បរទេស ៖ វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦ ហើយក៏ជាលទ្ធផលដែលសម្រេចបានលើសពីការរំពឹងទុក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam Net ។
នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦កន្លងទៅនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើងដល់ ៨,៣៩ ភាគរយ ខណៈដែលនៅក្នុងត្រីមាសទី១ កើនបានត្រឹម ៧,៩៤ ភាគរយប៉ុណ្ណោះ។ ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ បានជំរុញឱ្យកំណើនសេដ្ឋកិច្ចសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៦ ឈានដល់ ៨,១៨ ភាគរយ ដែលជាអត្រាមួយខ្ពស់បំផុតបើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។
ក្រុមអ្នកសេដ្ឋវិទូនៃធនាគារ United Overseas Bank (UOB) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានគូសបញ្ជាក់ថា ប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍អាចមានកំណើនចន្លោះពី ២,៨ ភាគរយ ទៅ ៦ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦កន្លងទៅនេះ ហើយកំណើននេះដែរ នឹងបន្តដើរយឺតជាងប្រទេសវៀតណាមនៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំដដែល។ ធនាគារ UOB ក៏បានដំឡើងការព្យាករណ៍របស់ខ្លួនលើកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ឆ្នាំ២០២៦ ដល់ទៅ ៨,៥ ភាគរយ ដែលលើសពីការប៉ាន់ស្មានលើកមុនត្រឹម ៧ ភាគរយប៉ុណ្ណោះ ដោយសារតែវៀតណាមមានសន្ទុះ និងរីកចម្រើនខ្លាំងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការធ្លាក់ចុះនៃតម្លៃថាមពល។
យ៉ាងណាមិញ ធនាគារ UOB បានកត់សម្គាល់ថា ស្ថានភាពពីខាងក្រៅកាន់តែមានភាពទន់ខ្សោយទៅៗ ដែលវៀតណាមចាំបាច់ត្រូវតែតាមដាន និងពង្រឹងទីផ្សារពាណិជ្ជកម្មសកលឱ្យបានដិតដល់បំផុត ដោយសារតែសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកខ្លាំងទៅលើការនាំចេញ និងការវិនិយោគពីបរទេស។ តាមការមើលឃើញជាក់ស្ដែង សេដ្ឋកិច្ចក្នុងស្រុករបស់វៀតណាមកំពុងដើរទៅមុខយ៉ាងលឿន ប៉ុន្តែចំពោះស្ថិរភាពហិរញ្ញវត្ថុពីខាងក្រៅប្រទេស ដូចជា តុល្យភាពពាណិជ្ជកម្ម ការនាំចេញ-នាំចូល លំហូរទុន ឬទុនបម្រុងបរទេស បែរជាបង្ហាញសញ្ញាចុះខ្សោយទៅវិញ។ ដូច្នេះហើយ ប្រសិនបើជាសេដ្ឋកិច្ចពិភពលោកបន្តជួបវិបត្តិ ឬមានការប្រែប្រួលកាន់តែខ្លាំង វានឹងជះឥទ្ធិពលអាក្រក់ភ្លាមៗទៅដល់វៀតណាម។ ដូច្នេះ ធនាគារកណ្តាលវៀតណាម (SBV) គួរត្រូវស្វែងរកតុល្យភាពរវាងការគាំទ្រកំណើនសេដ្ឋកិច្ច ការទប់ស្កាត់អតិផរណា ការរក្សាស្ថិរភាពវិនិយោគពីខាងក្រៅ និងការតាមដានយ៉ាងម៉ត់ចត់លើការប្រែប្រួលអត្រាប្តូរប្រាក់ គឺជារឿងសំខាន់ និងចាំបាច់ត្រូវតែធ្វើ។
លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុន Juwai IQI បានចែករំលែកនូវទស្សនវិស័យវិជ្ជមានប្រហាក់ប្រហែលគ្នានេះដែរថា វៀតណាម នាពេលបច្ចុប្បន្ន គឺកំពុងស្ថិតក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង៥ នៅអាស៊ី-អាគ្នេយ៍ ។ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន នឹងក្លាយជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយការរួមផ្សំគ្នានៃទំហំប្រជាសាស្ត្រ ជម្រៅនៃវិស័យឧស្សាហកម្ម របាំងការពារទប់ទល់នឹងសម្ពាធខាងក្រៅ និងវិន័យគោលនយោបាយនៅក្នុងប្រទេសរបស់ពួកគេ។ ជាមួយគ្នានេះ បើប្រៀបធៀបក្នុងចំណោមប្រទេសទាំង ៥ នេះ វៀតណាម មានអត្រាកំណើនប្រចាំឆ្នាំលឿនជាងគេ ៧,៨៣ ភាគរយ បន្ទាប់មក ឥណ្ឌូនេស៊ី ៥,៦១ ភាគរយ និង ម៉ាឡេស៊ី ៥,៤ ភាគរយ ដែលគាំទ្រដោយភាពធន់នៃវិស័យឯកជនក្នុងស្រុក ពាណិជ្ជកម្ម និងសន្ទុះនៃវិស័យផលិតកម្ម។
លោក Saeed បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ នឹងក្លាយជាចំណុចសំខាន់បំផុតក្នុងការទាក់ទាញលំហូរទុនវិនិយោគនៅក្នុងតំបន់ ខណៈពេលដែលបច្ចុប្បន្ននេះ វៀតណាម ក៏កំពុងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនឡើងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងឈីបពាក់កណ្តាលចម្លង (Semiconductor)។
សម្រាបថា កាលពីថ្ងៃដើមសប្ដាហ៍នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញពីការព្យាករណ៍របស់ខ្លួនថា វៀតណាម នឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៦ បើទោះបីជាត្រូវប្រឈមនឹងបរិយាកាសសេដ្ឋកិច្ចសកលដែលកំពុងមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងក៏ដោយ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content