បរទេស ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសហាមឃាត់លើការនាំចូលរ៉ូបូតបែបទំនើបដែលរូបរាងដូចមនុស្សស៊េរីថ្មីៗផលិតនៅបរទេសចូលក្នុងទឹកដីអាម៉េរិកឡើយ ក្រោមហេតុផលព្រួយបារម្ភពីហានិភ័យចំពោះសន្តិសុខជាតិ ។
តាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា វិធានការរបស់រដ្ឋបាលលោកត្រាំ បានហាមឃាត់លើការនាំចូលរ៉ូបូតដែលរូបរាងដូចមនុស្ស និងរ៉ូបូតជើងបួន ដែលភាគច្រើនត្រូវបានផលិតនៅប្រទេសចិន និងជាគូប្រជែងដ៏ធំរបស់អាម៉េរិកក្នុងការអភិវឌ្ឍវិស័យរ៉ូបូត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) ក៏បានហាមឃាត់ការនាំចូលឧបករណ៍បំប្លែងថាមពលអគ្គិសនីផងដែរ ដែលត្រូវបានប្រើប្រាស់ក្នុងមជ្ឈមណ្ឌលទិន្នន័យ និងផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ក្រោមហេតុផលអាចបង្កហានិភ័យដល់សេដ្ឋកិច្ចអាម៉េរិក។
លោក Brendan Carr ប្រធាន FCC បានលើកឡើងថា ស្ថាប័នពាក់ព័ន្ធកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់ៗរបស់អាម៉េរិក និងរួមបញ្ចូលទំនិញដែលត្រូវបានហាមឃាត់ទាំងនោះទៅក្នុង «បញ្ជីគ្របដណ្តប់» ដែលអាចផ្តល់ហានិភ័យដល់សន្តិសុខជាតិអាម៉េរិក។ ការហាមឃាត់នេះត្រូវបានអនុវត្តតែលើឧបករណ៍រ៉ូបូតជឿនលឿន និងឧបករណ៍បំប្លែងថាមពលស៊េរីថ្មីៗដែលផលិតនៅបរទេសប៉ុណ្ណោះ ប៉ុន្តែមិនរារាំងការលក់ ឬការនាំចូលម៉ូឌែលបច្ចុប្បន្ន ដែលធ្លាប់ទទួលបានការអនុញ្ញាតពី FCC កាលពីមុននោះទេ។ FCC បានគូសបញ្ជាក់ពីក្តីបារម្ភថា ការប្រើប្រាស់ឧបករណ៍បំប្លែងថាមពលដែលផលិតនៅបរទេស អាចបើកឱកាសឱ្យក្រុមហ៊ុនបរទេសលួចយកទិន្នន័យសម្ងាត់តាមរយៈការបញ្ជាពីចម្ងាយ និងស៊ើបការណ៍លើពលរដ្ឋរស់នៅអាម៉េរិក។

ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានថ្លែងថា ទីក្រុងប៉េកាំង បានប្រឆាំងជាយូរមកហើយចំពោះទង្វើរបស់អាម៉េរិក ដែលរឹតត្បិតលើពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មដោយគ្មានមូលហេតុច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីឆ្លើយតបទៅនឹងទង្វើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន និងអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់សហការគ្នាអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងផ្លូវវិជ្ជមាន។ ភាគីចិនទាមទារឱ្យអាម៉េរិកបោះបង់ចោលនូវគំនិតដែលចង់ប្រើឥទ្ធិពលរបស់ខ្លួនមកគ្រប់គ្រងលើគេ ហើយឈប់លាបពណ៌ក្រុមហ៊ុនចិន និងឈប់គំរាមកំហែងតាមរយៈការដាក់ទណ្ឌកម្ម។
សូមជម្រាបថា មុខទំនិញដែលនាំចេញពីប្រទេសចិនកំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អាម៉េរិក ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាមួយនឹងចិន។ យ៉ាងណាក៏ដោយ បើទោះបីចិនជាអ្នកនាំចេញយានយន្តអគ្គិសនី (EV) ធំបំផុតក្នុងពិភពលោកក៏ដោយ ក៏អាម៉េរិកតែងតែមានវិធានការរារាំងមិនអនុញ្ញាតឱ្យចូលទីផ្សារអាម៉េរិក តាមរយៈការដំឡើងពន្ធយ៉ាងគំហុក។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានរារាំងដល់ការលក់បន្ទះឈីបទំនើបៗរបស់ក្រុមហ៊ុនអាម៉េរិកទៅឱ្យចិនផងដែរ ក្នុងគោលបំណងការពារសន្តិសុខជាតិ ពន្យាពេលការធ្វើទំនើបកម្មយោធារបស់ទីក្រុងប៉េកាំង និងរក្សាឧត្តមភាពដឹកនាំរបស់ខ្លួនលើវិស័យបញ្ញាសិប្បនិម្មិត (AI)។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានព្រមានថា ក្រុមហ៊ុន AI របស់ចិនអាចនឹងប្រឈមទណ្ឌកម្មក្រោមការចោទប្រកាន់ថាបានលួចកម្មសិទ្ធិបញ្ញារបស់អាម៉េរិក។ ជាការឆ្លើយតប រដ្ឋាភិបាលចិនបានអះអាងថា ការអភិវឌ្ឍវិស័យ AI នៅក្នុងប្រទេសចិនគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន គួបផ្សំជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងអភិវឌ្ឍរ៉ូបូតជឿនលឿន និងទំនើបៗបានយ៉ាងឆាប់រហ័ស សម្រាប់ប្រើប្រាស់ក្នុងរោងចក្រ និងតាមផ្ទះ។ ក្រុមហ៊ុនទាំងនោះក៏កំពុងព្យាយាមវាយលុកទីផ្សារ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់បណ្តាក្រុមហ៊ុនអាជីវកម្មធំៗ ក៏ដូចជាសាធារណជនយ៉ាងទូលាយជាងក្រុមហ៊ុនអាម៉េរិក ដែលជាគូប្រជែង ដូចជា Tesla និងក្រុមហ៊ុន Boston Dynamics នោះទៅទៀត៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content