ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញដល់ការអភិវឌ្ឍប្រទេស និងទាក់ទាញការវិនិយោគបន្ថែមពី វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ។ ជាក់ស្ដែង បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៥ ដែលកំពុងដំណើរការសាងសង់ និងសិក្សាលម្អិតពីគម្រោងសាងសង់ដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៨៨ លានដុល្លារអាមេរិក ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានទំហំទឹកប្រាក់សាងសង់យ៉ាងសន្ធឹកសន្ធាប់ទាំងនោះរួមមានដូចខាងក្រោម ៖
១.គម្រោងសាងសង់កំពង់ផែអន្តរជាតិខេត្តកំពត ៖ គម្រោងនេះមានទឹកប្រាក់វិនិយោគចំនួន ១,៥ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់រួចហើយ ដែលរហូតមកដល់ពេលបច្ចុប្បន្ន គម្រោងកំពុងស្ថិតក្នុងដំណើរការសាងសង់ ។
២.គម្រោង កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដំណាក់កាលទី១ ៖ គម្រោងនេះមានទឹកប្រាក់វិនិយោគចំនួន ២៤៣លានដុល្លារអាមេរិក ជាគម្រោងដែលកំពុងដំណើរការសាងសង់ ។
៣. គម្រោងព្រែកជីកហ្វូណនតេជោ ៖ គម្រោងជីកព្រែកជាប្រវត្តិសាស្ត្រមួយនេះមានទឹកប្រាក់វិនិយោគចំនួន ១,៧ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយគ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ។

៤. គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនៅកោះរុង ៖ ជាគម្រោងដែលគ្រោងចំណាយទឹកប្រាក់វិនិយោគចំនួន ៣០០លានដុល្លារអាមេរិក ។ វាស្ថិតនៅក្នុងដំណាក់កំពុងសិក្សា ដោយមិនទាន់ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឡើយទេ ។

៥. គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពាន អរិយក្សត្រ ៖ មានទឹកប្រាក់ប្រមាណ ២៤៥លានដុល្លារអាមេរិក ។ គម្រោងនេះបានសិក្សាចប់សព្វគ្រប់ហើយ ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះដែរ ។

គួរបញ្ជាក់ដែរថា បើតាមស្ថិតិបំណុលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កម្ចីដែលរដ្ឋាភិបាលកម្ពុជាទទួលបានពីដៃគូបរទេស ភាគច្រើនយកមកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះថាហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ក្នុងការជំរុញចរន្តសេដ្ឋកិច្ចឱ្យកាន់តែមានសម្ទុះ និងសម្រួលដល់ការវិនិយោគក៏ដូចជាទេសចរបរទេសចូលមកកាន់ប្រទេសកម្ពុជាបន្ថែម និងអាចជំរុញដល់ការនាំចេញ-នាំចូលទំនិញបន្ថែមទៀតផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content