ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងពីក្រៅប្រទេសវិលមកអភិវឌ្ឍន៍សង្គមជាតិដើម្បីអនាគតប្រទេសជាតិកាន់តែរឹងមាំ ។
ការណែនាំរបស់ឯកឧត្តម ត្រូវបានធ្វើឡើងនៅក្នុងពេលទទួលជួបសម្ដែងការគួរសមជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសចំនួន ១៤៤នាក់ ដែលគ្រោងនឹងទៅសិក្សាតាមបណ្ដាប្រទេសជាច្រើន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីការចូលរួមត្រេកអរជាមួយនិស្សិតជ័យលាភីទាំង ១៤៤រូបដែលបានទទួលអាហារូបករណ៍ទៅសិក្សាតាមបណ្ដាប្រទេសជាច្រើននាពេលនេះ ដែលនេះគឺជាជោគជ័យមួយដ៏ធំធេងក្នុងជីវិតសំរាប់និស្សិតជ័យលាភីទាំងអស់ ហើយក៏ជាឱកាសដ៏ធំក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ការស្គាល់ខ្លួនឯងបានកាន់តែច្បាស់ គឺធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារ មិត្តភ័ក្កិ និងទំនាក់ទំនងក្នុងសង្គមកាន់តែមានភាពទូលំទូលាយ និងងាយស្រួលជាងមុន។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីការប៉ះទង្គិចគ្នាដែលបង្កឡើងដោយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិ ហើយនេះគឺជាសោកនាដកម្មមួយសម្រាប់កម្ពុជា ប៉ុន្តែយើងទាំងអស់គ្នាត្រូវក្រោកឈររឹងប៉ឹងឡើង ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហើយត្រូវរៀនរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ ។
ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯងអោយបានរឹងមាំ រួមសាមគ្គីគ្នាគាំទ្រ និងបង្កើនការផលិតក្នុងស្រុក បង្កើនការធ្វើកសិកម្មប្រកបដោយភាពសំបូរបែបហើយឆ្លើយតបទៅនឹងគុណតម្លៃនៃផលិតផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដោយឡែក សំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងពីការរៀបចំដែនដី ការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើកដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា និស្សិតជ័យលាភីដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥ នេះ រួមមាន : អាហារូបករណ៍ប្រទេសរុស្ស៊ី ចំនួន ១២រូប, អាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ចំនួន ១៦រូប, អាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន ១៨រូប, អាហារូបករណ៍ JDS+MEXT ចំនួន ២៧រូប, អាហារូបករណ៍រដ្ឋាភិបាលឆេក ចំនួន ១៣រូប, អាហារូបករណ៍រដ្ឋាភិបាលបារាំង ចំនួន ១១រូប, អាហារូបករណ៍ប្រទេសអៀរឡង់ ចំនួន ៣រូប, និងអាហារូបករណ៍សាធារណរដ្ឋកូរ៉េ ចំនួន ៤៤រូប៕























វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content