សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅថ្ងៃខាងមុខក្រសួង នឹងរៀបចំស្ដង់ដារ សម្រាប់ផលិតផលជលផលកែច្នៃ និងផលិតផលកសិកម្មផ្សេងៗទៀត ក្នុងនេះមានដូចជា បន្លែ ផ្លែឈើ និងស្រូវ អង្ករ ជាដើម ដើម្បីបង្កើនស្តង់ដារ គុណភាពផលិតផលក្នុងវិស័យកសិកម្មសម្រាប់ប្រជែងលើទីផ្សារទាំងក្នុង និងក្រៅប្រទេស ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការរៀបចំឱ្យមានបន្ថែម និងបន្តបន្ទាប់នៃការអនុវត្តស្តង់ដារបស់ក្រសួងកសិកម្មនេះ ធ្វើឡើងដើម្បីធានានូវសុវត្ថិភាពចំណីអាហារ ជាពិសេស ដើម្បីប្រកួតប្រជែងទីផ្សារតែម្តង។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានដាក់ឱ្យអនុវត្តស្ដង់ដារគុណភាព ផលិតផលជលផលកម្ពុជា (CQS) ដែលជាស្តង់ដារមួយកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ និងមានការចូលរួមកាន់តែច្រើនឡើងពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជាសិប្បកម្មក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានថ្លែងថា វិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា (CQS) បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់សហគ្រាសកែច្នៃ ខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយថ្លៃដើមជំរុញការកែច្នៃផលិតផល ឱ្យមានគុណភាពខ្ពស់ ប្រកបដោយស្ដង់ដារ បច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដង ជាងផលិតផលកែច្នៃធម្មតា។
ជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា ៖
« វិញ្ញាបនបត្រនិមិត្តសញ្ញា គុណភាពផលិតផល ជលផលកម្ពុជា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ដល់សុខមាលភាពរបស់អ្នកបរិភោគ។ ប្រព័ន្ធមួយនេះ ជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យសហគ្រាសកែច្នៃផលិតផល ដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថា មិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយដល់សុខភាពអ្នកបរិភោគជាដើម»។
លោកជំទាវ បានថ្លែងបន្តថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល ។ ករណីនេះរដ្ឋបាលជលផលបានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ជាក់ស្តែង ម្ចាស់សិប្បកម្មត្រីមួយកន្លែង ឈ្មោះ យន់ សំណាង រស់នៅភូមិអារញ្ញ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានវិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)ដែលជាមធ្យោបាយមួយលោកអាចរកទីផ្សារបានងាយស្រួលជាងមុន។
លោក យន់ សំណាង បានប្រាប់ថា ៖ នាពេលបច្ចុប្បន្ននេះលោកអាចលក់ត្រីបានក្នុងមួយខែប្រមាណ ២តោន ហើយទទួលបានប្រាក់ចំណេញចាប់ពី ៣ ទៅ ៤ពាន់ដុល្លារ ក្នុងមួយខែ ដោយសិប្បកម្មលោកមានបុគ្គលិកធ្វើការចំនួនជាង ១០នាក់។ សម្រាប់ផលិតផលចម្បងរបស់សិប្បកម្ម បានប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន៖ ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម ដោយមានតម្លៃចាប់ពី ៦ទៅ១៥ដុល្លារ ក្នុងមួយគីឡូក្រាម។
លោក យន់ សំណាង បានប្រាប់ថា ៖
« បច្ចុប្បន្នខ្ញុំមានផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេសក្នុងនេះដូចជាត្រូវបានឈ្មួញកណ្ដាល នាំចេញក្រៅផ្លូវការ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្ត្រាលី ដែលមានសហគមន៍ ជនជាតិខ្មែរកំពុងរស់នៅជាដើម»។
លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិ នៃគម្រោង CAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា ការនាំផលិតផលចេញទៅសហគមន៍អឺរ៉ុប ពិតជាលំបាក និងត្រូវការភាពលម្អិតលម្អន់ច្រើន។ ភាគីពាក់ព័ន្ធ ក្នុងការជួយដល់សិប្បកម្ម និងសហគ្រាសក្នុងការបញ្ជូនទៅលក់កាន់ទីផ្សារអឺរ៉ុប ភាគច្រើន មានអ្នកជំនាញ មកពីអង្គការយូនីដូ និងរដ្ឋបាលជលផល។
លោក ថោង រ៉ា បានឱ្យដឹងដែរថា បច្ចុប្បន្ន សហគ្រាស ដែលទទួលបាន វិញ្ញាបនបត្រ CQS នៅកម្ពុជានេះ មានចំនួន ៨ ក្រុមហ៊ុន ក្នុងនេះមាន ៤ បានពេញលេញ និង ៤ ទៀត មូលដ្ឋាន។ សម្រាប់ ៤ ដែលទទួលបានវិញ្ញាបនបត្រ CQS ពេញលេញ មានសហគ្រាសផលិតទឹកត្រី ២ នៅភ្នំពេញ ១កន្លែង និងអរិយក្សត្រ ១កន្លែង និងសិប្បកម្មផលិតត្រីងៀត នៅសៀមរាបចំនួន២កន្លែង៕