ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានប្រកាសបើកការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់ ១៨៣ លានដុល្លារអាម៉េរិក ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីតភ្ជាប់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកណ្ដាល។
គម្រោងនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងស្ថិរភាពផ្គត់ផ្គង់អគ្គិសនី ជំរុញការប្រើប្រាស់ថាមពលស្អាត និងបង្កើនសក្ដានុពលពង្រីករោងចក្រ សហគ្រាស ព្រមទាំងបង្កើតឱកាសការងារថ្មីៗនៅតាមមូលដ្ឋាន។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការអំពីគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ ក្រោមកិច្ចសហការរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គិសនីកម្ពុជា។
ក្រៅពីការសាងសង់ខ្សែបញ្ជូនអគ្គិសនី គម្រោងនេះក៏រួមបញ្ចូលការសាងសង់អនុស្ថានីយថ្មីចំនួន២ និងការពង្រីកសមត្ថភាពអនុស្ថានីយដែលមានស្រាប់ចំនួន ២ កន្លែងផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានគោលដៅសំខាន់ក្នុងការតភ្ជាប់ថាមពលពន្លឺព្រះអាទិត្យពីខេត្តពោធិ៍សាត់ទៅក្នុងបណ្ដាញអគ្គិសនីជាតិ ដើម្បីបង្កើនសមត្ថភាពបញ្ចូលថាមពលស្អាតទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទូទាំងប្រទេស។
បើតាមឯកឧត្តម កែវ រតនៈ បច្ចុប្បន្ន ខេត្តពោធិ៍សាត់មានគម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពសរុបជាង ១ ១០០ មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលបៃតងដ៏សំខាន់របស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា គម្រោងថាមពលនេះជាគម្រោងដ៏ធំមួយនៅក្នុងតំបន់អាស៊ាន ដែលមានគោលដៅជួយឱ្យកម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលស្អាតយ៉ាងតិច ៧០ ភាគរយ នៅឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានប្រភពថាមពលស្អាតប្រមាណ ៦៣ ភាគរយ ដែលរួមមានវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ ក្នុងន័យនេះ ការពង្រីកបណ្ដាញខ្សែបញ្ជូន និងអនុស្ថានីយនឹងជួយពង្រឹងស្ថិរភាពផ្គត់ផ្គង់អគ្គិសនី កាត់បន្ថយការដាច់ចរន្តនៅតាមតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម និងលំនៅឋានប្រជាពលរដ្ឋ ព្រមទាំងសម្រួលដល់ប្រតិបត្តិការរបស់វិនិយោគិនជាតិ និងអន្តរជាតិ។
ជាពិសេស គម្រោងនេះត្រូវបានរំពឹងថា នឹងជួយជំរុញការពង្រីកសកម្មភាពផលិតកម្មនៅតំបន់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នមានកម្មករបម្រើការងារនៅតាមរោងចក្រនានាប្រមាណជាង ៧ ម៉ឺននាក់។ ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ការបន្ថែមសមត្ថភាពផ្គត់ផ្គង់អគ្គិសនីនៅតំបន់នេះ តាមរយៈគម្រោងខាងលើ នឹងជួយឱ្យរោងចក្រ និងសហគ្រាសអាចពង្រីកប្រតិបត្តិការបន្ថែម និងមានលទ្ធភាពផ្ដល់ការងារដល់កម្មករជាង ១ សែននាក់ ក្នុងពេលឆាប់ៗខាងមុខ។
ការមានប្រភពអគ្គិសនីស្អាត និងមានស្ថិរភាព ក៏កំពុងក្លាយជាកត្តាសំខាន់សម្រាប់ការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មផងដែរ។ យោងតាមអង្គការ Energy Lab Asia រោងចក្រកាត់ដេរ សហគ្រាសកែច្នៃផលិតផលកសិកម្ម និងរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកនៅកម្ពុជា កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីអ្នកទិញ និងវិនិយោគិន ដែលទាមទារឱ្យផលិតផលមានការបំភាយកាបូនទាប និងមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់។
អង្គការនេះបានលើកឡើងថា ថាមពលស្អាតអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលនាំចូលពីបរទេស ព្រមទាំងទាក់ទាញឧស្សាហកម្មថ្មីៗឱ្យមកវិនិយោគនៅកម្ពុជា។ នៅក្នុងតំបន់អាស៊ាន ភាពប្រកួតប្រជែងរបស់ប្រទេសនានាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយលទ្ធភាពទទួលបានថាមពលស្អាត ខណៈអ្នកទិញធំៗ វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុ កំពុងភ្ជាប់ការចូលទៅកាន់ទីផ្សារ និងការទទួលបានដើមទុនទៅនឹងការកាត់បន្ថយការបំភាយឧស្ម័នដែលអាចផ្ទៀងផ្ទាត់បាន។
ទាក់ទងនឹងការបង្កើតការងារនៅតាមមូលដ្ឋាន ឯកឧត្តម កែវ រតនៈ បានលើកឡើងថា គម្រោងនេះស្របតាមគោលដៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតឱកាសការងារថ្មីៗជូនយុវជន ដើម្បីឱ្យពួកគេអាចមានការងារធ្វើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ធ្វើដំណើរទៅរកការងារនៅតំបន់ឆ្ងាយពីគ្រួសារ។
ក្រៅពីខេត្តកំពង់ឆ្នាំង គម្រោងនេះក៏ត្រូវបានរំពឹងថា នឹងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចដល់ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាលផងដែរ តាមរយៈការបង្កើនលទ្ធភាពប្រើប្រាស់អគ្គិសនីសម្រាប់វិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។ ការតភ្ជាប់ប្រភពថាមពលពន្លឺព្រះអាទិត្យពីពោធិ៍សាត់ទៅក្នុងបណ្ដាញជាតិ នឹងជួយបង្កើនសមត្ថភាពប្រើប្រាស់ថាមពលស្អាតសម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់នានា។
តាមការលើកឡើងរបស់ Energy Lab Asia ថាមពលស្អាតគឺជាឱកាសសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ខណៈការប្រកួតប្រជែងក្នុងតំបន់កាន់តែពឹងផ្អែកលើលទ្ធភាពទទួលបានថាមពលស្អាត។ ដូច្នេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនី និងការបង្កើនសមត្ថភាពប្រើប្រាស់ថាមពលកកើតឡើងវិញ នឹងក្លាយជាផ្នែកមួយក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការទាក់ទាញវិនិយោគ និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានាពេលអនាគត៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content