បច្ចុប្បន្ន Baby Shark បានក្លាយទៅជាវីដេអូដែលពេញនិយមបំផុតរបស់ពិភពលោកដោយមានអ្នកចូលទស្សនាដល់ទៅ១៦ពាន់លានដង ហើយក៏ធ្លាប់ជាប់ឈ្មោះជាវីដេអូដែលមានគេទស្សនាច្រើនបំផុតលើបណ្តាញយូធូបផងដែរ។
ប្រភពដើមនៃវីដេអូឃ្លីបដែលមានរយៈពេល ៩០វិនាទីមួយនេះ ត្រូវបានផលិតឡើងដោយបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ឈ្មោះ Kim Min-seok ជ្រកក្រោមអាជីវកម្មមួយដែលមានឈ្មោះ Pinkfong និងបានសម្រេចចិត្តបង្ហោះជាសាធារណៈកាលពីអំឡុងឆ្នាំ២០១៦ ដោយលោកមិននឹកស្មានថា តាមរយៈវីដេអូនេះអាចកែប្រែជីវិត និងអាជីវកម្មរបស់លោកឱ្យរីកចម្រើន ក្លាយជាក្រុមហ៊ុនដែលមានតម្លៃរហូតដល់៤០០លានដុល្លារនោះទេ។

លោក Kim Min-seok ជាប្រធានប្រតិបត្តិក្រុមហ៊ុន Pinkfong ដែលមានទីតាំងនៅទីក្រុង សេអ៊ូល បានប្រាប់ទូរទស្សន៍ BBC ថា ៖
«កាលពីដំបូង ពួកយើងមិនបានរំពឹងទុកទេថា វីដេអូរបស់យើងបានក្លាយទៅជាវីដេអូដែលលេចធ្លោនៅលើ Youtube នោះទេ ប៉ុន្តែបើយើងត្រឡប់ទៅមើលអតីតកាលឡើងវិញ យើងជឿជាក់ថា Baby Shark គឺជាចំណុចផ្លាស់ប្តូរជីវិតអាជីវកម្មរបស់យើងទាំងស្រុង ពោលគឺទៅដល់កម្រិតពិភពលោក»។
គិតត្រឹមកណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Pinkfong ដែលបង្កើត Baby Shark បានចូលទៅទីផ្សារភាគហ៊ុនក្នុងប្រទេសកូរ៉េជាលើកដំបូងជាមួយនឹងភាគហ៊ុនទទួលបានកំណើនភ្លាមៗ ចំនួន ៩ភាគរយ ដែលធ្វើឲ្យតម្លៃនៅក្នុងទីផ្សារហ៊ុនរបស់ខ្លួនឡើងទៅដល់ ៤០០លានដុល្លារ។
សូមរំលឹកដែរថា Pinkfong កាលពីដំបូងឡើយមានឈ្មោះ SmartStudy និងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ក្នុងគោលដៅផលិតវីដេអូឌីជីថលខ្លីៗសម្រាប់អតិថិជនដែលជាកុមារតូចៗមានអាយុតិចជាង១២ឆ្នាំ។ គ្រានោះក្រុមហ៊ុនមានសមាជិកធ្វើការងារតែ៣នាក់ប៉ុណ្ណោះ ដោយក្នុងនោះ លោក Kim និងលោក Dongwoo Son ដែលសហស្ថាបនិកគឺជាប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យា។ ដោយឡែកបច្ចុប្បន្ននេះ កំណើនបុគ្គលិកបានឡើងទៅដល់ជាង ៣៤០នាក់ ធ្វើការនៅទីក្រុងសេអ៊ូល, តូក្យូ, សៀងហៃ និងឡូសអេញជឺឡេស បន្ទាប់ពីក្រុមហ៊ុនបានសម្រេចចិត្តប្តូរឈ្មោះមកជា Pinkfong វិញកាលពីឆ្នាំ២០២២៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content