេសចរ ។
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែបានមានប្រសាសន៍ថា សហគមន៍នេសាទត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ សហគមន៍នេះ បានចាប់ផ្ដើមកកើតដំបូងក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងដើម្បីអភិរក្សធនធានធម្មជាតិ ហើយក្រោយៗមក ប្រជាសហគមន៍ក៏បានចាប់ផ្ដើមរៀបចំជាតំបន់ទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរមកលេងកម្សាន្ត ដែលអាចឱ្យប្រជាសហគមន៍ទទួលបានចំណូលមួយផ្នែកផងដែរ ។

លោកបន្តថា ដំបូងឡើយ នៅក្នុងសហគមន៍នេះ មានភ្ញៀវទេសចរតិចតួចបំផុត ដែលស្គាល់ និងទៅលេងកម្សាន្ត ដោយសារតែពេលនោះ មិនមានផ្លូវ មិនមានហេដ្ឋារចនាសម្ព័ន្ធ ហើយការរៀបចំ ក៏ទើបតែបានបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយមកទៀត ប្រជាសហគមន៍ក៏បានរួមគ្នាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ប៉ុន្តែវាមិនអាចបានលឿនរហ័សទេ ។ ក្រោយមកទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានមកទស្សនា និងមានការពេញចិត្តនូវការរៀបចំក្នុងសហគមន៍ ហើយក៏បានជួយអភិវឌ្ឍន៍បន្ថែម ដូចជា ធ្វើផ្លូវថ្មី រៀបចំចំណតរថយន្តបានត្រឹមត្រូវ និងសាងសង់បន្ទប់ទឹកសម្រាប់ភ្ញៀវទេសចរបានគ្រប់គ្រាន់ ។
លោកបន្ថែមថា បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានជួយអភិវឌ្ឍក្នុងសហគមន៍ ធ្វើឱ្យភ្ញៀវទេសចរកាន់តែច្រើនបានស្គាល់ និងបានទៅដល់សហគមន៍ដើម្បីទស្សនា និងកម្សាន្តនៅទីនោះ ដូចជាជិះទូកលេងកម្សាន្ត ដើរមើលព្រៃកោងកាងជាដើម ។
លោកថា ៖« មុនពេល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដី បានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ក្នុងមួយសប្ដាហ៍មានភ្ញៀវទេសចរប្រមាណតែ ៤០០នាក់ទៅ ៦០០នាក់ប៉ុណ្ណោះមកលេងកម្សាន្ត តែក្រោយពេលឯកឧត្តមបានមកជួយអភិវឌ្ឍឃើញថា ក្នុងមួយសប្ដាហ៍មានភ្ញៀវទេសចរចន្លោះពី ១២០០នាក់ទៅ ១៦០០នាក់មកដល់សហគមន៍របស់យើង » ។
ប្រធានសហគមន៍រូបនេះ បានបន្ថែមទៀតថា នៅពេលមានភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅក្នុងសហគមន៍ត្រពាំងសង្កែកាន់តែច្រើនឡើងៗបែបនេះ ធ្វើឱ្យចំណូលរបស់ប្រជាសហគមន៍ក៏កើនឡើងដែរ តាមរយៈការលក់ម្ហូបអាហារជូនភ្ញៀវទេសចរ ការជួលទូកឱ្យភ្ញៀវទេសចរជិះមើលទេសភាពតាមដងព្រែក និងមាត់សមុទ្រក្នុងសហគមន៍ និងផ្ដល់ទីតាំងស្នាក់នៅជូនភ្ញៀវទេសចរជាដើម ។

លោកបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា នៅពេលអនាគតឆាប់ៗនេះ ជាពិសេសនៅពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកបានល្អប្រសើរឡើងវិញ ហើយលោករំពឹងថា ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងសហគមន៍ត្រពាំងសង្កែ នឹងមានចំនួនកាន់តែច្រើន ហើយប្រជាសហគមន៍ក៏នឹងទទួលបានចំណូលកាន់តែខ្ពស់ ស្របពេលហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសាងសង់រួចរាល់ជាបន្តបន្ទាប់ និងកំពុងប្រើប្រាស់ជាប្រយោជន៍ ។
សូមជម្រាបថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសហគមន៍ត្រពាំងសង្កែជា «ម៉ូឌែល ឬគំរូជោគជ័យ» មួយនៃការគ្រប់គ្រងធនធានធម្មជាតិ ដែលអាចយកទៅអនុវត្តនៅតាមតំបន់ឆ្នេរ ឬតំបន់ការពារផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
ជានិច្ចជាកាល ឯកឧត្តម តែងតែបញ្ជាក់ថា «បរិស្ថាន និងការអភិវឌ្ឍ ត្រូវដើរទន្ទឹមគ្នា» ហើយសហគមន៍ត្រពាំងសង្កែ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា ការថែរក្សាធម្មជាតិពិតជាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕






វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content