ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញពីកិច្ចខិតខំ និងតាំងចិត្តប្ដេជ្ញាក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័ន ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រួលពាណិជ្ជកម្ម ពង្រីកទីផ្សារសម្រាប់ការនាំចេញផលិតផលខ្មែរឱ្យកាន់តែទូលាយនៅលើឆាកអន្តរជាតិ។ ការបញ្ជាក់បែបនេះនៅក្នុងឱកាសចូលរួមជាអធិបតីនៃពិធីប្រកាសបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានាពេលកន្លងមកនេះ ជាលទ្ធផល ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេចផងដែរនោះ បច្ចុប្បន្ន បាន និងកំពុងមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិប្រមាណ ២ ៣០០០ទីតាំងរួចមកហើយ ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីលក្ខណៈពិសេសនៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីតជុំវិញពិភពលោក។

ជាមួយគ្នានេះ ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា ក៏ដូចជាផលិតផលផ្សេងទៀត លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក ។

សូមជម្រាបដែរថា សម្រាប់វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ធ្វើឡើងរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា) នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្នុងគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕






វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content