ព្រះសីហនុ៖ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស។
គម្រោងទាំងនេះកំពុងបន្តសាងសង់ កែលម្អ សាងសង់បញ្ចប់ និងមួយចំនួនបានចាប់ផ្តើមដំណើរការអាជីវកម្ម។ ទិន្នន័យនេះត្រូវបានរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ ថា ក្នុងចំណោមគម្រោងដែលបានដោះស្រាយរួច អគារប្រមាណ ៣៣,៨ភាគរយ ត្រូវបានជួសជុល កែលម្អ និងដាក់ឱ្យដំណើរការឡើងវិញ។
ឯកឧត្តម បានបន្តថា ចំពោះអគារជាប់គាំងដែលមិនទាន់ដោះស្រាយបញ្ចប់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត កំពុងបន្តខិតខំដោះស្រាយ ដើម្បីឱ្យអគារទាំងនោះអាចដំណើរការ និងមានសកម្មភាពអាជីវកម្មឡើងវិញ។
ឯកឧត្តម អ៊ឹម សុខធី បានឱ្យដឹងថា កន្លងមក ក្រុមការងារ និងរដ្ឋបាលខេត្តបានសហការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅខេត្តព្រះសីហនុ ដោយបានអញ្ជើញវិនិយោគិនដែលពាក់ព័ន្ធនឹងអគារជាប់គាំងមកស្វែងយល់ពីអត្ថប្រយោជន៍ដែលពួកគេអាចទទួលបាន ប្រសិនបើចាប់ផ្តើមដំណើរការវិនិយោគលើអគារទាំងនោះឡើងវិញ។
ឯកឧត្តម បានលើកឡើងថា ប្រសិនបើម្ចាស់គម្រោងអគារជាប់គាំងបន្តសកម្មភាពសាងសង់ឡើងវិញ ទោះបីជាគ្រាន់តែលាបថ្នាំ ឬបំពាក់បង្អួចក៏ដោយ រាជរដ្ឋាភិបាលនឹងផ្តល់ការលើកលែងពន្ធជូនរហូតដល់ឆ្នាំ២០២៨។ ការលើកទឹកចិត្តនេះ គឺជាអត្ថប្រយោជន៍មួយដែលម្ចាស់គម្រោងអាចទទួលបាននៅពេលដំណើរការអគារឡើងវិញ។
ឯកឧត្តម អ៊ឹម សុខធី ក៏បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែកក្កដា ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តគម្រោងវិនិយោគចំនួន ៥០០ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៨,៣ ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ ភាគច្រើនជាគម្រោងផ្តោតលើវិស័យទេសចរណ៍ និងអចលនទ្រព្យ ដែលមានទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា កាលពីឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ក្នុងគោលបំណងគាំទ្រ និងផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីពន្ធដារ។
ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលនឹងសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានាដល់វិនិយោគិន។
ឯកឧត្តម បានឱ្យដឹងទៀតថា លើសពីនេះ ក៏មានការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ ៦ឆ្នាំ និង ៩ឆ្នាំបន្ថែម អាស្រ័យលើប្រភេទគម្រោងវិនិយោគ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content