ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីធ្លីទូទាំងប្រទេស ដោយកំណត់តំបន់ទៅតាមសក្ដានុពល ដូចជា តំបន់លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស ។ ការរៀបចំបែបនេះ នឹងសម្រួលដល់ការរៀបចំភូមិឋាន ជាពិសេសទាក់ទាញវិនិយោគិនចូលបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ ។
ក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងព្រះបរមរាជវាំង, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ, រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយបានធ្វើឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញក្ដីសង្ឃឹមថា ផ្ដើមចេញពីកិច្ចប្រជុំនាពេលនេះនឹងមានការឯកភាពគ្នាខ្ពស់នៅក្នុងដំណើរការនៃកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម ក៏ដូចជាការប្រើប្រាស់ដីឱ្យចំគោលដៅនៅទូទាំងប្រទេស ។

ឯកឧត្តមបានបញ្ជាក់ថា ៖
«នៅក្នុងកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម គឺត្រូវបានគូសវាសដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែអ្នកអនុវត្តគឺជាក្រសួងមហាផ្ទៃ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងអាណត្តិនេះយើងផ្ដើមសាកល្បងនូវរបត់ថ្មីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រើប្រាស់ពាក្យថា ជាសម័យកាលដែលយើងត្រូវធ្វើទំនើបកម្មរបៀប របបការងារ ការគិតគូរ និងទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចប្រជុំនាពេលនេះថា ជាឱកាសដ៏កម្រមួយដែលសមស្របសម្រាប់យើងទាំងអស់គ្នាបានមកជួបជុំជជែកពិភាក្សាគ្នា ដោយក្នុងរយៈពេល ២ឆ្នាំមុនធ្លាប់បានជជែកជាច្រើនលើកផងដែរមុននឹងឈានដល់កិច្ចប្រជុំធំលើកដំបូងរបស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិនាពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងគិតគូររៀបចំផ្នែកនយោបាយសំដៅអនុវត្តការងារមួយនេះបាន។ មានន័យថាត្រូវការកិច្ចគាំទ្រខាងនយោបាយ និងការរៀបចំរបៀបរបបការងារថ្មីលើកិច្ចការនេះ ហើយនៅក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ទាមទារឲ្យមានការជម្រះ និងដោះស្រាយនូវការងារចំនួន ៦ចំណុចផងដែរ ក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។
ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ៖
«ផ្តើមចេញពីថ្ងៃនេះ យើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗដោយប្រើប្រាស់នូវអ្វីដែលយើងមាន»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា នៅក្នុងផែនការនៃការរៀបចំប្លង់គោលប្រើប្រាស់ដីប្រកដោយប្រសិទ្ធភាពនេះ ក៏មានការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់ការរៀបចំលំហសាធារណៈ, ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ ៕














វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content