ផ្សារកសិផលខ្មែរ ជាអាជីវកម្មកំពុងពេញនិយម ជាពិសេសនៅទីក្រុងដែលជាកន្លែងមានលក់កសិផលក្នុងស្រុក មានប្រភពមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេសដែលជារបស់ធម្មជាតិពិតប្រាកដ។ ក្នុងនោះ បើគ្រាន់តែបើកលក់ផលិតផល កសិផល ដូចជាបន្លែ ផ្លែឈើ ដូចគេដូចឯងវាមិនមានអ្វីដែលជាទីចាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញ អាជីវករវ័យឆ្លាតត្រូវមានចំណុចសំខាន់ៗល្អប្លែកពីគេទើបទាក់ចិត្តអតិថិជនបាន។
តួយ៉ាង អ្នកស្រី ស្រីអូន ជាម្ចាស់ហាង ស្រីអូន កសិផលខ្មែរ មានទីតាំងនៅសង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ បានរៀបរាប់ថា៖
«សម្រាប់អាជីវកម្ម ពិសេសការលក់បន្លែ ផ្លែឈើ ត្រីសាច់ផ្ទាល់តែម្ដង យើងត្រូវចេះរៀបចំមិនថា ទីតាំង ការវេចខ្ចប់ ការរក្សាទុក និងការកែច្នៃផលិតផលឱ្យត្រូវតាមតម្រូវការភ្ញៀវ ទើបអាចរក្សាម៉ូយរបស់យើងបាន។ តួយ៉ាងការរៀបចំ តុបតែងលម្អហាង យើងត្រូវរៀបថ្នាក់បន្លែ ត្រីសាច់ ផ្សេងៗពីគ្នា ដើម្បីបានជាសោភ័ណ្ឌភាពក្នុងហាងផង មានរបៀបរៀបរយផង ថែមទាំងងាយស្រួលសម្រាប់អតិថិជនដែលគាត់ចូលមកទិញផ្ទាល់ដល់ហាងផងដែរ ហើយទាំងនេះក៏រួមបញ្ចូលទាំងទីតាំងទុកដាក់យានជំនិះមានភាពងាយស្រួលពេលអតិថិជនចូលទិញ»។
អ្នកស្រីបន្តឱ្យដឹងថា ចំណុចសំខាន់បន្ទាប់នោះគឺការវេចខ្ចប់ មានភាពងាយស្រួល មិនថាបរិមាណ ឬចំណុះ ទៅតាមតម្រូវការតិច ឬច្រើនរបស់អតិថិជន។ ជាមួយគ្នានេះដែរ ការវេចខ្ចប់បានត្រឹមត្រូវមិនត្រឹមតែផ្ដល់ភាពងាយស្រួលប៉ុណ្ណោះទេ តែវាក៏ជួយឱ្យការរក្សាទុកកសិផលបានយូរជាងមុនផងដែរ ដូចជាការវេចខ្ចប់បន្លែពណ៌បៃតងក្នុងថង់បិទជិត ដោយមានបិទតម្លៃស្រាប់ៗ និងរក្សាទុកក្នុងទូរទឹកកក។ ជាក់ស្ដែង ដូចជាផ្លែឈើចម្រុះចិតហើយស្រាប់ៗ ទុកដាក់ក្នុងទូរផង ដាក់លក់ផងដែរ ដោយសារការធ្វើបែនេះវាមើលទៅស្អាត ទាក់ភ្នែកអ្នកទិញ ជាពិសេសសិស្ស-និស្សិតដែលរស់នៅម្នាក់ឯងងាយស្រួលទិញយកទៅទទួលទាន។ នេះជាអ្វីដែលម្ចាស់ហាងខាងលើបានលើកឡើង។
បន្ថែមពីលើនេះ អាជីវករក៏ត្រូវចេះកែច្នៃផលិតផលឱ្យមានភាពស្រស់ស្អាត ប្លែក មានអនាម័យ។ តួយ៉ាងដូចជានៅក្នុងហាងរបស់អ្នកស្រី ស្រីអូន ក៏មានអាហារកែច្នៃពីបន្លែដែរ ដូចជា ស្ពៃជ្រក់ ខ្ទឹមជ្រក់ ម្ទេសជ្រក់ ម៉ាំល្ហុង និងជ្រក់ជើងមាន់ជាដើម ដែលជាផ្នែកមួយអាចប្រើប្រាស់ផលិតផលក្នុងហាងស្រាប់ និងបង្កើតជាជម្រើសបន្ថែមសម្រាប់អតិថិជនផងដែរ។
ជារួមមក ក្នុងការធ្វើអាជីវកម្មមួយឱ្យបានជោគជ័យ និងអាចទាក់ចិត្តអតិថិជនបាន គេត្រូវគិតគូរធ្វើយ៉ាងណាបង្កភាពងាយស្រួល និងច្នៃប្រឌិតឱ្យបានជាផលិតផលថ្មី អាចរកចំណូលបន្ថែម និងអាចកាត់បន្ថយការខាតបង់ទំនិញក្នុងហាងថែមទៀតផង៕