ភ្នំពេញ៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយព្រឹត្តិការណ៍អន្តរជាតិនេះបានរំលេចឡើងវិញនូវតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនាមជាសហស្ថាបនិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាំងពីឆ្នាំ ១៩៧០ ក្រោមការចូលរួមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។
យោងតាមគេហទំព័រផ្លូវការ francophonie2026 អង្គការ OIF ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៧០ ក្នុងទីក្រុងនីយ៉ាម៉េ ប្រទេសនីហ្សេ ក្រោមឈ្មោះថា ភ្នាក់ងារកិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT)។ ការបង្កើតអង្គការនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មេដឹកនាំសំខាន់ៗចំនួន ៤ រូប ដែលបានជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសប្រើប្រាស់ភាសាបារាំង។
មេដឹកនាំជាស្ថាបនិកទាំង ៤ រូបនោះ រួមមាន លោក Léopold Sédar Senghor ប្រធានាធិបតីសេនេហ្គាល់ លោក Habib Bourguiba ប្រធានាធិបតីទុយនេស៊ី លោក Hamani Diori ប្រធានាធិបតីនីហ្សេ និងព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែលកាលនោះព្រះអង្គជាសម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតអង្គការនេះ។
ចាប់តាំងពីការបង្កើតឡើងដំបូង អង្គការ ACCT មិនត្រឹមតែមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបង្កើតឡើងជាយន្តការសម្រាប់ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការពង្រឹងគោលនយោបាយសាធារណៈនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ក្នុងរយៈពេល ៥៦ ឆ្នាំមកនេះ អង្គការបានឆ្លងកាត់ការកែប្រែរចនាសម្ព័ន្ធ និងឈ្មោះជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបរិបទសកលលោក។ នៅឆ្នាំ ១៩៩៨ ស្ថាប័ននេះបានប្តូរទៅជា «ភ្នាក់ងារអន្តររដ្ឋាភិបាលនៃហ្វ្រង់កូហ្វូនី» មុនពេលទទួលយកឈ្មោះបច្ចុប្បន្ន គឺ «អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី» ឬ OIF នៅឆ្នាំ ២០០៥។
បច្ចុប្បន្ន OIF មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានរដ្ឋ ព្រមទាំងរដ្ឋាភិបាលជាសមាជិកប្រមាណ៩០ នៅទូទាំងពិភពលោក។ អង្គការនេះមានបេសកកម្មសំខាន់ៗ រួមមានការលើកកម្ពស់ភាសាបារាំង និងភាពចម្រុះផ្នែកភាសា និងវប្បធម៌ ការពង្រឹងតម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ចំណងប្រវត្តិសាស្ត្ររវាងកម្ពុជា និង OIF ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៧០ នឹងត្រូវបានរំលេចជាថ្មី ខណៈកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។
កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយរាជធានីភ្នំពេញនឹងទទួលស្វាគមន៍ប្រមុខរដ្ឋ អ្នកការទូត អ្នកបង្កើតថ្មីក្នុងវិស័យសេដ្ឋកិច្ច និងតំណាងវប្បធម៌មកពីពិភពនិយាយភាសាបារាំង ដើម្បីអបអរសាទរចំណងកិច្ចសន្ទនា សន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលបានបន្តអស់រយៈពេលជាងកន្លះសតវត្សរ៍មកនេះ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content