កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែលបានឈានទៅដល់ការអនុម័តក្នុងការបញ្ជាទិញយន្តចម្បាំង F-35 កញ្ចប់ទី៣ ពីអាមេរិកដែលគិតជាទឹកប្រាក់ប្រមាណជាង ៣ ០០០លានដុល្លារ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអ៊ែលបានបញ្ជាក់ទៀតថាការបញ្ជាទិញលើកនេះមានចំនួនប្រមាណជា ២៥គ្រឿងដែលជាយន្តហោះផលិតដោយក្រុមហ៊ុន Lockheed Martin និងបានធ្វើឲ្យកងកម្លាំងទ័ពអាកាសអ៊ីស្រាអ៊ែលមានយន្តហោះចម្បាំងប្រភេទនេះសរុបដល់ទៅ៧៥គ្រឿង។
អ៊ីស្រាអ៊ែលត្រូវបានគេចាត់ទុកថាជាអតិថិជនក្រៅសហរដ្ឋអាមេរិកដំបូងគេដែលអាចបញ្ជាទិញបានយន្តហោះចម្បាំង F-35 ទាំងនេះហើយក៏ជាប្រទេសដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះនៅក្នុងសមរភូមិប្រយុទ្ធទាំងឡាយផងដែរ។
ក្រៅពីនោះផងដែរតាមផែនការអ៊ីស្រាអ៊ែលនឹងអាចក្លាយទៅជាដៃគូក្នុងការចូលរួមផលិតកម្មផលិតយន្តហោះចម្បាំងដ៏ទំនើបនេះផងដែរក្រោយការប្រកាសបើកភ្លើងខៀវពីសំណាក់ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនអ្នកផលិតម៉ាស៊ីនយន្តហោះ Pratt&Whitney។
គួរឲ្យដឹងដែរថា យន្តហោះចម្បាំង F-35 ធ្លាប់បានបង្ហាញខ្លួនដំបូងកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០០៦ជាមួយនឹងម៉ូដេលដំបូងដែលមានឈ្មោះថា F-35A និងបន្ទាប់មកការបង្ហាញខ្លួនរបស់ម៉ូដេលបន្ទាប់ F-35B នៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៥ ក្រោយមកម៉ូដេល F-35C នៅឆ្នាំ២០១៩ហើយសរុបចំនួនយន្តហោះដែលបានផលិតសរុបគិតមកត្រឹមឆ្នាំ២០២៣នេះមានប្រមាណជាង ៩៣០គ្រឿងដែលយន្តហោះនីមួយៗមានតម្លៃចាប់ពី ៧៥លានដុល្លារ ឬ ៨០លានដុល្លារឡើងទៅ៕