បរទេស៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដា កាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា នេះបើយោងតាមការរាយការណ៍ពី Al Jazeera។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីការដំឡើងពន្ធតបតវិញក្នុងទំហំទឹកប្រាក់ស្មើគ្នា ដើម្បីឆ្លើយតបនឹងពន្ធគយ ៥០ ភាគរយរបស់រដ្ឋបាលលោក Trump ។ ការដាក់ពន្ធសងសឹកគ្នានេះកើតឡើងបន្ទាប់ពីលោក Donald Trump សម្រេចដាក់ពន្ធ ៥០ ភាគរយលើទំនិញកាណាដា គិតជាទឹកប្រាក់ប្រមាណ ២០ ពាន់លានដុល្លារ ដែលស្មើនឹង ៥,៥ ភាគរយនៃទំហំនាំចេញសរុបរបស់កាណាដា។ ដូច្នោះហើយ កាណាដាក៏សងសឹកវិញដោយយកពន្ធលើទំនិញអាម៉េរិកក្នុងតម្លៃសរុបស្មើគ្នា ២០ ពាន់លានដុល្លារដែរ។
កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្លែងថា កិច្ចចរចាជាមួយអាម៉េរិកមិនចុះសម្រុងគ្នាទាល់តែសោះ ដោយសារលោក Trump បានដាក់លក្ខខណ្ឌមិនអាចទទួលយកបាន។ អាម៉េរិក បានស្នើលក្ខខណ្ឌថ្មីៗដែលមិនសមហេតុផលសម្រាប់សេដ្ឋកិច្ច អយុត្តិធម៌ និងបំផ្លាញផលប្រយោជន៍របស់កាណាដា ដែលធ្វើឱ្យខ្លួនមិនមានទំនុកចិត្តលើកិច្ចព្រមព្រៀងណាមួយឡើយ។ ការទាមទារទាំងនោះរួមមានទាំងការរឹតត្បិតលទ្ធភាពរបស់កាណាដាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនផងដែរ។
ជាការឆ្លើយតប លោក Trump បានបង្ហោះសារនៅលើវេទិកា Truth Social របស់ខ្លួនថា កាណាដាចង់បានផលប្រយោជន៍ដូចនឹងរដ្ឋមួយ ទាំងដែលខ្លួនមិនបាច់ធ្វើជារដ្ឋសោះ!!! កន្លងមក លោក Trump ធ្លាប់គំរាមកំហែងចង់បានកាណាដាក្លាយជារដ្ឋទី ៥១ របស់អាម៉េរិក។ វិធានការដំឡើងពន្ធ ៥០ ភាគរយរបស់អាម៉េរិកនឹងគ្របដណ្តប់លើផលិតផលរបស់កាណាដាជាង ៥០០ ប្រភេទ ដូចជា គ្រឿងស្រវឹង ផលិតផលទឹកដោះគោ បច្ចេកវិទ្យា សម្ភារៈកីឡា ផលិតផលឈើ និងទំនិញតាមរដូវកាល។
យ៉ាងណាមិញ ទីក្រុងអូតាវ៉ា ក៏បានប្រកាសពីវិធានការដំឡើងពន្ធសងសឹករបស់ខ្លួនផងដែរ ដោយនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ ដែលនឹងផ្តោតលើដែកថែប ផលិតផលទឹកដោះគោ គ្រឿងបរិក្ខារក្នុងផ្ទះ ឧបករណ៍កសិកម្ម និងគ្រឿងអេឡិចត្រូនិក ហើយរដ្ឋាភិបាលកាណាដានឹងចេញផ្សាយព័ត៌មានលម្អិតបន្ថែមទៀតស្តីពីមុខទំនិញដែលត្រូវកំណត់គោលដៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ទន្ទឹមនឹងនេះ អ្នកជំនាញមួយចំនួនបានលើកឡើងពីផលប៉ះពាល់ដែលនឹងកើតឡើងទាំងអាម៉េរិក និងកាណាដា។ សេដ្ឋកិច្ចរបស់កាណាដា ត្រូវបានព្យាករណ៍ថានឹងប្រឈមមុខឡើងថ្លៃទំនិញ ការចំណាយខ្ពស់ និងការកើនឡើងនៃអត្រាគ្មានការងារធ្វើ។ អាជីវកម្មខ្នាតតូច និងមធ្យម ប្រឈមនឹងហានិភ័យ និងឈានដល់ថ្នាក់ក្ស័យធន ចំណែកឧស្សាហកម្មសំខាន់ៗដូចជា គ្រឿងស្រវឹង ទឹកដោះគោ និងគ្រឿងសង្ហារិម នឹងរងការប៉ះពាល់ខ្លាំងបំផុត។ យ៉ាងណាក៏ដោយ ទោះបីជាពន្ធរបស់អាម៉េរិកប៉ះពាល់ដល់ការនាំចេញជាង ៥ ភាគរយ ឬ ២០ ពាន់លានដុល្លារនៃទំហំទីផ្សារសរុបក្ដី ប៉ុន្តែកាណាដានាំចេញទំនិញទៅកាន់អាម៉េរិកដល់ទៅ ៧៣ ភាគរយ(៤០៩ ពាន់លានដុល្លារ) នៃការនាំចេញសរុបកាលពីឆ្នាំ២០២៥។ នេះមានន័យថា កាណាដា ពឹងផ្អែកខ្លាំងលើទីផ្សារអាម៉េរិក។ អ្នកជំនាញមើលឃើញថា នាយករដ្ឋមន្ត្រីកាណាដាកំពុងព្យាយាមប្រើប្រាស់សង្រ្គាមពន្ធគយនេះជាឱកាសដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើអាម៉េរិក។
ដោយឡែក ចំពោះផលប៉ះពាល់លើសេដ្ឋកិច្ចអាម៉េរិកវិញ ការដំឡើងពន្ធគយធ្វើឱ្យការចំណាយរបស់អាជីវកម្មកើនឡើង ដោយសារពួកគេគឺជាអ្នកបង់ពន្ធ។ បន្ទាប់មក អ្នកប្រើប្រាស់ ឬ អ្នកទិញនៅក្នុងអាម៉េរិកនឹងទទួលបន្ទុកបន្តគឺតម្លៃទំនិញឡើងថ្លៃ ដែលនឹងបង្កជាអតិផរណា។ ក្រុមធុរកិច្ចអាម៉េរិក Business Roundtable បានព្រមានពីហានិភ័យនេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរត្រឡប់មកចរចាគ្នាវិញ។ អ្នកជំនាញទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច សន្និដ្ឋានថា សង្គ្រាមពាណិជ្ជកម្មនេះនឹងបង្កផលប៉ះពាល់ទាំងពលរដ្ឋកាណាដា និងអាម៉េរិក៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content