ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ក្រសួងបានផ្តល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលចំនួន ៦៨ ក្រុមហ៊ុន ក្នុងនោះ ៥៨ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។
ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួច មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ន។
ក្រសួងឱ្យដឹងថា៖ «ផ្អែកលើស្ថានភាពនៃការអនុវត្តគោលការណ៍ខាងលើ និងតម្រូវការផ្តល់សេវាកម្មតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ»។
ដោយហេតុនេះ ក្រសួងបានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីទុកពេលសម្រាប់តាមដាន និងវាយតម្លៃការផ្តល់សេវារបស់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញលើតម្រូវការជាក់ស្តែង។
ជាមួយគ្នានេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួច ត្រូវអនុវត្តការងារដោយផ្ទាល់ និងមិនត្រូវផ្ទេរ ឬប្រគល់ត្រា ឬការទទួលខុសត្រូវលើការងាររបស់ខ្លួនទៅឱ្យក្រុមហ៊ុន ឬបុគ្គលដទៃដែលមិនមានការអនុញ្ញាតឡើយ។
ក្រុមហ៊ុនទាំងនោះក៏មិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការជាក់ស្តែងនោះទេ។
ក្រសួងធនធានរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងសហការចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាក់ស្តែងលើការអនុវត្តការងាររបស់ក្រុមហ៊ុនទាំងនោះ តាមការចាំបាច់។
ក្នុងករណីរកឃើញថា ក្រុមហ៊ុនណាមួយមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ក្រុមហ៊ុននោះនឹងត្រូវប្រឈមនឹងការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមក្រសួងធនធានរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២៥ ប្រជាជននៅ ៩៥,៨៨ ភាគរយនៃភូមិទាំងអស់នៅកម្ពុជា ទទួលបានការតភ្ជាប់បណ្តាញអគ្គិសនី។ ថាមពលកកើតឡើងវិញមានចំណែកប្រហែល ៦៣,២៣ ភាគរយនៃប្រភពថាមពលសរុបរបស់ប្រទេស ក្នុងនោះថាមពលវារីអគ្គិសនីមាន ៣៤,២៥ ភាគរយ ថាមពលពន្លឺព្រះអាទិត្យ ២៨,៥ ភាគរយ និងថាមពលជីវម៉ាស ០,៩២ ភាគរយ។
ថ្មីៗនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងថាមពល បានលើកឡើងថា ការផលិតថាមពលកកើតឡើងវិញកាន់តែមានភាពប្រកួតប្រជែង ខណៈការរក្សាទុកថាមពលកំពុងពង្រីកយ៉ាងឆាប់រហ័ស ហើយបច្ចេកវិទ្យាបញ្ជូនថាមពលអាចផ្លាស់ទីបរិមាណអគ្គិសនីកាន់តែធំក្នុងចម្ងាយឆ្ងាយ។
ឯកឧត្តម បានបញ្ជាក់ថា ការផលិតថាមពលកកើតឡើងវិញបន្ថែមទៀត និងការរក្សាទុកថាមពល នឹងជួយឱ្យកម្ពុជាសម្រេចបានយ៉ាងហោចណាស់ ៧០ ភាគរយនៃថាមពលកកើតឡើងវិញត្រឹមឆ្នាំ ២០៣០ ខណៈពេលដែលរក្សាការផ្គត់ផ្គង់ឱ្យមានស្ថិរភាព។
ឯកឧត្តម កែវ រតនៈ បានថ្លែងដូច្នេះថា៖ «ស្ថិរភាពនៅក្នុងស្រុកអាចត្រូវបានពង្រឹងបន្ថែមទៀតនៅក្រៅព្រំដែនរបស់យើង ហើយកម្ពុជាមិនចាំបាច់មើលឃើញខ្លួនឯងត្រឹមតែជាអ្នកទទួលសន្តិសុខថាមពលនោះទេ។ ប្រទេសដែលមានចំណែកផលិតថាមពលកើតឡើងវិញខ្ពស់ អាចផ្គត់ផ្គង់អគ្គិសនីស្អាតទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ព្រមទាំងទាញយកថាមពលពីពួកគេវិញផងដែរ»៕





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content