បរទេស៖ ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា ជាពិសេសលើវិស័យពាណិជ្ជកម្ម ថាមពល ការការពារជាតិ និងអន្តោប្រវេសន៍។
យោងតាមអត្ថបទវិភាគដែលចេញផ្សាយដោយកាសែត RT នាពេលថ្មីៗនេះ លទ្ធផលបោះឆ្នោតនេះ ទោះមិនផ្តល់ផលចំណេញភ្លាមៗដល់ទីក្រុងញូវដេលីក៏ដោយ ប៉ុន្តែបានបើកផ្លូវឱ្យមានការផ្លាស់ប្តូរផ្នែកនីតិប្បញ្ញត្តិរយៈពេលវែង ដែលអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រដោយគណបក្សប្រជាធិបតេយ្យ ត្រូវបានចាត់ទុកថាជាការប្រឈមមួយចំពោះអំណាចនយោបាយរបស់រដ្ឋបាលប្រធានាធិបតី Donald Trump និងអាចធ្វើឱ្យដំណើរការអនុម័តច្បាប់ និងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកាន់តែស្មុគស្មាញ។
ទោះជាគោលជំហរជាមូលដ្ឋានរបស់រដ្ឋបាលលោក Trump លើបញ្ហាសំខាន់ៗមួយចំនួនទំនងជានៅតែបន្តក៏ដោយ ក៏ឥណ្ឌាត្រូវប្រឈមនឹងបរិយាកាសនយោបាយថ្មីនៅទីក្រុងវ៉ាស៊ីនតោន ដែលតម្រូវឱ្យមានការសម្របខ្លួនទៅតាមការប្រែប្រួលនៃអំណាចនីតិប្បញ្ញត្តិ។
ចំពោះវិស័យពាណិជ្ជកម្ម និងថាមពល ភាពមិនច្បាស់លាស់នៅតែបន្តកើតមានក្នុងដំណើរការចរចា ដោយសារសភាអាម៉េរិកមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងកំណត់គោលនយោបាយពន្ធគយ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោននៅតែប្រើប្រាស់ច្បាប់ទណ្ឌកម្មជាឧបករណ៍ដាក់សម្ពាធលើឥណ្ឌា ឱ្យកាត់បន្ថយការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ដែលជាគោលជំហរមួយស្របនឹងទស្សនៈរបស់គណបក្សប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា ការវិនិយោគទុនទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនឥណ្ឌានៅក្នុងរោងចក្រចម្រាញ់ប្រេងនៅសហរដ្ឋអាម៉េរិក អាចជួយកាត់បន្ថយសម្ពាធនយោបាយមួយចំនួនលើប្រទេសឥណ្ឌាបានផងដែរ។
ដើម្បីឆ្លើយតបនឹងសម្ពាធដែលអាចកើតមាន ទីក្រុងញូវដេលីកំពុងប្រកាន់យកយុទ្ធសាស្ត្ររយៈពេលវែង តាមរយៈការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារអាម៉េរិក។
ដោយឡែក ក្នុងវិស័យការទូត និងការការពារជាតិ សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យត្រូវបានរំពឹងថា នឹងជួយបង្កើនភាពព្យាករណ៍បាននៃគោលនយោបាយការបរទេសអាម៉េរិក និងដើរតួជាកម្លាំងត្រួតពិនិត្យលើការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump។
អត្ថបទវិភាគបានបង្ហាញថា គណបក្សធំៗទាំងពីរនៅសហរដ្ឋអាម៉េរិក នៅតែចាត់ទុកឥណ្ឌាជាដៃគូប្រជាធិបតេយ្យដ៏សំខាន់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កត្តានេះត្រូវបានចាត់ទុកថា ជាមូលដ្ឋានគាំទ្រដល់ស្ថិរភាពនៃកិច្ចព្រមព្រៀងការពារជាតិទ្វេភាគី ការចែករំលែកបច្ចេកវិទ្យា និងភាពជាដៃគូក្នុងក្របខ័ណ្ឌ QUAD។
ចំពោះបញ្ហាអន្តោប្រវេសន៍ សភាអាម៉េរិកត្រូវបានរំពឹងថា នឹងបង្កើនការត្រួតពិនិត្យលើបទបញ្ជាតឹងរ៉ឹងរបស់រដ្ឋបាលប្រធានាធិបតី។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការ H-1B ឬការបញ្ចុះតម្លៃសេវាពាក់ព័ន្ធភ្លាមៗនៅមិនទាន់អាចកើតមានឡើងនោះទេ។
ជាមួយគ្នានេះ ប្រសិនបើជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចឈានទៅរកការបន្ធូរបន្ថយ ឬបញ្ចប់ក្នុងពេលឆាប់ៗ ឥណ្ឌាអាចទទួលបានអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ ការធ្លាក់ចុះនេះអាចជួយគាំទ្រដល់តម្លៃប្រាក់រូពី និងកាត់បន្ថយសម្ពាធអតិផរណាក្នុងស្រុករបស់ឥណ្ឌា។
ជារួម ទោះបីជាលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិអាចកាត់បន្ថយឥទ្ធិពលនយោបាយរបស់លោក Donald Trump នៅក្នុងសភាក៏ដោយ ក៏អំណាចប្រតិបត្តិរបស់ប្រធានាធិបតីអាម៉េរិកនៅតែមានឥទ្ធិពលយ៉ាងសំខាន់លើការសម្រេចចិត្តផ្នែកការបរទេស និងទំនាក់ទំនងជាមួយប្រទេសដទៃទៀត រួមទាំងឥណ្ឌាផងដែរ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content