បរទេស ៖ តាមរយៈការស្រាវជ្រាវចុងក្រោយរបស់ Weforum ទៅលើការប្រើប្រាស់ Generative AI ចំនួន ៦៣ ករណី គេបានប៉ាន់ប្រមាណថា Generative AI អាចរកចំណូលបន្ថែមដល់សេដ្ឋកិច្ចពិភពលោកពីចន្លោះ ២,៦ ទ្រីលានដុល្លារទៅដល់ ៤,៤ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបង្កើនឥទ្ធិពលនៃ AI ទាំងអស់ពី ១៥ ទៅ ៤០ ភាគរយ។ លើសពីនេះ ប្រហែល ៧៥ ភាគរយនៃការប្រើប្រាស់ Generative AI មានឥទ្ធិពលលើផ្នែកចំនួន ៤ រួមមាន ប្រតិបត្តិការផ្នែកសេវាកម្មអតិថិជន, ទីផ្សារ និងការលក់, វិស្វកម្មផ្នែក software, និង R&D ។
តាមរយៈផ្នែកទាំង៤ខាងលើនេះ Generative AI អាចដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្ម ការជំរុញនូវអន្តរកម្មជាមួយអតិថិជន បង្កើតយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារ និងការលក់ និងការសរសេរកូដកុំព្យូទ័រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Generative AI នឹងមានឥទ្ធិពលយ៉ាងសំខាន់ស្ទើរគ្រប់វិស័យដូចជា វិស័យធនាគារ បច្ចេកវិទ្យាកម្រិតខ្ពស់ និងវិទ្យាសាស្ត្រជីវិតគឺស្ថិតក្នុងចំណោមវិស័យដែលអាចរកចំណូលបានច្រើនបំផុតពីវា ខណៈដែលនៅទូទាំងវិស័យធនាគារ បច្ចេកវិទ្យាអាចរកចំណូលបន្ថែមចន្លោះពី ២០០ ពាន់លានដុល្លារទៅ ៣៤០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ប្រសិនបើករណីប្រើប្រាស់ Generative AI ត្រូវបានអនុវត្តពេញលេញ។ នៅក្នុងផ្នែកការលក់រាយ និងទំនិញវេចខ្ចប់ប្រើប្រាស់ ចំណូលបន្ថែមចន្លោះពី ៤០០ ពាន់លានដុល្លារទៅ ៦៦០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនេះដែរ Generative AI មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យការងារផងដែរ ដោយបន្ថែមស្វ័យប្រវត្តិកម្មមួយចំនួនដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ និង ធ្ចើឲ្យពួកគេចំណេញពេលវេលាពី ៦០ ទៅ ៧០ភាគរយ។ គេប៉ាន់ប្រមាណថាពាក់កណ្តាលនៃសកម្មភាពការងារថ្ងៃនេះអាចដំណើរការដោយស្វ័យប្រវត្តិនៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៦០។ Generative AI អាចបង្កើនផលិតភាពការងារយ៉ាងច្រើននៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែវានឹងត្រូវការការវិនិយោគខ្លាំងដើម្បីជួយដល់មនុស្ស នៅពេលពួកគេផ្លាស់ប្តូរសកម្មភាពការងារ។
លើសពីនេះ Generative AI នឹងជំរុញឲ្យមានកំណើនផលិតភាពការងារពី ០,១ ភាគរយទៅ ០,៦ ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៤០ អាស្រ័យលើអត្រានៃការទទួលយកបច្ចេកវិទ្យា និងការដាក់ឱ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សត្រូវការចាំបាច់រៀនជំនាញថ្មីៗដើម្បីសម្របខ្លួនទៅនឹងការទទួលយកបច្ចេកវិទ្យា។ ប្រសិនបើការផ្លាស់ប្តូរសកម្មភាពការងាររបស់មនុស្ស និងហានិភ័យផ្សេងទៀតអាចត្រូវបានគ្រប់គ្រងត្រឹមត្រូវនោះ Generative AI នឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់និរន្តរភាពរបស់ពិភពលោកឲ្យមានការរួមបញ្ចូលកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា Generative AI ឬ AI ជំនាន់ថ្មី សំដៅលើកម្មវិធីឆ្លាតវៃដែលប្រើប្រាស់ machine learning ដើម្បីបង្កើតមាតិកាផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានដូចជា ៖ អត្ថបទ រូបភាព សម្លេង Audio និង ការសំយោគទិន្នន័យ។ ម៉ូដែលនៃ Generative AI សិក្សាពីគំរូ និងរចនាសម្ព័ន្ធនៃទិន្នន័យបណ្តុះបណ្តាលដោយអនុវត្តបច្ចេកទេសនៃ machine learning ហើយបន្ទាប់មកបង្កើតទិន្នន័យថ្មីដែលមានលក្ខណៈស្រដៀងគ្នា។ ប្រព័ន្ធនៃ Generative AI ដែលគួរឱ្យកត់សម្គាល់រួមមាន ChatGPT និង BingChat ដែលជា chatbot បង្កើតឡើងដោយ OpenAI និង Bard ដែលជា chatbot បង្កើតឡើងដោយ Google រួមទាំងម៉ូដែល AI ជំនាន់ថ្មីផ្សេងទៀតដូចជា Stable Diffusion, Midjourney, និង DALL-E៕