បរទេស៖ កំណើនសេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទី ៣ ដែលជំរុញដោយការនាំចេញកើនឡើងខ្លាំងលើសពីការរំពឹងទុក ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះដដែល នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ការិយាល័យស្ថិតិជាតិចិន (NBS) បានចេញផ្សាយថា កំណើនសេដ្ឋកិច្ចបានកើនឡើងរហូតដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ ខែកញ្ញា)។ អត្រានេះល្អប្រសើរជាងការរំពឹងទុកដែលមានត្រឹម ៤,៤ ភាគរយ និងខ្ពស់ជាងត្រីមាសទី២ ដែលមានត្រឹម ៤,៣ ភាគរយ (ខែមេសា ដល់ ខែមិថុនា) ។ កំណើននេះបានជួយសម្រាលសម្ពាធដល់ក្រុមអ្នករៀបចំគោលនយោបាយក្នុងការដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំ ខណៈដែលកំណើនសរុបចាប់តាំងពីខែមករា ដល់ខែកញ្ញា សម្រេចបាន ៤,៦ ភាគរយ ស្ថិតនៅចន្លោះគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលពី ៤,៥ ភាគរយទៅ ៥ ភាគរយ។ ជាមួយគ្នានេះដែរ ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,៥ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹងខែសីហា ដែលមានត្រឹម ៥,២ ភាគរយ ហើយក៏ជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

យ៉ាងណាក៏ដោយ បើទោះបីជាទីក្រុងប៉េកាំងពឹងផ្អែកខ្លាំងលើការនាំចេញសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក៏ដោយ ប៉ុន្តែកម្លាំងអូសទាញសេដ្ឋកិច្ចមួយនេះក៏កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងផងដែរ ដោយសារតម្រូវការក្នុងស្រុកនៅតែខ្សោយ ខណៈដែលពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបកាន់តែមានភាពតានតឹង។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធសាស្ត្ររបស់ចិនក្នុងការបង្វែរឥណទាន និងធនធានពីវិស័យអចលនទ្រព្យទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាជឿនលឿន បានធ្វើឱ្យសេដ្ឋកិច្ចដើរក្នុងល្បឿនពីរខុសគ្នា រវាងភាពរឹងមាំ នៃទិន្នផលរោងចក្រ និងការនាំចេញបានបិទបាំងនូវភាពទន់ខ្សោយនៃការប្រើប្រាស់ និងការវិនិយោគឯកជនក្នុងស្រុក។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនកាន់តែរីកធំជាងការរំពឹងទុក ដោយសារការនាំចេញបានស្ទុះកើនឡើងយ៉ាងខ្លាំង ពោលគឺអាចធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ចិនកើនលើសពីកំណត់ត្រា ១,២ ទ្រីលានដុល្លារកាលពីឆ្នាំមុន និងកាន់តែមានភាពតានតឹងជាមួយនឹងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។
សូមជម្រាបថា ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ការវិនិយោគលើវិស័យអចលនទ្រព្យបានធ្លាក់ចុះប្រមាណ ២០,៦ ភាគរយ, ការវិនិយោគលើទ្រព្យសកម្មបានធ្លាក់ចុះ ៧,២ ភាគរយ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធ្លាក់ចុះ ៤,២ ភាគយ។ ជាការកត់សម្គាល់ ថ្មីៗនេះ ទីក្រុងប៉េកាំងបានពង្រីកវិធានការគាំទ្រជាបន្តបន្ទាប់ដល់វិស័យមួយនេះ រួមមាន ការបែងចែកកូតាបំណុល ៥៥០ ពាន់លានយ័ន (៨២,២៨ ពាន់លានដុល្លារ) សម្រាប់អាជ្ញាធរមូលដ្ឋានដើម្បីយកទៅដោះស្រាយវិបត្តិបំណុល និងអភិវឌ្ឍន៍តំបន់លំនៅឋានឡើងវិញ រួមទាំងការអនុញ្ញាតឱ្យប្រើឧបករណ៍ហិរញ្ញវត្ថុដែលមានតម្លៃ ៨០០ ពាន់លានយ័ន (ជិត ១២០ ពាន់លានដុល្លារ) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ, ការឧបត្ថម្ភធនអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយគោលនយោបាយសម្រាប់ទិញលំនៅឋានផងដែរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content