ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។
សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។

កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ។ កម្ពុជាដឹងច្បាស់ថា សង្គ្រាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ដែរថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ ។ ហេតុនេះហើយបានជាកងទ័ពរបស់កម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់កម្ពុជា ខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួចជូនប្រជាពលរដ្ឋវិញ ។

សម្ដេចធិបតីបន្ថែមថា ដូចដែលឯកឧត្តម លោកជំទាវបានឃើញស្រាប់ហើយ អគារខ្ពស់ៗបានលេចរូបរាងឡើង ឈរអមជាមួយប្រាសាទបុរាណ ។ មហាវិថីទាំងឡាយដែលធ្លាប់តែស្ងាត់ជ្រងំ ឥឡូវនេះពោរពេញទៅដោយយុវជនដែលមានភាពស្វាហាប់ ក្នុងការកសាងអនាគតរបស់ពួកគេ ។ កូនចៅខ្មែរកំពុងសិក្សាភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ជាពិសេស ភាសាបារាំង ដែលតែងតែស្ថិតនៅកន្លែងពិសេសមួយក្នុងចំណោមពួកយើង ពោលគឺជាភាសាដែលចូលរួមចំណែកកសាងប្រព័ន្ធអប់រំ ប្រព័ន្ធច្បាប់ និងទំនាក់ទំនងមិត្តភាពរបស់យើង ។
សម្ដេចបញ្ជាក់ថា ភ្នំពេញ យល់ច្បាស់បំផុតអំពីតម្លៃនៃសន្តិភាព ទោះបីជាត្រឹមតែមួយថ្ងៃក៏ដោយ ហើយថ្ងៃនេះ យើងបើកទ្វារទីក្រុងរបស់យើងដើម្បីទទួលស្វាគមន៍ឯកឧត្តម លោកជំទាវ ទាំងអស់គ្នា ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនមហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូលថា ទីនេះ ជាផ្ទះរបស់ឯកឧត្តម លោកជំទាវទាំងអស់គ្នា ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content