គិតចាប់ពីឆ្នាំ១៨៨០មក ទីភ្នាក់ងារស្រាវជ្រាវមហាសមុទ្រ និងបរិយាកាសរបស់អាមេរិក National Oceanic and Atmospheric Administration(NOAA)បានរកឃើញថា កម្រិតកើនឡើងនៃទឹកសមុទ្រមានទៅដល់ពី ៨ ឬ ៩ អ៊ិញ ដែលក្នុងនោះមួយភាគបីនៃការកើនឡើងកម្រិតទឹកសមុទ្រនេះគឺធ្វើឡើងនៅក្នុងរយៈពេលត្រឹមតែ២៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលកើតឡើងដោយសារតែកម្រិតទឹកសមុទ្រនេះ ទីភ្នាក់ងារ Habitat ទទួលបន្ទុកកម្មវិធីកិច្ចការងារតាំងលំនៅរបស់មនុស្សសហការជាមួយនឹងទីក្រុង Busan របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនបច្ចេកវិទ្យា OCEANIX បានជោគជ័យក្នុងការឌីសាញបានជាគំរូទីក្រុងថ្មីមួយដែលប្រកបដោយនិរន្តភាពចំពោះការរស់នៅ និងចំពោះបរិស្ថាន ជាពិសេស គឺជាទីក្រុងបណ្តែតទឹកដ៏ទាក់ទាញទៀតផង។

ទីក្រុងបណ្តែតទឹកបែបបៃតងនេះត្រូវបានក្រុមការងារផ្តល់ឈ្មោះថា OCEANIX Busan ។ វាជាទីក្រុងដែលពោរពេញទៅដោយមុខងារ និងបច្ចេកវិទ្យាទំនើបបំផុត ស័ក្ដិសមជាទីក្រុងក្បែរសមុទ្រដែលកំពុងប្រឈមទៅនឹងបញ្ហាកង្វះខាតដី និងរងការគំរាមកំហែងខ្លាំងដោយបម្រែបម្រួលអាកាសធាតុ។
OCEANIX Busan ត្រូវបានចាត់ទុកថាជាគំរូទីក្រុងបណ្តែតទឹកប្រកបដោយនិរន្តភាពដំបូងបំផុតរបស់ពិភពលោក ហើយវាមានសមត្ថភាពដ៏ពិសេសក្នុងការគេចចេញពីទឹកជំនន់គ្រប់រូបភាពទាំងទឹកជំនន់ដោយទឹកសមុទ្រ និងជំនន់ដោយទឹកភ្លៀង មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាទីក្រុងដែលអាចធ្វើការផ្គត់ផ្គង់ចំណីអាហារ និងថាមពលប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសទឹកស្អាតយ៉ាងហូរហៀរ។

ដោយឡែក សម្រាប់ប្រព័ន្ធដំណើរការសំខាន់ៗចំនួន៦ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងដោយក្នុងនោះរួមមានដូចជាប្រព័ន្ធកែច្នៃកាកសំណល់ ប្រព័ន្ធសំអាតកាកសំណល់ ប្រព័ន្ធកែច្នៃទឹកស្អាត និងអាហារ ប្រព័ន្ធផលិតថាមពលស្អាតសម្រាប់បរិយាកាស ប្រព័ន្ធធ្វើការចល័ត ព្រមទាំងការធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្សតាមតំបន់ឆ្នេរ។
OCEANIX Busan ដែលជាសហគមន៍រស់នៅប្រកបដោយនិរន្តភាព និងរឹងម៉ាំចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុមួយនេះត្រូវបានគេឌីហ្សាញដំបូងជាមួយនឹងលទ្ធភាពក្នុងការផ្ទុកពលរដ្ឋរស់នៅបានប្រមាណជា ១២ ០០០នាក់លើផ្ទៃក្រឡាសរុប ៦,៣ហិកតា ហើយអាចពង្រីកឲ្យកាន់តែធំជាងនេះប្រហែលជា៧ដង។ លោក Philipp Hofmann ប្រធានប្រតិបត្តិរបស់ OCEANIX បានបញ្ជាក់ថា ៖
“ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បណ្តាអ្នករស់នៅទីក្រុងឆ្នេរសមុទ្រទាំងអស់ និងប្រទេសកោះចំពោះដំណោះស្រាយនៃបញ្ហាប្រែប្រួលអាកាសធាតុ។ យើងកំពុងដំណើរការការងារដើម្បីអាចកសាង OCEANIX Busan ឲ្យបាន ដើម្បីអះអាងថា ហេដ្ឋារចនាសម្ព័ន្ធបណ្តែតទឹកគឺពិតជាអាចបង្កើតដីថ្មីសម្រាប់បណ្តាទីក្រុងឆ្នេរសមុទ្រដែលកំពុងស្វែងរកមធ្យោបាយប្រកបដោយនិរន្តរភាព ខណៈបច្ចុប្បន្នក៏កំពុងសម្របខ្លួនទៅនឹងការកើនឡើងកម្រិតទឹកសមុទ្រ៕”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content