បារាំងត្រូវបានគេចាត់ទុកថាជាតួអង្គដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាក់ស្តែងប្រទេសនេះបាន កំពុងបន្តអនុវត្តគោលការណ៍ច្បាប់ថ្មីៗជាច្រើនរួចមកហើយ ខណៈដែលកាលពីពេលកន្លងទៅនេះ ខ្លួនក៏ធ្លាប់បានចេញបំរាមលុបចោលនូវការប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងចំពោះការវេចខ្ចប់ផលិតផលបន្លែ និងផ្លែឈើ ព្រមទាំងទុយោប្លាស្ទិក កែវប្លាស្ទិក ឧបករណ៍ប្រើប្រាស់តាមចង្ក្រានបាយ ព្រមទាំងប្រអប់សម្រាប់ទុកដាក់ទំនិញដឹកជញ្ជូនផងដែរ។
ដោយឡែក ចូលមកដល់ឆ្នាំ២០២៣នេះ បារាំងទើបតែបានប្រកាសអនុវត្តគោលការណ៍ច្បាប់ថ្មីមួយទាំងដែលបណ្តារដ្ឋាភិបាលនៃប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបនៅមិនទាន់បានឃើញសំណើនៅឡើយ ដែលនោះគឺជាច្បាប់នៃការហាមប្រាមមិនឲ្យមានការប្រើប្រាស់ជើងហោះហើរក្នុងស្រុកដែលមានចម្ងាយជិតៗ ឬយើងហៅថា Short Domestic Flights។
ជើងហោះហើរចម្ងាយជិតៗត្រូវបានបារាំងកំណត់ថា ជាជើងហោះហើរទាំងឡាយណាដែលគេអាចប្រើប្រាស់ការធ្វើដំណើរតាមរយៈរថភ្លើង ឬរថយន្តក្រុងជំនួសបាន ហើយវាចំណាយពេលតិចជាង ២,៥ម៉ោង ដែលតាមផែនការគោលការណ៍ច្បាប់នេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣នេះតែម្ដង។
ក្រោយការអនុម័តច្បាប់ថ្មីគេអាចមើលឃើញថា ជើងហោះហើរដ៏សំខាន់ចំនួន៣ត្រូវបានបិទប្រតិបត្តិការទាំងស្រុង គឺការហោះហើររវាងទីក្រុង Paris និងទីក្រុង Lyon, រវាងទីក្រុង Paris និងទីក្រុង Bordeaux និងរវាងទីក្រុង Paris និងទីក្រុង Nantes ហើយដាក់ក្ដីរំពឹងទុកថានៅ នៅពេលកិច្ចការងារកែលម្អប្រព័ន្ធធ្វើដំណើរតាមខ្សែរថភ្លើងកាន់តែប្រសើរនោះធ្វើអាចកាត់បន្ថយជើងហោះហើរជាបន្តបន្ទាប់ទៀតក្រោមការអនុវត្តច្បាប់នេះដូចគ្នាដែរ។
គួរឲ្យដឹងដែរថា បំរាមដ៏ថ្មីស្រឡាងនេះត្រូវបានបង្ហាញសំណើដំបូងជូនពលរដ្ឋបារាំងតាំងពីឆ្នាំ២០២១មកម្ល៉េះ ដោយជាលទ្ធផលមានអាកាសយានដ្ឋានមួយចំនួនតូចប៉ុណ្ណោះដែលធ្លាប់បានសាកល្បងកិច្ចការងារនេះ ប៉ុន្តែមកដល់ពេលនេះច្បាប់ថ្មីមួយនេះត្រូវបានអនុម័តជាផ្លូវការដោយគណកម្មការអឺរ៉ុបទៀតផងដែលមានន័យថា បារាំងគឺជាប្រទេសដំបូងគេក្នុងការអនុវត្ត ហើយនាពេលខាងមុខបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបក៏នឹងចាំបាច់ធ្វើការហាមប្រាមដូចគ្នា៕