ភ្នំពេញ៖ ជាផ្នែកមួយនៃយុទ្ធនាការផលិតផលជាតិ (MadeInCambodia) បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ នេះបើតាមការឱ្យដឹងរបស់លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោកជំទាវបានមានប្រសាសន៍ថា៖ យុទ្ធនាការផលិតផលជាតិ MadeInCambodia ដែលរៀបចំឡើងរយៈពេល១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញនេះ គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពីក្ដីស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះកសិករខ្មែរ និងផលិតករខ្មែរ រួមទាំងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ ចូលរួមផ្សព្វផ្សាយផលិតផលជាតិឱ្យមានភាពលេចធ្លោ ក៏ដូចជាជំរុញការដាក់លក់ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។
យោងតាមក្រសួងពាណិជ្ជកម្ម ដើម្បីជួយលើកស្ទួយ និងគាំទ្រផលិតផលខ្មែរ ក៏ដូចជាផលិតផលក្នុងស្រុកដែរនោះ ក្រសួង និងភាគីពាក់ព័ន្ធបានបង្កើត «ផ្សារផលិតផលខ្មែរ » និង «គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលជាវេទិកាពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិផល និងផលិតផលកែច្នៃក្នុងស្រុក ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការបង្កើតឱកាសទីផ្សារបន្ថែមជូនដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ក៏ដូចជាការពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការណ៍នេះ មិនត្រឹមតែជួយបង្កើតប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពផងដែរ។
លោកជំទាវ តោ ពិឡា បានបញ្ជាក់ថា៖ យុទ្ធនាការផលិតផលជាតិ MadeInCambodia បង្កើតឱកាសមាសសម្រាប់ MSMEs ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាពីស្តង់ដារ តម្រូវការទីផ្សារ និងនីតិវិធីនានា ដើម្បីបង្កើនលទ្ធភាពដាក់លក់ផលិតផលក្នុងស្រុកទៅក្នុងបណ្តាផ្សារទំនើប (Supermarkets/Malls) ម៉ាត និងមីនីម៉ាត។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងសំខាន់នៃយុទ្ធនាការផលិតផលជាតិពេញមួយឆ្នាំនេះ គឺបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព និងស្តង់ដាផលិតផលក្នុងស្រុក ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាផ្សារទំនើប។ យុទ្ធនាការនេះ ក៏ធ្វើឡើងដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលដែលផលិតក្នុងស្រុកដល់ប្រជាពលរដ្ឋជាអតិថិជនគោលដៅ ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។
គោលបំណងសំខាន់មួយទៀតនៃយុទ្ធនាការនេះ គឺផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា រួមទាំងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន៕





វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content